ជាតិ
បាក់ឌុប
លោកគ្រូ ធូ ភន ៖ សិស្ស​រៀន​តាម​អន​ឡាញ អាច​ទទួល​ចំណេះដឹង​ច្រើន ដូច​រៀន​ជាមួយ​គ្រូ​ផ្ទាល់​ដែរ​
15, Jul 2018 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រយៈពេល​ជាង​១០​ឆ្នាំ​ហើយ ដែល​លោក ធូ ភន សាស្ត្រាចារ្យ​ផ្នែក​ជីវវិទ្យា បាន​បើក​វគ្គ​បង្រៀន​ក្រៅ​ម៉ោង​បន្ថែម ដល់​សិស្ស​ប្រលង​សញ្ញាបត្រ​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) នៅ​សាលា​ជ័យ​ថា​វី ។ សិស្ស​រាប់ម៉ឺន​នាក់​ហើយ ដែល​ធ្លាប់បាន​រៀន​ជាមួយ​លោក ធូ ភន​។ ក្រៅពី​បង្រៀន​គួរ​ផ្ទាល់ លោក ធូ ភន ក៏បាន​រៀបចំ​ការបង្រៀន​តាម​អន​ឡាញ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​សិស្ស ដែល​ត្រៀមខ្លួន​ប្រឡង​បាក់​ឌុប​ផងដែរ​។


​រាល់​ពេលដែល​ការប្រឡង​សញ្ញាបត្រ​ទុតិយ​ស​ភូមិ​មកដល់ សិស្ស​នៅតាម​បណ្ដា​រាជធានី​-​ខេត្ត តែងតែ​នាំគ្នា​សម្រុក​ឡើងមក​រៀន​គួរ​បន្ថែម នៅ​រាជធានី​ភ្នំពេញ​។ ទីតាំង​សាលា​ជ័យ​ថា​វី ដែលជា​កន្លែង​និយម​របស់​សិស្ស​គ្រប់​ជំនាន់​នោះ គឺជា​គោលដៅ​សំខាន់​ដែល​សិស្ស​សម្រុក​មក​រៀន​ឥត​ស្រាកស្រាន្ត ។ ដោយសារ​ចង់​សម្រួល​ដល់​លទ្ធភាព​បេក្ខជន​ប្រឡង និង​សិស្ស នៅតាម​បណ្ដា​រាជធានី -​ខេត្ត​នេះ លោក ធូ ភន ក៏បាន​បង្កើត​កម្មវិធី​បង្រៀន​តាមរយៈ​អន​ឡាញ​មួយ ដើម្បី​ជួយ​សិស្ស​អាច​ទទួលបាន​ចំណេះដឹង និង​គន្លឹះ​ល្អៗ ដូច​សិស្ស​រៀន​នៅ​ទីក្រុង​ដែរ ពោលគឺ​ពួកគេ​មិនចាំបាច់​ឡើងមក​រៀន​នៅ​ភ្នំពេញ​ដូច​មុន​ឡើយ​។ 
 
​សាស្ត្រាចារ្យ​ផ្នែក​ជីវវិទ្យា​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​សិស្ស​គ្រប់រូប ដែល​រៀន​តាម​អន​ឡាញ​មិន​ត្រឹមតែ​ទទួលបាន​ចំណេះដឹង​ថ្មីៗ​នោះទេ ថែមទាំង​ចំណេញ​ពេលវេលា និង​ថវិកា​មួយចំនួន​ទៀតផង​។​ការពិតទៅ ការបង្រៀន​តាម​អន​ឡាញ​នេះ ប្រៀប​ដូច​ខ្ញុំ និង​សិស្ស​កំពុងតែ​រៀន​ជាមួយគ្នា​អ៊ីចឹង​។ មែនទែនទៅ​វី​ឌី​អូ​នេះ ជា​ឯកសារ ដើម្បី​ឲ្យ​សិស្ស​អាច​ទាញយក​មើល​បាន​នៅ​ថ្ងៃក្រោយ​ផងដែរ​។ ចង់​មើល​ពេលណា​ក៏បាន​ដែរ​។ ការរៀន​តាម​អន​ឡាញ ពិតជា​ជម្រើស​ដ៏​ល្អ​សម្រាប់​សិស្ស​នៅតាម​ខេត្ត​ឆ្ងាយ​ដែល​មិន​អាចមក​រៀន​ផ្ទាល់​ជាមួយ​លោកគ្រូ​នៅឯ​ភ្នំពេញ​បាន »​។​
 
