កីឡាជាតិ
ជាតិ
វឌ្ឍនាកា​, សុខ​ផេង​, មុន្នី​ឧ​ត្ត​ម សុទ្ធតែ​បានរួម​ចំណែក​ក្នុង​ជ័យជម្នះ​ជាមួយ​ក្រុម​
16, Jul 2018 , 10:05 am        
រូបភាព
ដោយ:
​បឹងកេត​បាន​បន្ត​ឈរ​កំពូល​តារាង និង​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ក្រោយ​យកឈ្នះ​អគ្គស្នងការ​នគរបាល​ជាតិ ១-០​។ វិសាខា​ឡើងទៅ​ឈរ​លេខ​ទី​២ ក្រោយ​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ៣-១ ខណៈ​ណាហ្គា​វើ​ល​ធ្លាក់​ទៅ​ឈរ​លេខ​រៀង​ទី​២​ក្រោយ​ស្មើ ១-១ ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ​។ កីឡាករ​ឆ្នើម ចាន់ វឌ្ឍនាកា​, កែវ សុខ​ផេង និង​ប្រាក់ មុន្នី​ឧ​ត្ត​ម សុទ្ធ​បានរួម​ចំណែក​ក្នុង​ជ័យជម្នះ​ជាមួយ​ក្រុម សម្រាប់​ការប្រកួត​កាលពី​ចុង​សប្តាហ៍​។​


 
​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វ​ឌ្ឍ​នា​, កែវ សុខ​ផេង និង​ខ្សែបម្រើ ប្រាក់ មុន្នី​ឧ​ត្ត​ម ដែល​ទើប​ចូលរួម​ជាមួយ​ក្លិប​ក្នុង​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ជើង​ទី​២ សុទ្ធតែ​បានរួម​ចំណែក​ជាមួយ​ជ័យជម្នះ​របស់​ក្រុម សម្រាប់​ជំនួប​សប្តាហ៍​ទី​១៤​កាល​ចុង​សប្តាហ៍​កន្លងមកនេះ​។ ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃ​សៅរ៍​ទី​១៤ ខែកក្កដា ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានតែ​តបាល់​បញ្ចូល​ទី​នាំមុខ ១-០ សម្រាប់​បឹងកេត​នៅ​នាទី​៧២​។ ហើយ​មួយ​គ្រាប់​នេះ ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ ១-០ លើ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ផងដែរ​។

​មួយ​គ្រាប់​របស់ វឌ្ឍនាកា មិន​ត្រឹមតែ​ជួយ​ឲ្យ​បឹងកេត​បន្ត​ឈរ​កំពូល​តារាង​ជាមួយ​៣៦​ពិន្ទុ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឲ្យ​ក្រុម​នេះ​អាច​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​ទៀតផង​។ សម្រាប់​១៤​ប្រកួត​កន្លងមកនេះ បឹងកេត​ឈ្នះ​១១ និង​ស្មើ​៣​ប្រកួត​។ ចំណែក​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ដែល​ឈរ​លេខ​រៀង​ទី​៦​បាន​ធ្លាក់​ទៅ​ឈរ​លេខ​រៀង​ទី​៧ ដោយ​រក្សា​២០​ពិន្ទុ​ដដែល​។

​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា កាលពី​ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៤-២​។ ក្នុងនោះ​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ជា​អ្នកសម្រេច​គ្រាប់​បាល់​ទី​៤​សម្រាប់​ក្រុម​ភ្ញៀវ​នៅ​នាទី​៧៤ បន្ទាប់ពី​កីឡាករ ណុប តុលា សម្រេចបាន​ពីរ​គ្រាប់​នៅ​នាទី​ទី​៩ និង​៧១ និង​កីឡាករ Sergio Barboza រកបាន​១​គ្រាប់​នៅ​នាទី​ទី​៣៦​។ ចំណែក​គ្រាប់​បាល់​ទាំងពីរ​គ្រាប់​របស់​អគ្គិសនី​សម្រេច​ដោយ​កីឡាករ ម៉ាត់ នូ​រុណ តាមរយៈ​ការទា​ត់បាល់​ពិន័យ​១​គ្រាប់​នៅ​នាទី​ទី​៦៤ មុន​បន្ថែម​១​គ្រាប់​ទៀត​នៅ​នាទី​៦៨​។



​ជ័យជម្នះ​នេះ ជួយ​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ស្ថិតនៅ​លេខ​រៀង​ទី​៨​កាលពី​សប្តាហ៍​មុន​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៦​មាន​២០​ពិន្ទុ​ក្នុង​ដៃ​។ ចំណែក​ក្រុម​អគ្គិសនី​កម្ពុជា​បន្ត​ឈរ​លេខ​រៀង​ទី​១១ ក្នុង​តំបន់​គ្រោះថ្នាក់​មាន​៥​ពិន្ទុ​។

