កីឡាអន្តរជាតិ
អន្តរជាតិ
២០ឆ្នាំក្រោយមក បារាំងលើកពាន World Cup ជាលើកទីពីរ! ប្រភពរូបថត៖ FIFA.COM
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំងក្លាយជាម្ចាស់ជើងឯក FIFA World Cup 2018 ក្រោយបានយកឈ្នះក្រូអាស៊ី ៤-២ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Luzhniki ក្រុងមូស្គូ។ នេះជាការឈ្នះពានលើកទី២របស់បារាំង បន្ទាប់ពីពួករកបានលើកដំបូងកាលពី២០ឆ្នាំមុន ខណៈពួកគេធ្វើម្ចាស់ផ្ទះ។
នៅនាទី១៨ Antoine Griezmann បានទាត់បាល់ពិន័យពីចម្ងាយ ហើយកម្លាំងបាល់ដ៏ខ្លាំងនាំឲ្យ Mario Mandzukic ភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯង។ ប៉ុន្តែ១០នាទីក្រោយមក ក្រូអាស៊ី បានតាមស្មើវិញ ដែលសម្រេចបានដោយ Ivan Perisic ក្រោយការបញ្ជូនរបស់ Domagoj Vida។
ប៉ុន្តែគម្លាត១០នាទីក្រោយមកទៀត បារាំង បាននាំមុខសាជាថ្មីឡើងវិញ ដោយសារការទាត់បាល់ប៉េណាល់ទីជោគជ័យរបស់ Griezmann។ ឱកាសនេះ កើតឡើង បន្ទាប់ពីលោកអាជ្ញាកណ្តាលអាហ្សង់ទីន Nestor Pitana ទៅពិនិត្យវីដេអូជំនួយ VAR ហើយបានឃើញថា Perisic យកដៃប៉ះបាល់ក្នុងតំបន់គ្រោះថ្នាក់។
ក្រោយសម្រាកតង់ ការប្រកួតកាន់តែមមាញឹក ខណៈក្រូអាស៊ី ប្រឹងវាយបកយ៉ាងខ្លាំងដើម្បីតាមស្មើសិន។ តែឱកាសបន្តកើតមានឡើងសម្រាប់ក្រុមបារាំង ដោយ Paul Pogba ប្រើជើងឆ្វេងស៊ុតបាល់បញ្ចូលទីនាំមុខ ៣-១ នៅនាទី៥៩។ នេះជាការព្យាយាមស៊ុតលើកទីពីររបស់ Pogba ក្រោយបាល់ផ្លាតចេញពីខ្សែការពាររបស់ក្រូអាស៊ី។
ដល់នាទី៦៥ បារាំង បង្កើនគម្លាតនាំមុខដែលសម្រេចបានដោយកីឡាករវ័យក្មេង Kylian Mbappe ក្រោយការបញ្ជូនរបស់ Lucas Hernandez។ ប៉ុន្តែ៣នាទីក្រោយមក អ្នកចាំទីបារាំង Hugo Lloris បង្កកំហុស ដោយទាត់បាល់ស្រាលៗចេញពីជើងរបស់ខ្លួន ខណៈ Mandzukic ដែលនៅក្បែរនោះ បានឆាបយកបាល់ ហើយទាត់បញ្ចូលទីតាមពីក្រោយក្នុងលទ្ធផល ៤-២ ។
សម្រាប់ក្រូអាស៊ី ចំណាត់ថ្នាក់លេខ២ ក៏ជាកំណត់ត្រាប្រវត្តិសាស្ត្ររបស់ពួកគេផងដែរ ដោយកាលពីឆ្នាំ១៩៩៨ ដែរនោះ ពួកគេដណ្តើមបានចំណាត់ថ្នាក់លេខ៣ នាការបង្ហាញបង្ហាញខ្លួនលើកដំបូងនៅ World Cup។
គ្រូបង្វឹកបារាំង លោក Didier Deschamps ក៏រកបានកំណត់ត្រាពិសេសសម្រាប់ខ្លួនផងដែរ ដោយកាលពី២០ឆ្នាំមុន លោកបាននាំបារាំងឈ្នះពានក្នុងនាមជាកីឡាករ ហើយ២០ឆ្នាំក្រោយ បារាំងឈ្នះពានលើកទីពីរ ក្រោមការដឹកនាំបង្វឹករបស់លោក៕
© រក្សាសិទ្ធិដោយ thmeythmey.com