កីឡាអន្តរជាតិ
អន្តរជាតិ
តើបារាំង ឬក្រូអាស៊ី ដែលត្រូវលើកពាន World Cup យប់នេះ?
× ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក FIFA World Cup 2018 នៅរុស្ស៊ី ត្រូវបញ្ចប់នៅថ្ងៃអាទិត្យ ដោយ បារាំង និងក្រូអាស៊ី ត្រូវប្រជែងយកតំណែងជើងឯក នាវេលាម៉ោង១០យប់ [ម៉ោងនៅកម្ពុជា] នៅកីឡដ្ឋាន Luzhniki ក្រុងមូស្គូ។
ក្រុមទាំងពីរធ្លាប់ជួបគ្នា៥លើករួចមកហើយ ដោយបារាំងឈ្នះ៣លើក ហើយពីរលើកទៀតបញ្ចប់ក្នុងលទ្ធផលស្មើគ្នា។ ជ័យជម្នះដ៏គួរឲ្យកត់សម្គាល់របស់បារាំង បានកើតឡើងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ១៩៩៨ ដោយកាលណោះ ក្នុងនាមជាម្ចាស់ផ្ទះ បារាំងយកឈ្នះក្រូអាស៊ី ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈលោក Didier Deschamps ដែលជាគ្រូបង្វឹកបច្ចុប្បន្ន បានលេងពេញម៉ោង។
ការប្រកួតវគ្គផ្តាច់ព្រ័ត្របីលើកចុងក្រោយ សុទ្ធតែឈានដល់ការបន្ថែមម៉ោង១៥នាទីពីរដង ប៉ុន្តែកំណត់ត្រាប្រវត្តិសាស្ត្របានបង្ហាញថា មានតែពីរលើកគត់ដែលតំណែងជើងឯកកំណត់ឈ្នះ-ចាញ់ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី គឺក្នុងឆ្នាំ១៩៩៤ និងឆ្នាំ២០០៦ ។
បារាំងឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទីបី ដោយឈ្នះជើងឯកឆ្នាំ១៩៩៨ និងចាញ់ប៉េណាល់ទីនៅឆ្នាំ២០០៦ ។ ចំណែកក្រូអាស៊ី ពួកគេបានក្លាយជាក្រុមជម្រើសជាតិទី១៣ដែលបានចូលដល់វគ្គផ្តាច់ព្រ័ត្រ ហើយកំណត់ត្រាដ៏ខ្ពស់បំផុតកន្លងមករបស់ក្រុមមួយនេះ គឺការដណ្តើមបានលេខ៣នៅបារាំង កាលពីឆ្នាំ១៩៩៨ ។
សម្រាប់បារាំង Antoine Griezmann រួមចំណែកក្នុងការរកគ្រាប់បាល់បញ្ចូលទីរហូតដល់១១នាក់ក្នុងព្រឹត្តិការណ៍ធំដូចជា World Cup និង Euro ខណៈ Kylian Mbappe បច្ចុប្បន្នក្លាយជាកីឡាករវ័យក្មេងជាងគេដែលបាល់បញ្ចូលទីលើសពី៣គ្រាប់នៅ World Cup បើគិតចាប់តាំងពី Pele សម្រេចបាន៦គ្រាប់នៅឆ្នាំ១៩៥៨ ។
ជាមួយគ្នានេះផងដែរ លោក Didier Deschamps ក្លាយជាមនុស្សទីបីដែលបានបង្ហាញខ្លួននៅ World Cup ទាំងក្នុងនាមជាកីឡាករ និងគ្រូបង្វឹក បន្ទាប់ពីលោក Mario Zagallo និងលោក Franz Beckhenbauer។
ដោយឡែក សម្រាប់ក្រូអាស៊ី Mario Mandzukic គឺជាកីឡាករដ៏មុតស្រួចម្នាក់ ស្របពេលដែល Ivan Perisic រួមចំណែកឲ្យមានគ្រាប់បាល់បញ្ចូលទី១០គ្រាប់ក្នុងព្រឹត្តិការណ៍ធំ តាមរយៈការស៊ុតបញ្ចូលទី៦គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុម៤គ្រាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com