ជាតិ
មហាផ្ទៃ៖ មន្ត្រីមួយចំនួននៅតែមិនគោរពតាមច្បាប់ បទបញ្ជានៃការបោះឆ្នោត
× ភ្នំពេញ៖ សម្ដេចឧបនាយករដ្ឋមន្ត្រី ស ខេង ធ្លាប់បានចេញបញ្ជាណែនាំដល់មន្ត្រីរាជការទាំងអស់ចៀសផុតពីការប្រើប្រាស់តួនាទី ពេលវេលា និងយកសម្ភាររបស់រដ្ឋបម្រើឱ្យការឃោសនាបោះឆ្នោត ប៉ុន្តែនៅតែមានមន្ត្រីរាជការ មួយចំនួនបានបំពាន ទាក់ទងនឹងការប្រើប្រាស់មធ្យោបាយ សម្ភារ និងសកម្មភាពផ្សេងៗ នាដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ។
«រយៈពេល៨ថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោតកន្លងមកនេះ មន្ត្រីមួយចំនួនតូច បានប្រព្រឹត្តមិនត្រឹមត្រូវតាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត ដែលជាហេតុធ្វើឱ្យមានការរិះគន់ពីសំណាក់មតិសាធារណ ក៏ដូចជាអ្នកនយោបាយមួយចំនួនផងដែរ»។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៤ ខែកក្កដា។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានក្រើនរម្លឹកទៅមន្ត្រីក្រោមឱវាទរបស់ខ្លួនទាំងអស់ ក្នុងនោះដែរចាប់ពី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន រហូតទៅដល់ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងស្មារតីទទួលខុសត្រូវ អនុវត្តតួនាទីភារកិច្ចនៃមន្ត្រីរាជការ។ ក្រសួងបន្ថែមថា ត្រូវផ្សព្វផ្សាយដល់មន្ដ្រីក្រោមឱវាទរបស់ខ្លួនឱ្យបានជ្រួតជ្រាប និងអនុវត្តឱ្យបានត្រឹមត្រូវ នៅក្នុងដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងរាស្ត្រនីតិកាទី៦ ព្រមទាំងយកចិត្តទុកដាក់គ្រប់គ្រងសម្ភារមធ្យោបាយដឹកជញ្ជូនដែលជាទ្រព្យសម្បត្តិរបស់រដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
នៅក្នុងសេចក្តីណែនាំ ក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ត្រូវតែអនុវត្តឱ្យបានជាដាច់ខាត ដោយមិនត្រូវ លើក ឬបិទស្លាកគណបក្ស និងសម្ភារឃោសនានៅលើអាគារ និងការិយាល័យរបស់រដ្ឋ ឬកាត់ទទឹងផ្លូវសារធារណៈ និងការប្រើប្រាស់គ្រប់មធ្យោបាយដឹកជញ្ជូនដែលជារបស់រដ្ឋ ដើម្បីឃោសានា ឬការចូលរួមក្នុងសកម្មភាពឃោសនា ការប្រមូលផ្ដុំមន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដោយបញ្ចុះបញ្ជូលរកសំឡេងឆ្នោតនៅក្នុងអាគារ ឬការិល័យរបស់រដ្ឋ។
មហាផ្ទៃ បានបន្ថែមទៀត មន្ត្រីរាជការរបស់រដ្ឋទាំងអស់ អាចចូលរួមសកម្មភាពឃោសនា គោលនយោបាយនានា របស់គណបក្សណាមួយ មិនមែនជាម៉ោងការងាររដ្ឋ ឬបញ្ចប់ ឬស្ថិតក្រៅម៉ោង ឬមិនស្ថិតក្នុងពេលបំពេញសមត្ថកិច្ចផ្លូវការ ឬថ្ងៃឈប់សម្រាកកំណត់របស់រដ្ឋ។ ក្នុងករណីចាំបាច់ ត្រូវសុំច្បាប់ឈប់សម្រាកពីការងារទៅអង្គភាពសម៉ី ដែលច្បាប់រដ្ឋបានកំណត់។ ប៉ុន្តែនៅពេលចូលរួមសកម្មភាពទាំងនោះ មិនត្រូវស្លៀកពាក់ឯកសណ្ឋានផ្លូវការរបស់រដ្ឋ មានអាវុធក្នុងខ្លួន និងមិនត្រូវធ្វើអ្វីដែលនាំឱ្យមានការកំរាមកំហែងឡើយ៕
Tag:
បោះឆ្នោត
សម្ភាររដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com