ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ចង់​ឲ្យ​ប្រទេស​រីកចម្រើន​លុះត្រាតែ​ធនធានមនុស្ស​មានគុណ​ភាព​!
15, Jul 2018 , 7:59 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ហង់ ជួន ណារ៉ុន លោក ឡឹក ជំនោរ និងលោក ព្រឿង ប្រណិត
ពីឆ្វេងទៅស្តាំ៖ លោក ហង់ ជួន ណារ៉ុន លោក ឡឹក ជំនោរ និងលោក ព្រឿង ប្រណិត
​ភ្នំពេញ​៖ គំនិត​ចង់​ឲ្យ​ប្រទេស​រីក​ច្រើន វា​ត្រឹម​ជា​ក្ដី​ស្រមៃ​មួយ​ប៉ុណ្ណោះ ប្រសិនបើ​ប្រជាជន​ក្នុងប្រទេស​គ្មាន​ធនធានមនុស្ស​ពិតប្រាកដ​។ គ្មាន​ឡើយ​ប្រទេស​រីកចម្រើន ឬ​មហាអំណាច​ធំៗ ដែល​គ្មាន​ធនធានមនុស្ស​ចូលរួម​អភិវឌ្ឍន៍​នោះឡើយ​។ ប្រទេស​អ្នកមាន​ជាច្រើន ព្យាយាម​ទាក់ទាញ​អ្នកមានចំណេះដឹង​ពិតប្រាកដ ពី​បណ្ដា​ប្រទេស​ផ្សេងៗ ទៅ​បម្រើ​ប្រយោជន៍​ដល់​ប្រទេស​ពួកគេ​។ កម្ពុជា​ដូចគ្នា បើ​ចង់​អភិវឌ្ឍប្រទេស​ឲ្យ​កាន់តែខ្លាំង​ឡើង មនុស្ស​គ្រប់រូប​ត្រូវតែមាន​ចំណេះដឹង ឬ​ធនធានមនុស្ស​ពេញ​ដោយ​សមត្ថភាព​។ ដើម្បី​ក្លាយខ្លួនជា​គ្រាប់ពេជ្រ​សម្រាប់​ប្រទេស តើ​អ្នក​គួរ​ធ្វើយ៉ាងណា​?


​ខណៈ​កម្ពុជា ជា​ប្រទេសកំពុង​​អភិវឌ្ឍន៍​ តម្រូវការ​ធនធានមនុស្ស គឺជា​រឿង​សំខាន់​។ ធនធានមនុស្ស​ល្អ ដែលមាន​គុណភាព​ចំណេះដឹង និង​សមត្ថភាព​ខ្ពស់ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​។ វា​ជា​ចំណុច​សំខាន់​មួយ ដែល​មេដឹកនាំ​ប្រទេស កំពុង​យកចិត្តទុកដាក់ ហើយ​យុវជន​ខ្លួនឯង ត្រូវ​ពង្រឹងសមត្ថភាព តាមរយៈ​ចំណេះដឹង​ផងដែរ​។​
 
​លោក ព្រឿង ប្រណិត ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ​លើកឡើងថា ដើម្បី​ឲ្យ​ប្រទេសមួយ​រីកចម្រើន មនុស្ស​ក្នុងប្រទេស​នោះ​ត្រូវតែ​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​។ លោ​កថា​សៀវភៅ​ពិតជា​ឃ្លាំងចំណេះ សម្រាប់​ធ្វើជា​ដើមទុន ឲ្យ​មានការ​គិតពិចារណា និង​វិភាគ​បាន​គ្រប់​ជ្រុងជ្រោយ ព្រោះ​សៀវភៅ​ប្រមូលផ្ដុំ​ដោយ​បទពិសោធន៍ និង​វិធីសាស្ត្រ​ល្អៗ​ពី​គ្រប់​មជ្ឈដ្ឋាន​។ លោក ព្រឿង ប្រណិត បញ្ជាក់​៖ «​សៀវភៅ​ជួយ​ច្រើន​មែនទែន មាន​ទាំង​ចំណេះដឹង ព័ត៌មាន និង​ការ​សម្សា​ន្ត ដូច្នេះ​បើ​មនុស្ស​ព្យាយាម​អាន​សៀវភៅ​ឲ្យ​ទៅជា​ទម្លាប់ នោះ​ការពិចារណា​របស់​ពួកគេ​កាន់តែ​ជ្រៅ​»​។ 
 
​ស្រដៀង​គ្នា​ដែរ លោក ឡឹ​ក ជំនោរ នាយក​គ្រឹះស្ថាន​ឯកសារ​ខ្មែរ លើកឡើងថា ដើម្បី​ឲ្យ​ធនធានមនុស្ស​មានគុណ​ភាព គឺ​ប្រទេស​នោះ ត្រូវ​ផ្ដល់​ការអប់រំ​ដល់​មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ​តាំងពីក្មេង​។ ការបញ្ចូល​អត្តសញ្ញាណ​ជាតិ ដួងព្រលឹង​ជាតិ និង​ការអប់រំ​គ្រប់​ជ្រុងជ្រោយ​ប្រកបដោយ​ប្រសិទ្ធភាព ធ្វើ​ឲ្យ​មនុស្សយ​ល់ពី​តម្លៃ​ជាតិ និង​មានគំនិត​អភិវឌ្ឍ​ប្រទេស សុទ្ធតែជា​ចំណុច​សំខាន់ ដែល​មិនអាច​ខ្វះ​បាន​។ លោក ជំនោរ បាន​បញ្ជាក់ថា​៖ «​ការអប់រំ​ជា​ប្រព័ន្ធ ទាំង​ក្នុង​គ្រួសារ វិស័យ​អប់រំ​ថ្នាក់ជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​រូបភាព ត្រូវ​សហការ​ណ៍​គ្នា​តម្រង់​ទិស​ដល់​មនុស្ស​តាំងពីក្មេង​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជ្រាប​លឿន​ទៅ​មនុស្ស ភាពយន្ត ចម្រៀង ការផ្សាយពាណិជ្ជកម្ម  បណ្ដាញ​សង្គម​ផ្សេងៗ ត្រូវ​បញ្ចូល​សារ​អប់រំ​ខ្លីៗ​ទៅក្នុង​នោះ វា​នឹង​បណ្ដុះ​មនុស្ស​ឲ្យ​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​សក្ដានុពល​។ 
 