​ការប្រកួត​នៅ​កីឡដ្ឋាន RSN កាលពី​ថ្ងៃអាទិត្យ នោះដែរ ក្រុម​ភ្ញៀវ​វិសាខា បានផ្តល់​ការខកចិត្ត​ដល់​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​ជាមួយ​លទ្ធផល ៣-១​។ កីឡាករ កែវ សុខ​ផេង អតីត​ខ្សែប្រយុទ្ធ​ក្លិប​ភ្នំពេញ​ក្រោ​ន ដែល​ចាកចេញ​កាលពី​ឆ្នាំ​២០១៧ ជា​អ្នកសម្រេច​គ្រាប់​បាល់​ទី​៣ សម្រាប់​វិសាខា​នៅ​នាទី​៨៨ ក្រោយ​ខ្សែប្រយុទ្ធ Cheo Myong-ho និង​កីឡាករ ទិ​ត្យ ឌី​ណា សម្រេចបាន​ម្នាក់​១​គ្រាប់​នៅ​នាទី​២៥ និង​៦៤​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​វិសាខា​ឡើងទៅ​ឈរ​លេខ​រៀង​ទី​២​មាន​៣២​ពិន្ទុ​ស្មើ​ណាហ្គា​វើ​ល ក្រោយ​ឈ្នះ Head to Head​។ ចំណែក​ភ្នំពេញ​ក្រោ​នប​ន្ត​ឈរ​លេខ​រៀង​ទី​៥​ជាមួយ​២១​ពិន្ទុ​។​

​ក្រោយ​គ្រប់គ្រង​លេខ​រៀង​ទី​២​ក្នុង​តារាង​បាន​៣​សប្តាហ៍ ណាហ្គា​វើ​ល​បាន​ធ្លាក់​ទៅ​ឈរ​លេខ​រៀង​ទី​៣​មាន​៣២​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ពួកគេ​ស្មើ ១-១ ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នា​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​កាលពី​ថ្ងៃអាទិត្យ​។ ចំណែក​អង្គ​រថា​យ​ហ្គឺ​រ​បន្ត​ឈរ​លេខ​រៀង​ទី​១០​ជាមួយ​១២​ពិន្ទុ​។ កីឡាករ Matthew Osa សម្រេច​គ្រាប់​បាល់​សម្រាប់​ណាហ្គា​វើ​ល និង​កីឡាករ Sugiyama Joichiro រក​គ្រាប់​បាល​សម្រាប់​អង្គ​រថា​យ​ហ្គឺ​រ​។

​ដោយឡែក ក្រុម​ក្រសួងការពារជាតិ​បាន​បន្ត​ឈរ​លេខ​រៀង​ទី​៤​មាន​៣០​ពិន្ទុ ក្រោយ​ពួកគេ​យកឈ្នះ​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៣-១ នា​ជំនួប​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ កាលពី​ថ្ងៃ​សៅរ៍​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨​។ ចំណែក អាស៊ី​អឺរ៉ុប​ធ្លាក់​ទៅ​ឈរ​លេខ​៨ ដោយ​រក្សា​១៨​ពិន្ទុ​។ គ្រាប់​បាល់​របស់​ក្រសួងការពារជាតិ​រួមចំណែក​ពី​ម្នាក់​១​គ្រាប់​ពី​កីឡាករ Yoo Jae Ho, Yudai Ogawa និង​កីឡាករ កាន់ ពិសាល ខណៈ​១​គ្រាប់​របស់​អាស៊ី​អឺរ៉ុប​រកបាន​ដោយ​កីឡាករ Befolo Mbarga​។

​ក្រុម​ចំណូល​ថ្មី​សូល​ទី​ឡូ​អង្គរ ដែល​មិនទាន់​ចេញ​ឆ្ងាយ​ពី​តំបន់​គ្រោះថ្នាក់ បាន​យកឈ្នះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុង​លទ្ធផល ៣-០ នា​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​កាលពី​ថ្ងៃ​សៅរ៍​ទី​១៤ កក្កដា ដើម្បី​ពង្រឹង​ទីតាំង​លេខ​១០​ជាមួយ​១២​ពិន្ទុ​។ ចំណែក​វេ​ស្ទើ​ន​បាន​ឈរ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​។ ៣​គ្រាប់​របស់​សូល​ទី​ឡូ​អង្គរ​រកបាន​ពីរ​គ្រាប់​ដោយ​កីឡាករ Debiro Dzarma Bata និង​១​គ្រាប់​ដោយ​កីឡាករ កែវ សុផល​៕ 


Tag:
 Cambodian League 2018
  ចាន់ វឌ្ឍនាកា​
  ប្រាក់ មុន្នី​ឧ​ត្ត​ម​
  កែវ សុខ​ផេង
© រក្សាសិទ្ធិដោយ thmeythmey.com