កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍​រត់ប្រណាំង​៖ លោក វ៉ា​ត់ ចំរើន បកស្រាយ​រឿង​ប្រាក់រង្វាន់ និង​បញ្ហា​សំរាម
15, Jul 2018 , 5:59 pm        
រូបភាព
ដោយ:
 ​បញ្ហា​សំរាម និង​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​ម្ចាស់​ជ័យលាភី នៅតែ​ចោទ​ជា​បញ្ហា សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន និង​ម៉ារ៉ាតុន​អន្តរជាតិ​។ ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកជំនាញ​កីឡា​បាន​បកស្រាយ​ថា តាម​ស្មារតី​កីឡា​រាល់​ព្រឹត្តិការណ៍​កីឡា​ទាំងអស់ គឺ​មិនមាន​ប្រាក់រង្វាន់​នោះទេ លើកលែងតែ​កីឡា​អាជីព​។ ហើយ​ទាក់ទង​បញ្ហា​សំរាម គេ​នឹង​សម្អាត​ក្រោយ​ចប់​កម្មវិធី ដោយសារ​ក្នុងអំឡុងពេល​ប្រកួត​កីឡាករ​នីមួយៗ​ជាប់រវល់​ប្រកួត​មិនបាន​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។​

 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​និយាយថា តាមច្បាប់​កីឡា គឺ​មិន​អនុញ្ញាត​ឲ្យ​យក​ថវិកា​ធ្វើជា​ប្រាក់រង្វាន់​នោះទេ​។ ម្យ៉ាងទៀត ការយក​ថវិកា​ធ្វើជា​រង្វាន់ វា​ខុស​នឹង​ទ្រឹស្តី​ស្មារតី​កីឡា ដែល​ចែងថា រាល់​ព្រឹត្តិការណ៍​កីឡា​ទាំងអស់​លើកលែង​កីឡា​អាជីព មិន​អនុញ្ញាត​ឲ្យ​ដាក់​ថវិកា ដើម្បី​ទាក់​កីឡាករ​ឡើយ​។​
 
«​ពាក់ព័ន្ធ​រឿង​ប្រាក់រង្វាន់​លើទឹក​ចិត្ត​សម្រាប់​អ្នក​ជ័យលាភី​នេះ មិនមែន​មានតែ​ភ្នំពេញ​ទេ ដែល​រង​ការរិះគន់ គឺ​គ្រប់​ការរៀបចំ​ទិវា​រត់ប្រណាំង នេះ​ដោយសារ​គាត់​មិន​យល់​ពី​ស្មារតី​កីឡា​។ តាមច្បាប់​កីឡា គឺ​អត់​មាន​ប្រាក់​នោះទេ អ្នកឈ្នះ​មានតែ​មេដាយ​មួយ និង​តុក្កតា​មួយ​ប៉ុណ្ណោះ​។ នៅក្នុង​ស្មារតី​កីឡា​គេ​បានចែង​ហើយ គេ​មិន​ឲ្យ​ដាក់​ទឹកប្រាក់ ដើម្បី​ទាក់ទាញ​កីឡាករ ឬ​ដាក់​តម្លៃ​ជ័យលាភី​នោះទេ​។ បើ​ដាក់​តម្លៃ​ជ័យលាភី គេ​ហៅថា កីឡា​អាជីព​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ា​ត់ ចំរើន​។ 
   

 
​លោក​បន្ថែមថា ថវិកា​ដែល​ម្ចាស់​ជ័យលាភី​ធ្លាប់​ទទួលបាន​កន្លងមក មិនមែនជា​តម្លៃ​ថ្លៃ​ពល​ពលកម្ម ឬ​ថ្លៃ​សម្រាប់​ជ័យលាភី​របស់​កីឡាករ​នោះទេ ពោលគឺ​គ្រាន់តែ​ជាការ​លើកទឹកចិត្ត​រប​ស់​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​នោះ​តែប៉ុណ្ណោះ​។ លោក​និយាយថា​៖«​បើ​និយាយ​ពី​អ្នក​ទៅ​ប្រកួត​ចូលរួម​ប្រកួត​កីឡា ទាំង​កីឡា​អូឡាំពិក មិនមែន​បាន​មេដាយ​ហើយ បាន​លុយ​មួយកញ្ចប់​នោះទេ​។ លុយ គឺ​អាស្រ័យ​លើ​ប្រទេស ដែលជា​ម្តាយ​ឪពុក​វិញ​ទេ ជា​អ្នក​ឲ្យ​លើកទឹកចិត្ត ដែល​ខិតខំ​ប្រកួត​នាំ​ជ័យជម្នះ​ជូន​ប្រទេសជាតិ​»​។​
 
