ជាតិ
តើ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​បែបណា ដើម្បី​ការពារ​បរិស្ថាន និង​សុខភាព​អ្នក ?
16, Jul 2018 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត ឬ​នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល ដែល​ការអភិវឌ្ឍ​មិនទាន់​ទៅដល់ ក៏មាន​សំរាម​នៅ​គ្រប់​ទីកន្លែង​ដែរ រហូតដល់​មាន​ពាក្យ​មួយ​ពោលថា ទីណា​មាន​មនុស្ស ទីនោះ​មាន​សំរាម​។ សំរាម​ទាំងនោះ ត្រូវបាន​គេ​មើលឃើញថា ភាគច្រើន​គឺជា​ថង់​ប្លា​ស្ទិ​និង​វត្ថុ​ដែលមាន​សារធាតុ​ប្លា​ស្ទិ​ក ដែល​កំពុង​គំរាមកំហែង​បរិស្ថាន និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​។ ប៉ុន្តែ​មនុស្ស​ភាគច្រើន មិនទាន់​ដឹង​ពី​បញ្ហា​ប្រឈម​ទាំងនោះ ហើយ​នៅតែ​ប្រើប្រាស់​ប្លា​ស្ទិ​ក និង​បោះ​វា​ចោល​ដោយ​គ្មាន​របៀប​ទៀតផង​។ តើ​អាច​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដើម្បី​ការពារ​បរិស្ថាន និង​សុខភាព​អ្នក​បានទេ​?



​ប្រជាជន​កម្ពុជា​ទំនង​មាន​តិច​ណាស់ ដែល​ចាប់អារម្មណ៍​ពី​បញ្ហា​សំរាម​ប្លា​ស្ទិ​ក រាយប៉ាយ​តាមផ្លូវ នៅ​ទីសាធារណៈ​តាម​ផ្សារ តាម​លូ តាម​ព្រៃ តាម​ទឹក ឬ​កន្លែង​កម្សាន្ត​នានា ។ ពួកគេ​នៅតែ​បន្ត​ប្រើប្រាស់​ប្លា​ស្ទិ​ក បើទោះបី​មិនមាន​តម្រូវការ​ចាំបាច់​ក្ដី​។ អ្នក​សាក​ស្រមៃ​ទៅ​មើល រាប់​ចាប់តាំងពី​ពេលព្រឹក រហូត​ដល់ពេល​ល្ងាច មុននឹង​អ្នក​សម្រាក តើ​អ្នក​បាន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ឬ ប្លា​ស្ទិ​ក​គ្រប់​ប្រភេទ​ចំនួន​ប៉ុន្មាន​? ទៅលើ​អ្វីខ្លះ​? តើ​វា​ពិតជា​ចាំបាច់​ខានមិនបាន​ក្នុងការ​ប្រើប្រាស់​វា ឬក៏​មិនមែន​ទេ​?
 
​មនុស្ស​មួយចំនួន​ត្រូវ​ទិញ​បាយ​កញ្ចប់ ខ្ចប់​ដោយ​ប្រអប់​ស្នោ ម្ហូប​ច្រក​ថង់​ប្លា​ស្ទិ​ក ហើយ​ត្រូវ​ច្រក​ថង់​ប្លា​ស្ទិ​ក​ធំ​ពី​ក្រៅ​មួយ​ជាន់​ទៀត ដូច្នេះ​យ៉ាងហោចណាស់​បាយ​មួយពេល​ត្រូវ​ចំណាយ​អស់​ថង់​បី​និង​ប្រអប់​ស្នោ​១​។ នៅមាន​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​កលើ​ការ​ច្រក​បន្លែ​ផ្លែឈើ ត្រី​សាច់ ភេសជ្ជៈ​គ្រប់​ប្រភេទ​ដែលមាន​ទាំង​កំប៉ុង​និង​ថង់​ពី​ក្រៅ​ផង និង​មាន​ទំនិញ​ជាច្រើន​ទៀត ដែល​ប្រើប្រាស់​ប្លា​ស្ទិ​ក​មិនចាំបាច់​។ ចុះបើ​ក្នុង​មួយថ្ងៃ​មនុស្ស​មួយ​ម៉ឺន​នាក់​ទិញ​បែបនេះ ហើយ​ទិញ​លើសពី​បី​ដង តើ​ក្នុង​មួយឆ្នាំ​ប្លា​ស្ទិ​ក​នឹង​បំពុលបរិស្ថាន​រួមទាំង​បំផ្លាញ​សុខភាព​អ្នក​កម្រិតណា​ទៅ​? 
 
