ជាតិ
សុខភាព
ការប្រើ​សេវា​ថែទាំ​សុខភាព​របស់​រដ្ឋ មាន​ជិត​៦​លាន​ករណី​នៅ​៦​ខែ​ដំបូង​ឆ្នាំនេះ​
14, Jul 2018 , 10:59 pm        
រូបភាព
សេវាថែទាំសុខភាពរបស់រដ្ឋ។ រូបថត AFP
សេវាថែទាំសុខភាពរបស់រដ្ឋ។ រូបថត AFP
ដោយ:
​ភ្នំពេញ​៖ គិត​ចាប់ពី​ខែមករា ដល់​ត្រឹម​ថ្ងៃទី​៦ ខែកក្កដា ការប្រើប្រាស់​សេវា​ថែទាំ​សុខភាព​របស់​ប្រជាពលរដ្ឋ នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ​ទូទាំងប្រទេស មាន​ចំនួន​សរុប ៥,៦១៥,៤៩៧​ករណី ដោយ​ភាគច្រើន​លើសលុប​ជា​ករណី​ថ្មី​។ នេះ​បើតាម​ស្ថិតិ​នៃ​ការប្រើប្រាស់​សេវា​ថែទាំ​សុខភាព​របស់​ប្រជាពលរដ្ឋ នៃ​ក្រសួងសុខាភិបាល​។

 
​ក្នុងចំណោម​ការប្រើប្រាស់​សេវា​សុខភាព​រដ្ឋ​ជិត​៦​លាន​ករណី​នោះ មាន​ជាង​៩៤​ម៉ឺន​ករណី ដែល​ពលរដ្ឋ​ក្រីក្រ ប្រើប្រាស់​សេវា​ពិនិត្យ​ពិគ្រោះ​ជំងឺ​ក្រៅ​ដែល​គាំទ្រ​ដោយ​កម្មវិធី​មូលនិធិ​សមធម៌ នៃ​រដ្ឋាភិបាល​កម្ពុជា​។ រយៈពេល​៦​ខែ​កន្លងមកនេះ អ្នកជំងឺ​សម្រាក​ព្យាបាល​សរុប​ចំនួន ៤១​ម៉ឺន​នាក់ ក្នុង​ចំនួន​នេះ អត្រា​អ្នក​ស្លាប់មាន ០,៧៤​ភាគរយ​។ ស្ថិតិ​របស់​ក្រសួងសុខាភិបាល បង្ហាញថា អ្នកជំងឺ​សម្រាក​ព្យាបាល​សរុប​ចំនួន​ខាងលើ មាន​ចំនួន​ជិត​៥​ម៉ឺន​នាក់ ជា​ប្រជា​ល​រដ្ឋ​ក្រីក្រ​ដែល​គាំទ្រ​ដោយ​កម្មវិធី​មូលនិធិ​សមធម៌​នៃ​រាជរដ្ឋាភិបាល​។​
 
​ដោយឡែក ស្ត្រី​ទៅពិនិត្យ​ផ្ទៃពោះ មាន​ចំនួន​ជាង​៨៤​ម៉ឺន​នាក់​។ ក្រៅពី​ស្ត្រី​ពិនិត្យ​ផ្ទៃពោះ នៅមាន​ស្ត្រី​សម្រាលកូន​សរុប​ជាង​១៣​ម៉ឺន​នាក់ ដោយ​ក្នុង​ចំនួន​ដដែល​នេះ មណ្ឌល​សុខភាព​សម្រាល​បាន​ជិត​៧​ម៉ឺន​នាក់​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ស្ត្រី​ដែល​សម្រាលកូន​ចំនួន​សរុប​ខាងលើ មាន​ចំនួន ៩,៧៥៧​នាក់ ជា​ស្ត្រី​ក្រីក្រ​ដែល​គាំទ្រ​ដោយ​កម្មវិធី​មូលនិធិ​សមធម៌​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​
 
​ស្ថិតិ​នៃ​ក្រសួង​ដដែល​បាន​បន្ថែមទៀតថា អ្នកជំងឺ​សម្រាក​ចេញពី​ផ្នែក​សង្គ្រោះបន្ទាន់ មាន​ចំនួន​សរុប ១៩,៣៩៨​នាក់​៕

Tag:
 សុខភាព​-​មណ្ឌល​សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com