អន្តរជាតិ
ក្រោយ​រក្សាទុក​អស់​៦៦​ឆ្នាំ លោក Shridhar សម្រេច​កាត់​ក្រចក​របស់ខ្លួន​ចេញ​
15, Jul 2018 , 8:29 pm        
រូបភាព
ដោយ: ធីតា
​លោក Shridhar Chillal អាយុ​៨២​ឆ្នាំ ដែល​រស់នៅ​ក្រុង Pune ប្រទេស​ឥណ្ឌា បានសម្រេច​កាត់​ក្រចក​ដ៏​វែង​របស់ខ្លួន​ចេញ បន្ទាប់ពី​លោក​រក្សាទុក​អស់​រយៈពេល​៦៦​ឆ្នាំ​។ ក្រចក​ដ៏​វែង​របស់លោក​នោះ ត្រូវ​ចុះ​ក្នុង​សៀវភៅ​កំណត់ត្រា Guinness World Records ហើយ​ការសម្រេចចិត្ត​កាត់​វា​ចេញ ត្រូវបាន​ធ្វើឡើង​ក្នុង​កម្មវិធី Ripley’s Believe It or Not! នៅ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។​



 
​ចាប់តាំងពី​ឆ្នាំ​១៩៥២ ពោលគឺ​ក្នុង​វ័យ​១៤​ឆ្នាំ លោក Shridhar Chillal បានសម្រេច​ចិត្ត​ទុក​ក្រចកដៃ​ឆ្វេង​របស់ខ្លួន ទៅតាម​ការណែនាំ​របស់​គ្រូបង្រៀន​ម្នាក់​។ ប្រវែង​ចុងក្រោយ​មុន​ការ​កាត់ចេញ​គឺ​៩០៩.៦​សង់ទីម៉ែត្រ​។​
 


​លោក Shridhar មានឈ្មោះ​ដំបូង​ក្នុង​សៀវភៅ Guinness World Records នៅ​ឆ្នាំ​១៩៧៩ ដោយពេល​នោះ ក្រចក​របស់លោក​ឡើង​ដល់​ប្រវែង ២១៩.៧​សង់ទីម៉ែត្រ​។ នៅ​ឆ្នាំ​២០១៦ លោក​ទទួល​កំណត់ត្រា​ជាថ្មី​ម្តងទៀត​សម្រាប់​អ្នក​ដែល​ទុក​ក្រចក​វែង​បំផុត​នៅ​ដៃ​តែ​ម្ខាង (Longest Fingernails on a Single Hand Ever)​។​
 
​នៅពេល​សួរថា តើ​ក្រចក​ទាំងនោះ ផ្តល់​ផល​លំបាក​ដល់​គាត់​ដែរឬទេ​? លោក Shridhar ទទួលស្គាល់ថា ពិតជា​លំបាក ជាពិសេស​ពេល​គេង​ដែល​លោក​ត្រូវ​ប្រយ័ត្ន​គ្រប់ពេល​។ «​ខ្ញុំ​មិនអាច​ផ្លាស់​ទី​បាន​តាមចិត្ត​នោះឡើយ ពេល​ចង់​ក្រោក ខ្ញុំ​ត្រូវ​ប្រយ័ត្នប្រយែង​ជានិច្ច​»​។​
 

​ទោះបីជា​យ៉ាងណាក៏ដោយ លោក Shridhar នៅតែ​អាច​ចិញ្ចឹមជីវិត​ដោយ​ប្រកប​អាជីព​ជា​អ្នក​ថតរូប​ជាមួយនឹង​ដៃស្តាំ​របស់ខ្លួន​។ លោក​បាន​បញ្ជាក់ថា ដៃ​ខាងស្តាំ​របស់លោក​ដំណើរការ​ធម្មតា ខណៈដែល​ខាងឆ្វេង​ពិការ​ទាំងស្រុង​ដោយ​លោក​មិនអាច​កម្រើក​បាន​តាមចិត្ត​នោះឡើយ​។​
 


ក្រចក​របស់លោក Shridhar ដែល​ត្រូវបាន​វាស់​កន្លងមក​នោះ​គឺ​៖
-​កូនដៃ​៖ ១៧៩.១​សង់ទីម៉ែត្រ​
-​នាងដៃ​៖ ១៨១.៦​សង់ទីម៉ែត្រ​
-​ដៃ​កណ្តាល​៖ ១៨៦.៦​សង់ទីម៉ែត្រ​
-​ចង្អុលដៃ​៖ ១៦៤.៥​សង់ទីម៉ែត្រ​
-​មេដៃ​៖ ១៩៧.៨​សង់ទីម៉ែត្រ​៕
 


Tag:
 Guinness World Records
  ក្រចក​
  ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com