ជាតិ
សិប្បកម្ម​ផលិត​ទឹកត្រី​បែប​បុរាណ​មួយកន្លែង​ជះក្លិន​ទាក់ទាញ​អ្នកដំណើរ​ដែល​ឆ្លងកាត់​
14, Jul 2018 , 10:00 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ទឹកត្រី ជា​អាហារ​មួយ​ប្រភេទ​សម្រាប់​ទទួលទាន​ជាប្រចាំ​ថ្ងៃ ដូចជា​ជ្រលក់​ត្រី បន្ថែម​រសជាតិ​ក្នុង​សម្ល ឆា​។​ល​។ ចាស់ៗ​នៅ​សម័យ​ដើម តែង​ចម្អិន ឬ​រំងាស់​ទឹកត្រី​ដោយ​ខ្លួនឯង ព្រោះថា ទឹកត្រី​ដែល​ចម្អិន​ដោយ​ផ្ទាល់ដៃ​នេះ​មាន​រសជាតិ​ឆ្ងាញ់ និង​អាច​កំណត់​រសជាតិ​តាម​ចំណង់​ចំណូលចិត្ត​ពួកគាត់​ផងដែរ​។ ទឹកត្រី​ដែល​ចាស់ៗ​ធ្លាប់​ចម្អិន​នោះ គឺ​ប្រើប្រាស់​ស្ករត្នោត ដើម្បី​ឱ្យបាន​ពណ៌​ក្រហម​។ បច្ចុប្បន្ន លំហូរ​នៃ​ទឹកត្រី​ពី​ប្រទេសជិតខាង ឬ​ការផលិត​នៅ​រោង​សិប្បកម្ម​ក្នុងស្រុក​ខ្លះ ទឹកត្រី​ភាគច្រើន​មិនមាន​ពណ៌​ក្រហម​ឡើយ ព្រោះថា គេ​បាន​ប្រើ​ស្ករស​ជំនួស​ស្ករត្នោត ឯ​រសជាតិ​ក៏​មិន​ដូចគ្នា​ដែរ​។

 
​ធ្លាប់តែ​ឃើញ​រោង​សិប្បកម្ម​ដែល​ផលិត​ទឹកត្រី​បែប​ថ្មី គឺមាន​ពណ៌​ស​ថ្លា តែ​អ្នកភូមិ​ពោធិ៍​ក្រោម សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ចំនួន​៣​គ្រួសារ មាន​របរ​ផលិត​ទឹកត្រី​បែប​បុរាណ​នេះ​នៅឡើយ​។ ទោះ​មិនសូវមាន​អ្នក​ស្គាល់​ច្រើន​ក៏ពិតមែន តែ​អ្នកភូមិ​ទាំងនោះ​ស្គាល់​ច្បាស់​នូវ​កន្លែង​ផលិត​ទឹកត្រី​ខ្មែរ​ទាំងនោះ ហើយ​វា​ក៏បាន​ចរាចរណ៍​លក់​ទៅតាម​ទីផ្សារ​ច្រើន​ផងដែរ​។​
 

 
​គ្រួសារ​របស់លោក​ស្រី ស៊ីថា មានមុខ​របរ​ផលិត​ទឹកត្រី​បែប​បុរាណ​នេះ​ជាង ៣០​ឆ្នាំ​មកហើយ គឺ​ជំនាន់​ម្ដាយ​លោកស្រី​នៅ​ក្មេងៗ​មក​ម្លេះ​។ ក្នុង​មួយថ្ងៃ លោកស្រី​ត្រូវ​រំងាស់​ទឹកត្រី​ចំនួន ៣​ខ្ទះ​ធំ ដែលមាន​ចំណុះ​ប្រមាណ​១០០​លីត្រ​។ លោកស្រី​ថា ក្នុង​ទឹកត្រី​មួយ​ខ្ទះ​គេ​ត្រូវ​រំងាស់​រយៈពេល​៤​ម៉ោង​។ 
 
​ទឹកត្រី​របស់លោក​ស្រី ស៊ីថា ត្រូវបាន​បោះ​ទៅ​ម៉ូយ​នៅតាម​ទីផ្សារ និង​ផ្ទះ​មួយចំនួន ដែល​និយម​ហូប​ទឹកត្រី​។ ទោះ​មានឈ្មោះ​ជា​ទឹកត្រី​មាន​រសជាតិ​ឆ្ងាញ់​បែបណា​ក្ដី ទឹកត្រី​របស់លោក​ស្រី ស៊ីថា ពុំមាន​ឈ្មោះ​យីហោ​ដាក់​ត្រឹមត្រូវ ឬ​ងាយស្រួល​ឱ្យ​អតិថិជន​ចំណាំ​ឡើយ​។ លោកស្រី​ថា ធ្លាប់​លក់​ច្រក​ក្នុង​ដប​ទឹក​សុទ្ធ​នេះ​ជា​រហូតមក ដោយ​មិន​គិតថា​ចង់​ដាក់​ស្លាក​យីហោ​អ្វី​នោះឡើយ​។ 
 

 
​ទឹកត្រី​ចំណុះ​កន្លះ​លីត្រ​របស់​លោកស្រី ស៊ីថា លក់បាន​៤០០​រៀល ឯ​ទឹកត្រី​លេខ​មួយ​លក់បាន​តម្លៃ ៧០០​រៀល​។ ចំណែក​ដប​ចំណុះ​១,៥​លីត្រ លក់បាន​ពី​១,៥០០​រៀល ទៅ​៣,០០០​រៀល​។ លោកស្រី ស៊ីថា បង្ហើប​ឱ្យដឹងថា ត្រី​ដែល​លោកស្រី​យកមក​ធ្វើ​ទឹកត្រី គឺ​ត្រី​កំផ្លៀវ ដែលជា​ត្រី​លេខ​មួយ​សម្រាប់ធ្វើ​ទឹកត្រី​មាន​រសជាតិ​ឆ្ងាញ់​៕
 
 
​ដើម្បី​ដឹង​កាន់តែច្បាស់​ពី​របៀប​ធ្វើ​ទឹកត្រី​របស់លោក​ស្រី ស៊ីថា សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោកស្រី​ដូចតទៅ​

Tag:
 ទឹកត្រី​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com