​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​លេខ​១៦៨ ស្តីពី​ការគ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក​។ អនុក្រឹត្យ​នេះ​មាន​គោលបំណង​បង្កើន​ប្រសិទ្ធភាព​លើ​ការកាត់បន្ថយ ការនាំ​ចូល ការផលិត និង​ការប្រើប្រាស់​ថង់​ផ្លា​ស្ទិ​ក ក៏ដូចជា​សំដៅ​កាត់បន្ថយ​ផលប៉ះពាល់​សុខភាព និង​បរិស្ថាន​។ ក្នុង​អនុក្រឹត្យ​នោះ ក៏មាន​កំណត់​ពី​ការយកពន្ធ​លើ​ថង់​ប្លា​ស្ទិ​ក និង​ដាក់ពិន័យ​លើ​អ្នកលក់ និង​អ្នកប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ពី​១,០០០,០០០​រៀល ទៅ​៥,០០០,០០០​រៀល​ផងដែរ ចំពោះ​អ្នកប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​មិន​ត្រឹមត្រូវ​។​
 
​តាម​ការសិក្សា របស់​អង្គការ​មូលនិធិ​អក​រា (ACRA Foundation) រដ្ឋាភិបាល​កម្ពុជា​បាន​ខាតបង់​ថវិកា​អស់​រាប់រយ​លាន​ដុល្លារ​ពី​កាកសំណល់​ថង់​ប្លា​ស្ទិ​ក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កម្ពុជា ត្រូវ​ចំណាយ​ថវិកា​ប្រចាំឆ្នាំ​ជាង​៥​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ  ទៅលើ​ការសំអាត​ថង់​ផ្លា​ស្ទិ​ក​តែ​ក្នុង​ខេត្ត​ក្រុង​ធំៗ​ចំនួន​៣​ប៉ុណ្ណោះ មាន​ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​នៅ​ភ្នំពេញ​។​
 
​បើ​សង្កេត​ឲ្យ​មែនទែនទៅ ការប្រើប្រាស់​ប្លា​ស្ទិ​ក​ស្ទើរតែ​គ្រប់​ប្រភេទ សឹងតែ​មិនបាន​ជួយ​អ្វី​ច្រើន​ដល់​អ្នកប្រើប្រាស់​ឡើយ ក្រៅពី​ការងាយស្រួល​វិច​ខ្ចប់ និង​ការ​ចំណេញ​ពេល​ដ៏​តិចតួចស្ដួចស្ដើង​នោះ​។ តែ​អ្វី​ដែលជា​ហានិភ័យ​វិញ គឺ​ការបំពុល​បរិស្ថាន អ្នកប្រើប្រាស់​ខូចសុខភាព ព្រោះ​ជាតិពុល​ចេញពី​ថង់ ស្នោ និង​ជ័រ ចូលក្នុង​ចំណី​របស់​ពួកគេ ហើយ​ទៅ​ថ្ងៃ​អនាគត​ពួកគេ​នឹងមាន​ជំងឺ​ដោយ​មិនដឹង​មុន​។ 
 
​កន្លងមក​ក៏​ធ្លាប់មាន​អាជីវករ​មួយចំនួន​តូច​ដែរ ដែល​បាន​ព្យាយាម​ប្រើប្រាស់​ស្លឹកចេក ស្លឹក​ឈូក សម្រាប់​ខ្ចប់​អាហារ​និង​បន្លែ​ផ្សេងៗ ប៉ុន្ដែ​វា​នៅតែ​ត្រូវការ​ថង់​ប្លា​ស្ទិ​ក​ច្រក​ពី​ក្រៅ​ដដែល​។ ការណ៍​នេះ​អាចជួយ​ដល់​សុខភាព​អ្នក​បរិភោគ​ខ្លះ​បានដែរ ប៉ុន្ដែ​បរិស្ថាន និង​ផលប៉ះពាល់​យូរអង្វែង​នៅតែមាន​។​
 
​តើ​ប្លា​ស្ទិ​ក​ដែល​អ្នក​ប្រើ​ហើយ វា​នឹង​ទៅដល់​ឯណា​?
 