​ការបង្រៀន​តាម​អន​ឡាញ របស់លោក ធូ ភន ទើបតែ​ដំណើរការបាន​២​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​សន្ទុះ​នៃ​ការគាំទ្រ​ពី​សិស្ស និង​បេក្ខជន​ប្រឡង​បាក់​ឌុប មាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ នោះ​ក៏​ព្រោះ​ការបង្រៀន តាមបែប​បច្ចេកវិទ្យា​មួយ​នេះ វា​បានផ្ដល់​ភាពងាយស្រួល​ច្រើន​ដល់​សិស្ស​។ 
 
«​សិស្ស​គ្រាន់តែ​ចុះឈ្មោះ​តាម​កម្មវិធី Global Live ឬ កម្មវិធី រៀន​តាមចិត្ត នោះ​នឹង​អាច​រៀន​ជាមួយ​លោកគ្រូ​ដែលមាន​បទពិសោធន៍​ខ្ពស់​។​ពួកគេ​អាច​រៀន​ជាមួយ​ខ្ញុំ និង​សួរ​ខ្ញុំ​ពី​ចំណុច​ណា​ដែល​គេ​មិនទាន់​យល់ តាម​ការបង្រៀន​អន​ឡាញ ដោយ​គ្រាន់តែ​អង្គុយ​នៅផ្ទះ​ក៏បាន​។ វា​ចំណេញ​ពេលវេលា​របស់​ពួកគេ​បាន​មួយកម្រិត​ទៀតផង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ធូ ភន ដែល​បាន​បន្ថែមថា លោក​តែងតែ​ចំណាយពេល​១​ម៉ោង សម្រាប់​ថ្ងៃ​សៅ​រិ៍ និង​អាទិត្យ ដើម្បី​បង្រៀន​សិស្ស​តាម​អន​ឡាញ​នេះ​។​
 
​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​២០១៨ នេះ​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ មាន​បេក្ខជន​ប្រឡង​ជាង​១១​ម៉ឺន​នាក់ និង​មាន​មណ្ឌល​ប្រឡង​១៩៥​។ ការប្រកាស​លទ្ធផល​ប្រឡង​ធ្វើឡើង នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ចំណែក​នៅ​ថ្ងៃទី​១២ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​តាម​បណ្តា​ខេត្ត​។​
 
​សូមបញ្ជាក់ថា ការប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន ៦៣ ៦៦៨​នាក់ ត្រូវជា ៦៣,៨៤​ភាគរយ ក្នុងចំណោម​បេក្ខជន​វត្តមាន​ប្រឡង​ចំនួន​៩៩ ៧២៨​នាក់ មាន​សិស្ស​ជាប់​និទ្ទេស A ចំនួន ៤២៤​នាក់​។ កាលពី​ឆ្នាំ​២០១៦ មាន​បេក្ខជន​ប្រឡង​ជាប់ ចំនួន ៥៥ ៧៥៣​នាក់ ត្រូវជា ៦២,១៨% នៃ​បេក្ខជន​វត្តមាន​ចំនួន ៨៩ ៦៦១​នាក់ ក្នុងនោះ​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A​មាន​ចំនួន​៤០៥​នាក់​។ 
 
​រីឯ​លទ្ធផល​បាក់​ឌុប​ឆ្នាំ ២០១៥ មាន​បេក្ខជន​ប្រឡង​ជាប់ ចំនួន ៤៦ ៥៦០ នាក់​ស្មើនឹង ៥៥,៨៨ ភាគរយ ក្នុងចំណោម​បេក្ខជន​មាន​វត្តមាន​ក្នុងការ​ប្រឡង​សរុប ៨៣ ៣២៥ នាក់ ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស A មាន ១០៨ នាក់ ។ ចំណែក​ឆ្នាំ​២០១៤ បេក្ខជន​ជាប់​បាក់​ឌុប​ទូទាំងប្រទេស មាន​ចំនួន​ជាង ៣​ម៉ឺន​នាក់ ក្នុងចំណោម​បេក្ខជន​ប្រឡង​សរុប​ជាង ៧​ម៉ឺន​នាក់ ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស​មាន A ចំនួន ១១ នាក់​ប៉ុណ្ណោះ​៕

Tag:
 ​ព័ត៌មាន​ជាតិ​
  អប់រំ​
  បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com