ព័ត៌មានមិនពិត ព័ត៌មានកុហក ព័ត៌មានបោកប្រាស់ ឬ «Fake News» បានជះឥទ្ធិពលយ៉ាងខ្លាំងក្នុងសង្គមឥណ្ឌា។ ត្រឹមតែរយៈពេល២ខែប៉ុណ្ណោះ មនុស្សរហូតដល់ទៅ២០នាក់ ត្រូវបានវាយសម្លាប់តាមផ្លូវ ដោយសារតែការចែកចាយ Fake News តៗគ្នា ជាពិសេសតាមបណ្តាញសង្គម WhatsApp។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
កាលពីឆ្នាំមុន មនុស្សរហូតដល់៦នាក់ ត្រូវបានវាយសម្លាប់តាមផ្លូវក្នុងរដ្ឋ Jharkhand ប្រទេសឥណ្ឌា បន្ទាប់ពីពួកគេរងការចោទប្រកាន់តាមរយៈការផ្សាយព័ត៌មានមិនពិតមួយ ដែលថាពួក គេបានបៀតបៀនកុមារ។
ក្រោយមកទៀត វីដេអូមួយ បានបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម WhatsApp ដែលមានអ្នកប្រើប្រាស់ប្រមាណ២០០លាននាក់នៅឥណ្ឌា និងមានការចែកចាយរាប់លានដងក្នុង១ថ្ងៃ។ ក្នុងវីដេអូនោះ គេសរសេរថា កុមារឥណ្ឌាត្រូវបានសម្លាប់ដោយជនពាលមួយក្រុម ប៉ុន្តែតាមពិតវាជាវីដេអូ ដែលទាក់ទងនឹងកុមារស៊ីរី ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយកាលពី៥ឆ្នាំកន្លងទៅ។
រយៈពេល២ខែចុងក្រោយនេះ មនុស្សយ៉ាងហោចណាស់២០នាក់ត្រូវសម្លាប់ ដោយពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទកុមារ និងនារី។ ប៉ុន្តែករណីទាំងនោះសុទ្ធតែកើតឡើងដោយសារតែការចែកចាយព័ត៌មានមិនពិត។ អ្នករងគ្រោះភាគច្រើន ជាជនដែលគ្មានផ្ទះសម្បែង និងក្រុមមនុស្សដែលចូលចិត្តទៅលេងនៅតំបន់ដែលមានបញ្ហា។
ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនេះ បានធ្វើឲ្យមានការចោទសួរជាច្រើនទាក់ទងកង្វះសមត្ថភាពរបស់អាជ្ញាធរដែនដី កងកម្លាំងប៉ូលិស ក៏ដូចជាបណ្តាញសង្គមផ្ទាល់។ រាល់បញ្ហាកើតឡើង ប៉ូលិសមិនសូវអន្តរាគមន៍ជួយបានទាន់ពេលវេលានោះឡើយ ជាពិសេសការបំបែកហ្វូងមនុស្សដែលកំពុងមានការខឹងសម្បារ។
រដ្ឋមួយចំនួននៅឥណ្ឌា បានសម្រេចបិទប្រព័ន្ធបណ្តាញសង្គម ដោយចោទពលរដ្ឋមួយចំនួនខ្វះការទទួលខុសត្រូវ និងចែកចាយព័ត៌មានមិនពិត ដោយគ្មានការពិចារណា។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរនៅតែរងការស្តីបន្ទោស ព្រោះតែចំណាត់ការយឺតយ៉ាវ និងកង្វះការអប់រំដល់ប្រជាពលរដ្ឋ។
បណ្តាញសង្គមហ្វេសប៊ុក ក៏ធ្លាប់បានលើកឡើងផងដែរថា ពួកគេធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមអ្នកស្រាវជ្រាវឥណ្ឌា ដើម្បីចូលរួមកាត់បន្ថយការចែកចាយព័ត៌មានមិនពិត ជាពិសេសតាមបណ្តាញសង្គម WhatsApp និងហ្វេសប៊ុកផ្ទាល់។
ជនរងគ្រោះជាច្រើនដែលត្រូវបានសម្លាប់ដោយសារព័ត៌មានមិនពិតនោះ ពាក់ព័ន្ធនឹងការរំលោភ ការរើសអើងជាតិសាសន៍ និងសាសនា។ អ្នកកាន់សាសនាមូស្លីមមួយចំនួនក៏បានរងគ្រោះផងដែរ ក្រោយមានការចែកចាយព័ត៌មានមិនពិតថា ពួកគេបានសម្លាប់ និងបរិភោគសត្វគោ ដែលជាសត្វសក្ការៈរបស់អ្នកកាន់សាសនាហិណ្ឌូ៕