ជាតិ
សង្គមជាតិ
ក្រសួង​៖ ស្រា​សមានជាតិ​មេ​តា​ណុល​ខ្ពស់ ទើប​បណ្តាល​ឲ្យ​មនុស្ស ៣​នាក់​ស្លាប់ និង​៦២​នាក់ ធ្លាក់ខ្លួន​ឈឺ​នៅ​ក្រចេះ
16, Jul 2018 , 4:16 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងសុខាភិបាល
រូបភាពពីហ្វេសប៊ុកក្រសួងសុខាភិបាល
ដោយ:
​ក្រុមការងារ​ថ្នាក់ជាតិ​នៃ​ក្រសួងសុខាភិបាល បាន​រកឃើញថា ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ ស្លាប់​៣​នាក់ និង​ឈឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៦២​នាក់ គឺ​បណ្ដាលមកពី​ផឹក​ស្រាស ដែលមាន​ជាតិ​មេ​តា​ណុល​កម្រិត​ខ្ពស់​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​។​



​លទ្ធផល​ពី​ក្រុមការងារ​ថ្នាក់ជាតិ​នៃ​ក្រសួងសុខាភិបាល បានឱ្យដឹងថា ប្រជាពលរដ្ឋ​១២​នាក់ ដែល​រស់នៅ​ភូមិ​រវៀង​មានជ័យ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ជួបជុំគ្នា​ក្នុង​កម្មវិធី​ពិសា​អាហារ​ដោយមាន​ការផឹក​ស្រាស​ផងដែរ កាលពី​ថ្ងៃទី​១២ ខែកក្កដា​។ លុះ​នៅ​ថ្ងៃទី​១៣-១៤ ខែ​ដដែល ក្នុងចំណោម​ទាំង​១២​នាក់ អ្នក​ដែល​បាន​ផឹក​ស្រាស មាន​៣​នាក់​បាន​ស្លាប់​។​

​បន្ទាប់មក នៅ​ថ្ងៃទី​១៣ ខែកក្កដា ក៏មាន​ប្រជាពលរដ្ឋ​៤៨​នាក់​ផ្សេងទៀត បាន​ពុល​ស្រាស ពេល​ផឹក​នៅក្នុង​ពិធី​បុណ្យសព​អ្នក​ទាំង​៣​នាក់ ដែល​បាន​ស្លាប់​ដោយសារ​ផឹកស្រា​លើក​មុន​។ ប៉ុន្តែ ក្នុងចំណោម​អ្នក​ទាំង​៤៨​នាក់​នោះ គ្មាន​អ្នកណាម្នាក់ បាន​បាត់​បង់ជីវិត​ឡើយ​។

​នៅ​ថ្ងៃទី​១៣ ខែកក្កដា​ដដែល ស្រាប់​តែមាន​ប្រជាពលរដ្ឋ​៣​នាក់​ទៀត បាន​ពុល​ស្រាស និង​៩​នាក់ ឈឺ​ដោយសារ​ជំងឺ​ផ្សេងៗ ពេល​ចូលរួម​ក្នុង​វិធី​សែនអ្នកតា​។
​លទ្ធផល​នោះ បានឱ្យដឹង​ទៀតថា ចាប់ពី​ថ្ងៃទី​១៣-១៥ ខែកក្កដា អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត និង​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក មាន​ចំនួន​សរុប ៧៣​នាក់ (​ស្រី​២១​នាក់​) ទាំង​អ្នក​ដែល​ពុល​ស្រាស និង​អ្នក​មិន​ពុល​ស្រាស ដោយ​ក្នុងនោះ ៦២​នាក់​ពុល​ស្រាស (​ស្រី​១៩)​។

«​អ្នក​ដែល​ចូល​សម្រាក​នៅ​មន្ទីរ​ព​ទ្យ​ទាំងអស់ មាន​រោគសញ្ញា ដូចជា អស់កម្លាំង ណែន​ទ្រូង ឈឺក្បាល​ព្រិល​ភ្នែក បាត់បង់​ស្មារតី វិលមុខ ឈឺពោះ រាគ​រុស ក្អួតចង្អោរ​»​។ នេះ​បើតាម​ការបញ្ជាក់ ពី​ក្រុមការងារ​ថ្នាក់ជាតិ នៃ​ក្រសួងសុខាភិបាល និង​បាន​បន្ថែមថា អ្នក​ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ខាងលើ គ្រូពេទ្យ​កំពុងតែ​តាមដាន​បន្ត​។​

​ភិ​បាល​ខេត្តក្រចេះ លោក វ៉ា ថន បានចេញ​លិខិត នៅ​ថ្ងៃទី​១៥ ខែកក្កដា ប្រាប់​ទៅ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​យ៉ាង​ដូច្នេះ​ថា ប្រជាពលរដ្ឋ ៦២​នាក់​ដែល​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ និង​បាន​ស្លាប់​៣​នាក់ គឺ​បណ្ដាលមកពី​ផឹកស្រា​សមានជាតិ​មេ​តា​ណុល​កម្រិត​ខ្ពស់​។

​ក្រុមការងារ​ថ្នាក់ជាតិ​និង​ខេត្តក្រចេះ បាន​អំពាវនាវ​ទៅ​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រឹតបន្តឹង​ការត្រួតពិនិត្យ​ក្នុង​ការផលិត ការចែក​ចាយ ការលក់ ស្រាស​ជាប្រចាំ​។ ហើយ​ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ​ទាំ​អស់ ត្រូវ​បញ្ឈប់​ការផឹក​ស្រាស ដែល​ផលិត​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​។

​នេះ​មិនមែនជា​លើក​ទី​១​នោះទេ ដែល​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ បាន​ស្លាប់ និង​ធ្លាប់ខ្លួន​ឈឺ ដោយសារតែ​ការពុល​ស្រាស​។ កាលពី​ខែឧសភា ឆ្នាំ​២០១៨ កន្លងមក មានការ​ផ្ញា​ក់​ផ្អើល​រួចមកហើយ ចំពោះ​ករណី​ពុល​ស្រាស នៅ​ខេត្តក្រចេះ ដោយ​បណ្តាល​ឲ្យ​មនុស្ស​១៣​ស្លាប់ និង​ជិត​៣០០​នាក់ ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​៕

អត្ថបទទាក់ទង



Tag:
 ​ពុល​ស្រាស​
 មេ​តា​ណុល​
  ស្លាប់​
  ព្យាបាល
© រក្សាសិទ្ធិដោយ thmeythmey.com