​ការលើកឡើង​បែបនេះ របស់​ថ្នាក់ដឹកនាំ​កីឡា​ខាងលើ ធ្វើឡើង​ក្រោយ​មានការ​រិះគន់​ពី​មហាជន​មួយចំនួន​តូច​ពាក់ព័ន្ធ​បញ្ហា​នេះ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នា​អំឡុងពេល​រៀបចំ​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ភ្នំពេញ​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​រិះគន់ ដែល​ចែករំលែក​ត​គ្នា​លើ​ប្រព័ន្ធ​សង្គម​បានសរសេរថា ព្រឹត្តិការណ៍​រត់ប្រណាំង​ធំ​ប៉ុណ្ណា​ណី ម្ចាស់​ជ័យលាភី​លេខ​១​លើ​វិញ្ញាសា​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​បាន​១៥០​ដុល្លារ​។ 
 
​មិនមែន​មានតែ​បញ្ហា​ប្រាក់រង្វាន់​នោះទេ ដែល​រង​ការរិះគន់ សូម្បីតែ​បញ្ហា​សំរាម​ដូចជា​សំបក​ដប​ទឹក​សុទ្ធ និង​សម្ភារ​ផ្សេងៗ​របស់​ក្រុមហ៊ុន​ឯកជន​ដៃគូ​ឧបត្ថម្ភ ដែល​ចោល​ពាសវាល​ពាសកាល​លើផ្លូវ ឬ​ទីធ្លា​សាធារណ ក៏ត្រូវ​បាន​មហា​រិះគន់​តាម​បណ្តាញ​សង្គម​ផងដែរ​។ ពាក់ព័ន្ធ​បញ្ហា​នេះ លោក វ៉ា​ត់ ចំរើន បាន​អះអាងថា មិនមែន​មានតែ​កម្ពុជា​នោះទេ សូម្បី​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន និង​ម៉ារ៉ាតុន​អន្តរជាតិ​នៅលើ​ពិភពលោក ក៏​ជួប​បញ្ហា​នេះដែរ​។ 
 
​លោក​បាន​ពន្យល់ថា​៖«​ធម្មតា​ពេល​កីឡាករ​កំពុង​រត់ គាត់​ហូប​ទឹក​ហើយ គាត់​គ្រវែង​ដប​ចោល ព្រោះ​គាត់​មិនអាច​ផឹក​រួចហើយ យក​ដប​ទាំងនោះ​ទៅ​ដាក់​ឲ្យ​បាន​សមរម្យ​នោះទេ​។ មិនមែន​តែ​កម្ពុជា​នោះទេ សូម្បី​បារី​ស​ម៉ារ៉ាតុន ឡុ​ន​ដុន​ម៉ារ៉ាតុន ក្រោយ​រត់​ហើយ​សំបក​ដប​ទឹក​សុទ្ធ កំប៉ុង​ជ័រ និង​សម្ភារ​ផ្សេងៗ​រាយ​ពេញ​ផ្លូវ​ដូចគ្នា​។ តែ​ក្រោយ​ព្រឹត្តិការណ៍​ចប់ គេ​ដើរ​សម្អាត​»​។ 
 
​ពាក្យស្លោក​«​រត់​ដើម្បី​ទីក្រុង​ស្អាត បរិស្ថាន​បៃតង​» ត្រូវបាន​លោក​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ ចាត់ទុកថា អាចជា​មូលហេតុ ដែល​ធ្វើ​មហាជន​មួយចំនួន​តូច​រិះគន់​ភ្លាមៗ ពេល​ពួកគេ​ឃើញ​សំរាម​រាយ​នៅលើ​ដងផ្លូវ អំឡុងពេល​ប្រកួត​។ លោក បានចាត់ទុក​ការរិះគន់​នេះ​ថា ជា​រឿង​បុគ្គល និង​ជា​សិទ្ធ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​។  ហើយ លោក ក៏​អរគុណ​ចំពោះ​ការរិះគន់​បែបនេះ​ផងដែរ ព្រោះ​ការរិះគន់​នេះ អាចធ្វើ​ឲ្យ​អ្នករត់​មានការ​ភ្ញាក់រលឹក និង​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ក្នុងការ​ចោល​សំរាម​ដែរ​៕ 

Tag:
 រត់ប្រណាំង​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com