ជាតិ
កម្ពុជា​ប្រារព្ធ​ខួប​នៃ​ការបញ្ចូល​ប្រាសាទព្រះវិហារ និង​សំបូរ​ព្រៃ​គុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​
15, Jul 2018 , 10:38 am        
រូបភាព
ព្រះសង្ឃនៅតាមទីវត្តអារាមទូងស្គរ ដើម្បីរំលឹក​ដល់ខួបនៃការដាក់បញ្ចូលទីប្រាសាទព្រះវិហារ និងសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌ
ព្រះសង្ឃនៅតាមទីវត្តអារាមទូងស្គរ ដើម្បីរំលឹក​ដល់ខួបនៃការដាក់បញ្ចូលទីប្រាសាទព្រះវិហារ និងសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌ
ដោយ:
​ភ្នំពេញ​៖ ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ នេះ កម្ពុជា​ប្រារព្ធ​ខួប​១០​ឆ្នាំ ដែល​ប្រាសាទព្រះវិហារ​បានដាក់​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក និង​ប្រារព្ធ​ខួប​១​ឆ្នាំ សម្រាប់​ប្រាសាទសំបូរព្រៃគុក នៃ​ការ​ដាក់ចូល​ជា​សម្បត្តិ​ពិភពលោក​។ ការអបអរសាទរ​រួមគ្នា​នៃ​ការ​ដាក់ចូល​ប្រាសាទ​ព្រះ វិហារ និង​ក្រុម​ប្រាសាទសំបូរព្រៃគុក​នេះ គឺ​មានការ​ប្រារព្ធ​ឡើង​ដោយ​ទូងស្គរ​នៅតាម​វត្ត​អារាម សាលារៀន ទូទាំងប្រទេស​កម្ពុជា​។​

​លោក សុខ លូ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ធំ បាន​ថ្លែង​នៅ​កម្មវិធី​រម្លឹក​ខួប​១​ឆ្នាំ​សម្រាប់​ប្រាសាទសំបូរព្រៃគុក ព្រឹក​នេះ​ថា ការ​ប្រារព្ធ​ខួប​១​ឆ្នាំ នៃ​ប្រាសាទសំបូរព្រៃគុក គឺ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​កូន​ខ្មែរ មាន​ស្មារតី​ថែរក្សា និង​ការពារ​សម្បត្តិ​វប្បធម៌​ជាតិ ដែលជា​កេរ្តិ៍​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ អភិបាលខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹងថា​៖«​ប្រាសាទសំបូរព្រៃគុក​នេះ ជា​សម្បត្តិ​ពិភពលោក​ទី​៦ ហើយ​ដែល​បានទទួល​ស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក បន្ទាប់ពី​ប្រាសាទព្រះវិហារ ប្រាសាទអង្គរវត្ត ល្ខោន​ស្រ​មាល​ស្បែក​ធំ របាំ​ព្រះរាជ​ទ្រព្យ និង​ចាប៉ីដងវែង បាន​ចុះបញ្ជី​ដោយ​អង្គការ​យូ​នី​ស្កូ​។ 
 


ការ​ប្រារព្ធ​ពិធី​អបអរសាទរ​នៃ​ប្រាសាទ​ទាំងពីរ ដែលជា​សម្បត្តិ​ពិភពលោក​នេះ ធ្វើ​នៅ​ទីតាំង​នៃ​ប្រាសាទព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក ដោយ​មានការ​ទូងស្គរ និង​បង្ហោះ​ប៉េងប៉ោង​ជាច្រើន​ផងដែរ​។ ហើយ​ល្ងាច​ថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹង​អ​ញ្ញើញ​ចូលរួម​បើក​ការ​ប្រារព្ធ ដើម្បី​អបអរសាទរ នៃ​ប្រាសាទ​ទាំងពីរ​នេះ បាន​ចូល​ជា​សម្បត្តិ​បេ​តិក​ភ​ព្ឌ​ពិភពលោក នៅ​ពហុ​ដ្ឋា​ន​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​
 


សូមបញ្ជាក់ថា ប្រាសាទព្រះវិហារ​ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផ្លូវការ កាលពី​៧ ខែកក្កដា ឆ្នាំ​២០០៨ រីឯ​ក្រុម​ប្រាសាទសំបូរព្រៃគុក ត្រូវបាន​ដាក់បញ្ចូល​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ ៕

Tag:
 ប្រាសាទព្រះវិហារ​
  ប្រាសាទសំបូរព្រៃគុក
© រក្សាសិទ្ធិដោយ thmeythmey.com