ជាតិ
​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​សូទ្រនិគម ខេត្តសៀមរាប នឹង​បើក​ការដ្ឋាន​នាពេលខាងមុខ​
15, Jul 2018 , 10:59 pm        
រូបភាព
​សៀមរាប​៖ អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​សៀមរាប ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៩០០​លាន​ដុល្លារ នឹង​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ បន្ទាប់ពី​បោះឆ្នោត​ជ្រើស​តំណាងរាស្ដ្រ​នីតិកាល​ទី​៦​រួច​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP)​។


 
AKP បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២១០៨ ថា​សម្រាប់​ការសាងសង់​អាកា​យានដ្ឋាន​នេះ នឹងត្រូវ​សាងសង់ឡើង​នៅលើ​ផ្ទៃដី​១៧០០​ហិកតា មាន​ទីតាំងនៅ ភូមិសាស្ត្រ ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ 

  

​ជាមួយគ្នានេះ លោក Zou Yuhui អគ្គនាយករង​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ ដែល​បាន​ជួប​ជាមួយ​លោក​អភិបាលខេត្ត​សៀមរាប ឃឹម ប៊ុន​សុង បាន​បញ្ជាក់ថា ផ្ទៃដី​សម្រាប់​សាងសង់​ព្រលានយន្តហោះ​នេះ មាន​ទំហំ​៧០០​ហិកតា និង​ផ្ទៃដី​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​១០០០​ហិកតា ដោយ​ប្រើ​រយៈពេល​សាងសង់ ៣​ឆ្នាំ ទៅ​៥​ឆ្នាំ​។ 
 

 
​លោក Zou Yuhui បាន​បន្តថា ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​ថ្មី​នេះ គឺជា​ហេដ្ឋារចនាសម្ព័ន្ធ មួយ​ដ៏​សំខាន់​នៅពេល​អនាគត​ក្នុងការ​លើកស្ទួយ និង​បង្កើន​សមត្ថភាព លើ​វិស័យ​អាកាសចរណ៍​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន បាននិងកំពុង​រៀបចំ​កសាង​ផែនការមេ​ព្រមទាំង​ធ្វើ​ប្រឡាយ​កំណត់​ព្រំដី និង​ធ្វើ​ផ្លូវ​ចូលទៅក្នុង​ការដ្ឋាន​៕ 

Tag:
 អាកាសយានដ្ឋាន​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com