អន្តរជាតិ
ការស្រេកឃ្លាន​អំណាច​របស់​អ្នកនយោបាយ​ស៊ូដង់​ខាងត្បូង ធ្វើ​ឲ្យ​កុមារ​ប្រទេស​នេះ​ស្គាល់​តែ​សង្គ្រាម​
15, Jul 2018 , 9:25 am        
រូបភាព
ដោយ:
​គឺ​រយៈពេល​ជិត​មួយ​ទសវត្ស​រ៍ហើយ ដែល​ស៊ូដង់​ខាងត្បូង​បានប្រកាស​ឯករាជ្យ​ជា​ផ្លូវការ ក្រោយ​មានការ​ទទួលស្គាល់​ពីស​ហគ​មន៍​អន្តរជាតិ​។ ក៏ប៉ុន្តែ​ក្រោយ​នៃ​ការទទួលបាន​ឯករាជ្យ​ផ្លូវការ​នេះ អ្នកនយោបាយ​ស៊ូដង់​ខាងត្បូង មិនទាន់​អាច​កសាង​ប្រទេស​បាន​នៅឡើយ​នោះទេ ដ្បិត​សង្គ្រាមស៊ីវិល​ដណ្តើម​អំណាច​គ្នា​នៅ​បន្ត​កើតមានឡើង​។

 
​តាម​របាយការណ៍​រប​ស់​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ UNICEF រដ្ឋ​វ័យ​ក្មេងខ្ចី​បំផុត​របស់​ពិភពលោក ស៊ូដង់​ខាងត្បូង នៅតែ​កើតមានឡើង​សង្គ្រាមស៊ីវិល ដែល​ស្ថានភាព​នេះ​កំពុងតែ​បំផ្លាញ​អាយុជីវិត​របស់​កុមារ​ជំនាន់​ក្រោយ រាប់លាន​នាក់ ដោយ​ពួកគេ ពុំដែល​ស្គាល់​អ្វី​ឡើយ​ថា​ជា​សន្តិភាព ពោលគឺ​ស្គាល់​ថា​សង្គ្រាម​។ 
 
​តាម​របាយការណ៍​ដដែល​នោះ ដោយសារតែ​ជម្លោះ​នេះ ធ្វើ​ឲ្យ​កុមារ ២.៦ លាន​នាក់ ក្នុងចំណោម​កុមារ ៣.៤ លាន​ទូទាំងប្រទេស​ស៊ូដង់​ខាងត្បូង មិនមាន​ឱកាស​ដើម្បី​ទទួលបាន​ការអប់រំ​, ការរស់នៅ​មិន​ទទួលបាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់​, ងាយ​ឆ្លង​នឹង​ជំងឺ និង​រង​ការបំពាន​ជាដើម​។ 
 
​ជុំវិញ​វិបត្តិ​នេះ នាយក​ប្រតិបត្តិ UNICEF លោកស្រី Henrietta H. Fore បាន​អះអាងថា លោកស្រី បានឃើញ​ពី​ស្ថាន​ពិត​របស់​កុមារ​ទាំងនោះ​រួចហើយ ដែល​ពួកគេ មិនអាច​ប្រឈមមុខ​នឹង​អ្នកណា​ផ្សេងទៀត​បានឡើយ ពោលគឺ ក្នុង​សតិ​របស់​ពួកគេ មានតែ​ការភ័យខ្លាច​។ លោកស្រី​នាយក ក៏បាន​ទទូច​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវតែ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​នាំយក​សន្តិភាព​របស់​ប្រទេស​ឡើងវិញ​។ 
 
​ស្រប​ជាមួយនឹង​របាយការណ៍​ខាងលើ ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក៏​បានចេញ​របាយការណ៍​ស៊ើបអង្កេត​មួយ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ស៊ូដង់​ខាងត្បូង​ផងដែរ​។ តាម​របាយការណ៍​សង្ខេប​កម្រាស់​១៤​ទំព័រ​នោះ ភ្នាក់ងារ​សិទ្ធិមនុស្ស បាន​រកឃើញ​ការបំពាន​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ដែល​បង្កឡើង​ដោយ អ្នកនយោបាយ​ស៊ូដង់​ខាងត្បូង ពោលគឺ​ទាំង​ខាង​រដ្ឋាភិបាល​ផង និង​ទាំង​ក្រុម​បក្សប្រឆាំង​ផង​។​
 