​ធនធានមនុស្ស​ជា​យុវជន​ក្រោម​អាយុ​៣០​ឆ្នាំ ត្រូវបាន​គេ​ប៉ាន់​ស្មានថា មាន​ចំនួន​៦៥​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​១៥​លាន​នាក់​។ ចំនួន​ធនធាន​យុវជន​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ខណៈដែល​កម្ពុជា ស្ថិត​នៅក្នុង​ប្រទេសកំពុង​​អភិវឌ្ឍន៍។ ដើម្បី​ឲ្យ​គោលដៅ​កម្ពុជា ដែល​ចង់​វិវឌ្ឍ​ខ្លួន ក្លាយជា​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​កំពុង​រឹតបន្តឹង​គុណភាព​អប់រំ ធ្វើយ៉ាងណា​ឲ្យ​យុវជន​មានចំណេះ​ពិតប្រាកដ ឲ្យ​ក្លាយ​ធនធានមនុស្ស មានគុណ​ភាពល្អ និង​សមត្ថភាព​ខ្ពស់ ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេស តាមរយៈ​ចំណេះ​ជំនាញ​របស់​ពួកគេ​។​
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា ការអប់រំ​កំណត់​អនាគត​របស់​ប្រទេស ពោល​បានន័យថា បើ​ប្រទេសមួយ មាន​ធនធានមនុស្ស​ខ្លាំង ប្រទេស​នោះ គឺ​នឹងមាន​ការអភិវឌ្ឍ​ខ្លាំង ប៉ុន្តែ​បើ​ការអប់រំ​ខ្សោយ ប្រទេស​នោះ ប្រាកដជា​ខ្សោយ​។ បើតាម​លោក ហង់ ជួន ណា​រ៉ុ​ន ប្រទេស​អាច​រីកចម្រើន​បាន​អាស្រ័យ​ធនធានមនុស្ស​មានគុណ​ភាព​និង​ពូកែ​។​
 
​ថ្លែង​ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​មេដាយ​ការងារ​ដល់​បុគ្គលិក​អប់រំ និង​ផ្ដល់​ទង់​ជ័យលាភី ប័ណ្ណសរសើរ​ដល់​អង្គ​ភាព​មាន​ស្នាដៃ​ការងារ​ល្អ នៅ​ខេត្តកំពង់ចាម រដ្ឋមន្ត្រីក្រសួង​អប់រំ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ទោះបី​ប្រទេសមួយ​មាន​ធនធានធម្មជាតិ​ច្រើន​យ៉ាងណាក្ដី តែបើ​មិនមាន​ធនធានមនុស្ស​ទេ ប្រទេស​នោះ​ក៏​មិនមាន​ការអភិវឌ្ឍ​ដែរ​។ ការបង្កើត​ធនធានមនុស្ស​ដែលមាន​គុណភាព​និង​ពូកែ ដើម្បី​អាច​ចូលរួម​អភិវឌ្ឍន៍​ជាតិ​បាន ទើប​ប្រទេស​រីកចម្រើន​»​។​
 
​បើទោះជា​មិនបាន​ចូល​សាលា មិនចេះ​អាន​អក្សរ ឬ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ ពលរដ្ឋ​នៅតែ​អាច​ទទួលបាន​ចំណេះ​ល្អៗ​ជា​ប្រយោជន៍ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​បានដែរ​។ ទូរទស្សន៍ វិទ្យុ កាសែត ទស្សនា​វ​ត្តី ហ្វេ​ស​ប៊ុ​ក ឯកសារ​សំខាន់​ផ្សេងៗ សុទ្ធតែជា​ប្រភពព័ត៌មាន ដែល​អាច​នាំ​ឲ្យ​ពលរដ្ឋ​ក្លាយជា​ធនធានមនុស្ស​ដ៏​មានគុណ​ភាព​បាន​។ ពលរដ្ឋ​គួរ​ព្យាយាម​ស្វែងរក​ព័ត៌មាន​ណា​ដែល​ផ្ដល់​ចំណេះដឹង​ភាគច្រើន ចៀស​ជាង​ទទួលយក​អ្វីដែល​គ្មាន​ការរីកចម្រើន​។ ចំណេះដឹង​មាននៅ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា​ឲ្យ​តែ​ពលរដ្ឋ​ចេះ​ចម្រាញ់​វា យកមកប្រើ​ប្រាស់​ឲ្យ​មាន​ប្រយោជន៍​៕
 

Tag:
 អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com