​ប្រាកដ​ណាស់ ប្លា​ស្ទិ​ក​ដែល​មិនអាច​ច្នៃ​បន្តបាន វា​នឹង​ទៅដល់​វាល​ចាក់សំរាម​។ នៅពេលដែល​វាល​ចាក់សំរាម​ពេញ គេ​អាច​នឹង​ពង្រីក​បន្ថែម ឬ គេ​អាច​នឹង​ដុត​វា​ចោល​។ បន្ទាប់ពី​ដុត វា​នឹងមាន​ផ្សែង​ភាយ​ទៅ​បរិយាកាស​។ អ្នក​ប្រាកដជា​មើលមិនឃើញ​វា​ទៀតឡើយ បន្ទាប់ពី​ផ្សែង​ទាំង​នោះបាន​បំបែក​ខ្លួន​ជា​ផ្នែក​តូចៗ​ដោយសារ​កម្លាំង​ខ្យល់​។ តែ​ផ្សែង​ពុល​ទាំងនោះ​វា​មិនបាន​បាត់​ទៅណា​ឡើយ គឺ​វា​នៅក្នុង​បរិយាកាស​លាយ​ជាមួយ​ខ្យល់ ដែល​អ្នក​ដកដង្ហើម​រាល់ថ្ងៃ និង​ទឹកភ្លៀង​ដែល​ស្រក់​ពី​អាកាស​នោះឯង​។ ភ្លៀង​មាន​សារធាតុពុល ធ្លាក់​មកលើ​ដី​និង​ដំណាំ​ផ្សេងៗ ។ 
 
​ចំណែក​ដី​ដែលមាន​កប់ ឬ​ដុត​ប្លា​ស្ទិ​ក វា​នឹងមាន​សារធាតុ​គីមី​ពុល​ដែល​មិនអាច​យកទៅ​ដាំ​ដំណាំ​បាន​។ ហើយ​ថង់​ប្លា​ស្ទិ​ក​ដែល​កប់​ក្នុង​ដី​នេះ ត្រូវបាន​គេ​សិក្សា​ស្រាវជ្រាវ​ឃើញថា វា​មិន​ងាយ​រលាយ​ទៅណា​ឡើយ ព្រោះ​វា​អាច​ស៊ាំ​ជាមួយ​ដី បាន​រហូតដល់​រាប់ពាន់​ឆ្នាំ​ទៀតផង​។ ចុះបើ​ប្លា​ស្ទិ​ក​ត្រូវបាន​កប់​ឬ​ដុត​គ្រប់​ទីកន្លែង តើ​សុខភាព​មនុស្ស​និង​ទៅជា​យ៉ាងណា​? ច្បាស់​ណាស់​គឺ​មនុស្ស​គ្រប់​ចៀស មិនអាច​គេចផុត​ពី​បញ្ហា​សុខភាព​ឡើយ បើ​មិន​ចូលរួម​ដោះស្រាយ និង​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​ប្លា​ស្ទិ​ក​
​មាន​វិធី​មួយចំនួន​ដែល​អ្នក​ពិតជា​មានលទ្ធភាព​និង​សមត្ថភាព​ធ្វើ​វា​បាន​យ៉ាង​ប្រាកដ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​មិនចាំបាច់​។ អ្នក​គួរតែមាន​ចាន ឬ​ចានស្រាក់​មួយ ស្លាបព្រា និង​ដប​ទឹក​ដែល​អាច​ប្រើប្រាស់​បានយូរ ដាក់​តាម​ខ្លួន​ជានិច្ច​រាល់ពេល​ធ្វើដំណើរ​ចេញពីផ្ទះ​។ ចាន​នេះ​ទុក​បង្ការ​ក្រែង​អ្នក​ចង់​បរិភោគ​អាហារ​នៅតាម​ផ្លូវ ដែលជា​ប្រភេទ​អាហារ​លក់​តាម​កង់ ម៉ូតូ ឬ​រទេះរុញ ដែល​គេ​មានតែ​ថង់​ប្លា​ស្ទិ​ក​ឬ​ចាន​ស្នោ​ដាក់​ឲ្យ​អ្នក​។ ដប​ទឹក​ទុក​សម្រាប់​ដាក់​ទឹក​ឬ​ភេសជ្ជៈ​ដែល​អាច​ជៀសវាង​មិនបាច់​ដាក់​កំប៉ុង​ឬ​ថង់​ប្លា​ស្ទិ​កបាន​។ រាល់ពេល​ទៅ​ផ្សារ​ទិញ​ទំនិញ​ផ្សេងៗ អ្នក​គួរ​មាន​កន្ត្រក​ធ្វើ​ពី​ផ្ដៅ ឬ​ស្សី រពាក់ កំប្លោក ឬ​សម្ភារ​កែច្នៃ​ពី​រុក្ខជាតិ​ផ្សេងៗ ដើម្បី​ដាក់​ទំនិញ ព្រោះ​សម្ភារ​ទាំងនោះ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។ បើ​មិនមាន​កន្ត្រក​ច្នៃ​ពី​រុក្ខជាតិ​ទេ កន្ត្រក​ជ័រ​ក៏​ជា​ជម្រើស​ចុងក្រោយ​សម្រាប់​អ្នក ព្រោះ​វា​អាច​ប្រើ​បានយូរ​ឆ្នាំ​និង​ដាក់​ទំនិញ​បាន​ច្រើន​ផង​។ 
 