​របាយការណ៍​ស៊ើបអង្កេត​នោះ បាន​រកឃើញថា ការមិន​ត្រូវ​រូ​វ​គ្នា និង​ការប៉ះទង្គិច​ប្រដាប់អាវុធ​រវាង​ភាគី​ទាំងពីរ មិន​ត្រឹមតែ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​ប៉ុណ្ណោះ​នោះទេ តែ​ថែមទាំង​បង្កើត​ឲ្យ​មានការ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដូចជា​ការវាយប្រហារ​និង​សម្លាប់​ទៅលើ​ជន​ស៊ីវិល ដែលជា​អ្នកគាំទ្រ​, បទល្មើស​រំលោភ និង​ទាសភាព​ផ្លូវភេទ​, ការបំផ្លាញ​ទ្រព្យ​ស​ម្បិ​ត្ត​ដោយ​ខុស​ច្បាស់ និង​ការបណ្តេញចេញ​ដោយ​បង្ខំ​ជាដើម​។​
 
​ជាមួយនឹង​ការរកឃើញ​បទល្មើស​ទាំងនេះ ភ្នាក់ងារ​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក៏បាន​មើលឃើញ​ពី​លទ្ធភាព នៃ​ការ​ធ្លាក់ចូល​នៃ​ទង្វើ​ដែល​ប្រព្រឹត្ត​ដោយ​អ្នកនយោបាយ​ស៊ូដង់​ខាងត្បូង​ទាំងនេះ ក្នុង​បទឧក្រិដ្ឋ​ប្រឆាំងនឹង​មនុស្សជាតិ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទៀតផង​។ 
 
​សូមជម្រាបថា ស៊ូដង់​ខាងត្បូង គឺជា​កូនពៅ​របស់​អង្គការសហប្រជាជាតិ ពោលគឺ​រដ្ឋ​អាហ្វ្រិក មួយ​នេះ បាន​ក្លាយជា​សមាជិក​ទី​១៩៣ របស់​អង្គការសហប្រជាជាតិ​នៅក្នុង​ឆ្នាំ​២០១១​។ តែ​មិន​ដល់​២​ឆ្នាំក្រោយ​នៃ​ការប្រកាស​ឯករាជ្យ​ផង ស៊ូដង់​ខាងត្បូង ក៏​ចាប់ផ្តើម​មាន​សង្គ្រាមស៊ីវិល​ដោយសារ​ជម្លោះ​នយោបាយ​នៃ​ដណ្តើម​អំណាច ។ មេដឹកនាំ​កំពូល មិនមាន​ការទុកចិត្ត​គ្នា​ទៅវិញទៅមក​ក្នុង​ជួរ​នៃ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល រហូតដល់​មានការ​បង្កើត​ចលនា​ប្រឆាំង ដែលមាន​បំពាក់​ដោយ​សព្វាវុធ​ទាំងសងខាង​។ 
 
​ទោះ​ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ បាន​ចរចា និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ម្តង​ជា​ពីរដង​ហើយក៏​ដោយ សន្តិភាព និង​ស្ថិរភាព​នៃ​រដ្ឋ​ក្មេងខ្ចី​មួយ​នេះ នៅតែ​ស្ថិតនៅក្នុង​ភាពមិន​ប្រកដប្រជា​នៅឡើយ​នោះទេ​។ ការប៉ះទង្គិច​គ្នា នៅតែ​បន្ត​កើតឡើង​។ បើតាម​របាយការណ៍រ​បស់​អង្គការសហប្រជាជាតិ ការ​នៅតែ​មិនត្រូវ​រូ​វរ​វាង​មេដឹកនាំ​ស៊ូដង់​ខាងត្បូង នឹងធ្វើ​ឲ្យ​ប្រជាជន​ខ្លួន​ប្រមាណ​ជាង​៣​លាន​នាក់​ត្រូវ​ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង​នៅត្រឹម​ចុងឆ្នាំ​២០១៨​នេះ​៕

Tag:
 ស៊ូដង់​ខាងត្បូង​
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com