ជាតិ
លោក ហង់ ជួន ណា​រ៉ុ​ន​៖ កំណែទម្រង់​អប់រំ​ជោគជ័យ​ដោយសារ​ការចូលរួម​ពី​ឪពុកម្តាយ អាណាព្យាបាល​
14, Jul 2018 , 9:00 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ
រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ
ដោយ:
​នៅក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​មេដាយ​ការងារ និង​ជូន​បណ្ណ​សរសើរ​ដល់​បុគ្គលិក​អប់រំ ក្នុង​ខេត្តកំពង់ចាម រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន បាន​លើកឡើងថា ការងារ​កំណែទម្រង់​ជា​វិស័យ​អប់រំ​ពិត​ជាធំ​ណាស់ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​រយៈពេល​៥​ឆ្នាំ ដែលមាន​ការចូលរួម​ពី​សិស្ស​នៅ​ទូទាំងប្រទេស​ជាង​៣​លាន​នាក់ ឪពុកម្ដាយ​ជាង​២​លាន​នាក់ និង​គ្រូ​ជាង​១​សែន​នាក់ ព្រមទាំង​មានការ​ជំរុញ​បន្ថែម​ពី​រាជរដ្ឋាភិបាល​។ លោក​បញ្ជាក់ថា​៖«​ការងារ​ក្នុង​វិស័យ​អប់រំ​មិនមែន​តែ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ធ្វើ​តែម្នាក់ឯង​ទេ តែ​វា​ពាក់ព័ន្ធ​ទៅនឹង​មនុស្ស​ជាង ៥​លាន​១​សែន​នាក់​»​។


​លោក ហង់ ជួន ណា​រ៉ុ​ន បាន​ថ្លែងបន្តថា បើ​គ្មាន​ការចូលរួម ពី​សិស្ស ឪពុកម្ដាយ អ្នកគ្រូ លោកគ្រូ ព្រមទាំង​ជំរុញ​ពី​រដ្ឋាភិបាល លើ​កំណែទម្រង់​ក្នុង​វិស័យ​អប់រំ​ទេ មិនអាច​សម្រេចបាន​ល​ទ្ធ​ផល​ល្អ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​ឡើយ​។ លោក បន្ថែមទៀតថា ការងារ​នេះដែរ ដើម្បី​រៀបចំ​ការប្រឡង​មួយ ដែល​គោរព​នូវ​គោលការណ៍​ច្បាប់ តម្លាភាព យុត្តិធម៌ និង​លទ្ធផល​ដែល​អាច​ទទួលយកបាន ហើយ​មិន​គ្រាន់តែ​ទាមទារ​ការប្ដេជ្ញាចិត្ត​ខ្ពស់​នោះទេ ក្នុងនោះដែរ​ក៏ត្រូវ​អនុវត្ត​ឱ្យបាន​ហ្មត់ចត់ ព្រម​គ្នា​ជាមួយនឹង​វិធានការ​ផងដែរ​។ 
 
​នៅក្នុង​ពិធី​ខាងលើ ដែល​ធ្វើឡើង​នៅ​ខេត្តកំពង់ចាម នា​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២១០៨ រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​លើកឡើងថា ការសម្រេចបាន​នូវ​កំណែទម្រង់​ក្នុង​វិស័យ​អប់រំ ជាមួយគ្នា​ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លងមកនេះ ជាដំបូង​កំណែ​ទៅលើ​គ្រូបង្រៀន ដែលជា​ឆ្អឹងខ្នង​នៃ​សង្គមជាតិ​។ លោក សង្កត់ធ្ងន់ថា​៖«​បើ​គ្មាន​គ្រូបង្រៀន​ទេ គឺ​គ្មាន​ឡើយ​ធនធានមនុស្ស ដូច្នេះ​ធនធានមនុស្ស​ពិតជា​សំខាន់​ណាស់​»​។ 
 
​លោក និយាយទៀតថា ប្រទេស​ដែលមាន​ធនធានមនុស្ស មានគុណ​ភាព​ទើប​អាច​ក្លាយជា​ប្រទេស​អភិវឌ្ឍ ផ្ទុយ​មកវិញ បើ​មានតែ​ធនធានធម្មជាតិ ហើយ​គ្មាន​ធនធានមនុស្ស​ក៏​គ្មាន​ការអភិវឌ្ឍ​ដែរ​។ ដូច្នេះ គោលដៅ​នៃ​ការធ្វើកំណែទម្រង់​វិស័យ​អប់រំ​នេះ ដោយ​ធ្វើ​យ៉ាង​ឱ្យ​កម្ពុ​ជាមាន​ធនធានមនុស្ស​ពូកែ ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​។​
​សំឡេង លោក ហង់ ជួន ណា​រ៉ុ​ន​៖


 

«​លោកគ្រូ អ្នកគ្រូ មិន​ត្រឹមតែ​ជា​វិស្វករ​នៃ​ព្រលឹង​ប៉ុណ្ណោះ​ទេ តែ​ជា​អ្នកកំណត់​អនាគត​នៃ​ប្រទេសជាតិ​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​រដ្ឋមន្ត្រីក្រសួង​អប់រំ ហើយ​បាន​បន្តថា បើ​ការអប់រំ​នៅ​កម្ពុជា​ខ្លាំង ប្រទេស​ក៏​ខ្លាំង​តាម​ទៅនឹង​ផងដែរ ប៉ុន្តែ​បើ​ការអប់រំ​នៅមានកម្រិត​នោះ​ប្រទេសជាតិ​មិនអាច​ខ្លាំង​បានទេ​។ ដូច្នេះ​ការធ្វើកំណែទម្រង់​វិស័យ​អប់រំ​ជាការ​លើកស្ទួយ​កិត្តិយស និង​តួនាទី​របស់​គ្រូបង្រៀន​នៅក្នុង​សង្គមជាតិ​។​
​លោក ហង់ ជួន ណា​រ៉ុ​ន បានបញ្ជាក់​ចុងក្រោយ​ថា រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​៤ ដោយ​យក​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ជា​វិស័យ​អាទិភាព​៕

Tag:
 អប់រំ​
 ​ហង់ ជួន ណា​រ៉ុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com