អន្តរជាតិ
ប្រមុខ​ការពារជាតិ​ឥណ្ឌូណេស៊ី ព្រមាន​ពី​ការ​ងើបឡើង​របស់​ភេរវកម្ម​ជំនា​ន់ទី​បី​នៅក្នុង​តំបន់​
15, Jul 2018 , 2:54 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី Ryamizard Ryacudu (រូបភាព Jakarta Globe)
រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី Ryamizard Ryacudu (រូបភាព Jakarta Globe)
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បាន​ព្រមាន​ពី​ការគំរាមកំហែង​សន្តិសុខ​នៅក្នុង​តំបន់​ដោយសារតែ​ការ​ងើបឡើង​របស់​ក្រុម​ភេរវជន ដែល​បាន​បែកខ្ញែក​ពី​មជ្ឈិមបូព៌ា​ហើយ​វិល​ត្រលប់មក​អាស៊ី​អាគេ្នយ៍​វិញ​។ ក្រុង​ហ្សា​ការ​តា បាន​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​រួម​សហការគ្នា​ទប់ស្កាត់ ដ្បិត​វិធានការ​ដាច់ដោយឡែក​គ្នា មិនអាច​ទប់ទល់​ជាមួយនឹង​ក្រុម​នេះ​បានឡើយ​។​

 
​តាមរយៈ​សន្និសីទ​វិទ្យាសាស្ត្រ​មួយ​ក្នុង​ក្រុង​ហ្សា​ការ​តា រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូណេស៊ី លោក Ryamizard Ryacudu នៅ​ថ្ងៃ​១២ កក្កដា​កន្លងទៅ បាន​ថ្លែង​ដាស់តឿន​បណ្តា​ប្រទេស​ក្នុង​តំបន់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ងើបឡើង​នៃ​ចលនា​ភេរវកម្ម​ជំនា​ន់ទី​៣ ដែល​លោក​រដ្ឋមន្ត្រី សំដៅលើ​ការវិល​ត្រលប់​របស់​បណ្តា​ភេ​វករ​មួយចំនួន​ពី​ការប្រយុទ្ធ​នៅ​មជ្ឈិមបូព៌ា​មក​តំបន់​អាស៊ីអាគ្នេយ៍​វិញ​។​
 
​តាម​ការលើកឡើង​រប​ស់លោក​រដ្ឋមន្ត្រី ដែល​យោងតាម​របាយការណ៍​ចារកម្ម ក្នុងចំណោម​ភេរវជន ដែល​ប្រយុទ្ធប្រឆាំង​គ្នា​នៅក្នុង​ប្រទេស​ស៊ី​រី និង​អឺ​រ៉ា​ក់ មាន​ក្រុម​សកម្មប្រយុទ្ធ​ជា​ជន​មកពី​ប្រទេសក្រៅ​តំបន់​ជាង​បី​ម៉ឺន​នាក់​ផងដែរ​។ ក្នុងនោះ មាន​៨០០​នាក់ ជា​ពលរដ្ឋ​អាស៊ីអាគ្នេយ៍ ខណៈ​សកម្មប្រយុទ្ធ​ចេញពី​ឥណ្ឌូណេស៊ី មាន​រហូតដល់​៤០០​នាក់​ផង​នោះ​។ 
 
​ប្រមុខ​ការពារជាតិ​រូបនេះ បាន​ឲ្យ​ដឹងថា ខណៈពេលដែល​ឥទ្ធិពល​របស់​ពួកគេ បាន​ធ្លាក់ចុះ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ពួកគេ ក៏បាន​ដាក់​ទិសដៅ​មកកាន់​តំបន់​វិញ ដែល​មនោគមន៍វិជ្ជារ​បស់​ពួកគេ ក៏​កំពុងតែ​សាយភាយ​តាមរយៈ​បណ្តាញ​សង្គម និង​បច្ចេកវិទ្យា​ទំនើប​។ 
 
​ដោយ​មើល​បែបនេះ លោក​រដ្ឋមន្ត្រី បាន​ទទូច​ឲ្យ​ប្រទេស​ក្នុង​តំបន់ ត្រូវតែ​បង្កើន​កិច្ចសហប្រតិបត្តិការ និង​គោលនយោបាយ​ការទូត​ការពារជាតិ​ដើម្បី​អភិវឌ្ឍ និង​ធានា​សន្តិសុខ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ សម្រាប់​លោក​រដ្ឋមន្ត្រី បញ្ហា​នេះ មិនត្រូវ​ទុក​ឲ្យ​រដ្ឋ​នីមួយៗ​ដោះស្រាយ​តាមបែប​ផែន​រៀងខ្លួន​បានឡើយ ពោលគឺ​ប្រទេស​ក្នុង​តំបន់​ត្រូវតែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​គ្នា​ដើម្បី​អាច​ប្រឈម​នឹង​បញ្ហា​យ៉ាង​សមស្រប​និង​ទាន់ពេល​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា ជា​យន្ត​ការតបត​នឹង​ភេរវកម្ម​ក្នុង​តំបន់ នៅ​ខែមករា​កន្លងទៅ រដ្ឋ​អាស៊ាន​រួមមាន ព្រុយ​ណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី ហ្វីលីពីន និង​ថៃ បាន​ដំណើរការ​គំនិត​ផ្តួចផ្តើម​មួយ​ហៅថា «​ក្រសែភ្នែក​របស់​យើង (Our Eyes) »​។ គំនិត​ផ្តួចផ្តើម​នេះ មាន​គោលដៅ​ចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ចារកម្ម ដែល​ត្រូវបាន​ចាប់អារម្មណ៍​ពី​ការចូលរួម​ពី​សហរដ្ឋអាមេរិក រុស្ស៊ី អូស្ត្រាលី និង​ផងដែរ​៕

Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com