រថយន្ត
អន្តរជាតិ
«​មែក​សឺ​ដែ​ស​កន្ទុយ​ទូក​» ឆ្នាំ​១៩២៩ នៅតែ​ជា​រថយន្ត Classic ដ៏​ប្រណីត​លើ​ពិភពលោក
16, Jul 2018 , 8:59 pm        
រូបភាព
ដោយ: ធីតា
Mercedes-Benz S Barker Tourer “Boat Tail” ឬ «​មែក​សឺ​ដែ​ស​កន្ទុយ​ទូក​» ផលិត​ឆ្នាំ​១៩២៩ ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រភេទ​រថយន្ត Classic ដ៏​ប្រណីត​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Drivemag.com ។​



​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​រថយន្ត Concours of Elegance ឆ្នាំ​២០១៨ ដែល​រៀបចំ​នៅ​វិមាន Hampton Court Palace ពីថ្ងៃ​ទី​៣១ ខែសីហា ដល់​ថ្ងៃទី​២ ខែកញ្ញា ខាងមុខនេះ នឹង​ផ្តល់ឱកាស​ដល់​អ្នកទស្សនា​មើលឃើញ​រថយន្ត​ដ៏​ប្រណីតៗ​លើ​ពិភពលោក ក្នុងនោះ​មាន Mercedes-Benz S Barker Tourer "Boat Tail" ផងដែរ​។​

​ផលិតឡើង​នៅ​ឆ្នាំ​១៩២៩ ម៉ូ​ដែល​កន្ទុយ​ទូក​នេះ ជា​រថយន្ត​ដ៏​ពិសេស​មួយ​របស់ Mercedes-Benz ដោយ​វា​ត្រូវបាន​អភិវឌ្ឍន៍​ឲ្យ​សមស្រប​ទៅតាម​លក្ខខណ្ឌ​នៅលើ​ផ្លូវថ្នល់​។ សម្រាប់​ព្រឹត្តិការណ៍ Concours of Elegance រថយន្ត Mercedes-Benz S Barker Tourer "Boat Tail" នឹង​បង្ហាញ​វត្តមាន​ជា​លើកដំបូង​នៅ​អង់គ្លេស បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៥៨​មក​។​



​តាមពិតទៅ រថយន្ត​នេះ វិ​វត្ត​ដំបូង​ពី Mercedes-Benz Typ S (W06)​។ វា​បាន​ស្ថិតក្រោម​កម្ម​សិទ្ធ​របស់​លោក Earl Howe សហ​ស្ថាបនិក​ក្រុម Britih Racing Drivers’ Club ដោយ​លោកនិយម​ប្រើប្រាស់​សាកល្បង​ក្នុងការ​ប្រណាំង ហើយ​នៅ​ឆ្នាំ​១៩៥៨ វា​បាន​ក្លាយជា​កម្មសិទ្ធិ​រប​ស់ជន​ជាតិ​អាមេរិក​ម្នាក់​។ ក្រោយមកទៀត គេ​បាន​រកឃើញថា ម្ចាស់​ចុងក្រោយ​របស់​រថយន្ត​នេះ គឺ​លោក Bruce McCaw​។​

​ក្រៅពី​រថយន្ត​ប្រណីត​ដ៏​កម្រ​មួយ​នេះ ព្រឹត្តិការណ៍ Councours of Elegance នឹង​បង្ហាញ​ម៉ូដ​រថយន្ត​ចំណាស់ និង​កម្រ​ប្រមាណ​ជាង​៦០​គ្រឿង រួមទាំង​ផលិតផល​នៃ​ឧ​ស្សហកម្ម​រថយន្ត​ចន្លោះ​ពី​ឆ្នាំ​១៩០៣ រហូតដល់​ឆ្នាំ​២០១៨ នេះ​៕







© រក្សាសិទ្ធិដោយ thmeythmey.com