អន្តរជាតិ
លោក ត្រាំ មើលមិនឃើញ​ដៃគូ​សក្តិសម​ដើម្បី​ប្រជែង​កៅអី​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២០
15, Jul 2018 , 10:29 pm        
រូបភាព
​ទើប​កាន់តំណែង​ប្រធានាធិបតី​អាមេរិក​មិនទាន់បាន​ពីរ​ឆ្នាំ​ស្រួលបួល​ផង​នោះ លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ផែនការ​ឈរឈ្មោះ​សម្រាប់​ការ​អាណត្តិ​ទី​ពីរ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​ត្រូវធ្វើ​នៅ​ឆ្នាំ​២០២០ ។ ក្នុង​កិច្ច​សម្ភាស​មួយ​នៅលើ​យន្តហោះ Air Force One នៅ​ថ្ងៃទី​១៥ ខែកក្កដា លោក ត្រាំ អះអាងថា គ្មាន​បេក្ខជន​ផ្សេង​ណា​អាច​ផ្ដួល​រូបលោក​បានឡើយ​សូម្បីតែ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ក៏ដោយចុះ​។​

 
​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០១៦ លោក ដូ​ណា​ល់ ត្រាំ ដែល​រង​ការរិះគន់​ឥតឈប់ឈរ​ជុំវិញ​គោលនយោបាយ​ចម្រូងចម្រាស​ជាច្រើន​នោះ បាន​សម្លឹង​ដល់​ការ​ឈ្មោះ​នៅ​អាណត្តិ​ទី​ពីរ​ទៅហើយ​។ ដោយ​មិន​ខ្ចី​ខ្វល់​ពាក្យ​ទិតៀន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក លោក ត្រាំ ហាក់​មាន​ទំនុកចិត្ត​ខ្ពស់​ដើម្បី​បន្ត​ដឹកនាំ​អាមេរិក​បួន​ឆ្នាំ​ទៀត ព្រោះ​គ្មាន​អ្នកណា​អាចមាន​សមត្ថភាព​ប្រជែង​នឹង​លោក​ឡើយ​។​
 
​ក្នុង​បទ​សម្ភាស​មួយ​លើ​យន្តហោះ​ពិសេស Air Force One ដែល​ផ្សាយ​លើ​សារព័ត៌មាន​អង់គ្លេស Daily Mail នៅ​ថ្ងៃទី​១៥ ខែកក្កដា លោក​ពិធីករ Piers Morgan បាន​សួរ​លោក ត្រាំ ពី​បំណង​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២០ ។ ដំបូង លោក ត្រាំ ដែលមាន​វ័យ​៧២​ឆ្នាំ​ទៅហើយនោះ ហាក់​ស្ទាក់ស្ទើរ​ក្នុងការ​ផ្ដល់​ចម្លើយ​ជាក់លាក់ និង​បាន​ឆ្លើយ​បង្វែរ​ថា គ្មាន​រណា​ដឹង​ពីអ្វី​ត្រូវ​កើតឡើង​ចំពោះ​សុខភាព និង​បញ្ហា​ផ្សេង​ទៀតឡើយ​។ 
 
​ដោយ​មិនទាន់​ទទួល​ចម្លើយ​ពេញចិត្ត​នោះ ពិធីករ​ដដែល​ក៏បាន​ឈ្លេចសួរ​លោក ត្រាំ ម្ដងទៀត បន្ទាប់​ឃើញ​បញ្ជី​មុខម្ហូប​បែប​បំប៉ន​សុខភាព​របស់លោក ត្រាំ ។ «​ប៉ុន្តែ​ក្នុង​ឆ្នាំ​២០២០ លោក​នឹង​ឈរឈ្មោះ​ទៀត​?» នេះ​ជា​សំណួរ​របស់លោក Morgan ហើយ​ប្រធានាធិបតី​អាមេរិក​ទី​៤៥ ក៏​ឆ្លើយថា​៖ «​ខ្ញុំ​មានបំណង​ពេញទំហឹង​។ វា​ដូចជា​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ឈរឈ្មោះ​ទៀត​។​» យ៉ាងណាមិញ លោក ត្រាំ មិន​បញ្ជាក់ថា អ្នក​រាល់គ្នា​នោះ ជា​អ្នកណា​ឡើយ តែ​អាចជា​អ្នកគាំទ្រ​រូបលោក​។​
 
​ជុំវិញ​បញ្ហា​នេះ ប្រធានាធិបតី​មាន​ប្រវត្តិ​ជា​មហាសេដ្ឋី​រូបនេះ​បានលើកឡើង​ពី​មូល​ហេតុដែល​ផ្ដល់​ទំនុកចិត្ត​ឲ្យ​លោក​។ បច្ចុប្បន្ននេះ លោក ត្រាំ មើលមិនឃើញ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ណា​ដែល​អាច​ឡើង​សង្វៀន​ជាមួយ​រូបលោក​បានឡើយ ដោយ​លោក​បាន​អះអាងថា លោក​ស្គាល់​សមាជិក​បក្ស​ប្រជាធិបតេយ្យ (​សំដៅ​បេក្ខភាព​ប្រធានាធិបតី​) ទាំងអស់ ប៉ុន្តែ​បក្ស​នេះ​មិនមាន​បេក្ខជន​សក្តិសម​ណាមួយ​ម្នាក់​នោះឡើយ​។​
 
​ក្រៅពី​ការមើល​ឃើញថា គ្មាន​គូប្រកួត​នោះ លោក ត្រាំ ក៏​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ផ្ទៃក្នុង​បក្ស​សាធារណរដ្ឋ​ដែរ​។ កាលពី​កិច្ច​សម្ភាស​មួយទៀត លោក​បាន​បញ្ជាក់ថា លោក​ជា​បុគ្គល​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​បក្ស​សាធារណរដ្ឋ ហើយ​ខ្លាំង​ជាង​លោក Abraham Lincoln ទៅទៀត​។ ប៉ុន្តែ​រឿង​មួយ​ដែល​លោក ត្រាំ មិនត្រូវ​ភ្លេច គឺ​ការស៊ើបអង្កេត​លើ​សំណុំរឿង​រុស្ស៊ី​លូកលាន់​ការបោះឆ្នោត​ឆ្នាំ​២០១៦ កំពុង​ធ្វើឡើង ហើយ​លទ្ធផល​អាចឈាន​ដល់​ការទម្លាក់​លោក​ចេញពី​តំណែង​មុន​ចប់​អាណត្តិ​ផង​៕

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com