​ម្យ៉ាងទៀត​រដ្ឋាភិបាល គួរតែ​ជំរុញ​ឲ្យ​មានការ​រៀបចំ​កន្លែង​កែច្នៃ​ថង់​ប្លា​ស្ទិ​ក ឬ​សំបក​ដប​នានា ដែល​ធ្វើ​ពី​ប្លា​ស្ទិ​កចាស់ៗ ទៅជា​វត្ថុ​ប្រើប្រាស់​ដែលមាន​ប្រយោជន៍​អ្វី​ផ្សេង ដើម្បី​ចៀសវាង​ការប្រមូល​ប្លា​ស្ទិ​ក​ដុតចោល ដែល​នាំ​ឲ្យ​ខូច​បរិស្ថាន​។ ហើយ​បើទោះជា​រដ្ឋាភិបាល បានចេញ​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក​ក្តី ប៉ុន្តែ​បើ​គ្មាន​ការ​រឹតបន្តឹង​ទៅលើ​អ្នកលក់ ឬ​អ្នកប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ​។ ដូច្នេះ​បានន័យថា រដ្ឋាភិបាល​ត្រូវអនុវត្ត​ច្បាប់​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក​ឲ្យ​បាន​ហ្មត់ចត់ តាម​ដែល​អាចធ្វើ​ទៅបាន​។ 
 
​ចំណែក​អាជីវករ​វិញ គួរតែ​លើកទឹកចិត្ត​ដល់​ភ្ញៀវ ពេល​ពួកគេ​ប្រើប្រាស់​ចាន​ផ្ទាល់ខ្លួន ឬ​រាល់​ការទិញ​ទំនិញ​ដែល​ដាក់​ក្នុង​កន្ត្រក​ច្នៃ​ពី​រុក្ខជាតិ ដោយ​ការលក់​បញ្ចុះតម្លៃ​ដល់​អតិថិជន ដែល​យល់ដឹង​ពី​បញ្ហា​ប្លា​ស្ទិ​ក ។ ជាពិសេស​ត្រូវ​ចូលរួម​អនុវត្ត​ច្បាប់ និង​មានការ​យកប្រាក់​បន្ថែម​លើ​ថង់​នីមួយៗ ក៏​អាចជួយ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ។​ហើយ​អាជីវករ​ក៏​ចំណេញ​ប្រាក់​ពី​ការទិញ​ថង់​ផង​។ ឬ​ម្យ៉ាងទៀត អាជីវករ ត្រូវ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ប្រភេទ​ធំ ដើម្បី​អាច​ច្រក​របស់របរ​បាន​ច្រើន​មុខ ឬ​អាច​ប្រើប្រាស់​ជា​ស្លឹកចេក ស្លឹក​ឈូក ឬ​ស្លឹក​ផ្សេងៗ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក គឺជា​រឿង​ដែល​ល្អប្រសើរ​ជាទីបំផុត​។​
 
​ជា​ជំហាន​ដំបូង​បើ​ធ្វើបាន​បែបនេះ​ជឿថា វា​ក៏​ជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ដែល​ប្រកបរ​បរស​ល់ពី​ដូនតា​ឲ្យ​មាន​ជីវភាព​ធូរធារ​ជាង​មុន ដូចជា​អ្នកធ្វើ​កន្ត្រក​ពី​ផ្ដៅ ឬ​ស្សី ជាដើម​។ ជាពិសេស​បង្កើន​ការច្នៃប្រឌិត​បន្ថែម​ផង​។ ព្រោះ​បើ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ប្រើ​សម្ភារ​ច្នៃ​ពី​រុក្ខជាតិ​សម្រាប់​ដាក់​ទំនិញ វា​ជា​ផ្នែក​មួយ លើកទឹកចិត្ត​ដល់​ការច្នៃ​ធនធានធម្មជាតិ​ជា​វត្ថុធាតុដើម និង​សម្រេច​ដើម្បី​ប្រើប្រាស់​ទូទាំងប្រទេស និង​អាច​នាំ​ចេញទៅ​ក្រៅប្រទេស​ផង​។ 
 
​ដូច្នេះ​សរុបមក​វិញ​ការចូលរួម​ថែរក្សា​បរិស្ថាន និង​សុខភាព​អ្នក រួមទាំង​អនាគត​កូនចៅ​ជំនាន់​ក្រោយ គឺ​កើតចេញពី​ការចូលរួម​របស់​ពល​រដ្ឋ​ទាំងអស់គ្នា ៕

Tag:
 បរិស្ថាន​
  អប់រំ​
 ​ប្លា​ស្ទិ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com