ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
បក្ស​ខ្មែរ​សាធារណរដ្ឋ​ចុះទៅ​ជួប​ពលរដ្ឋ​ផ្ទាល់ ព្រោះ​មិន​ចូលចិត្ត​ដាក់​មេក្រូ​ឃោសនា​
16, Jul 2018 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុង​រដូវ​កាល​នៃ​ការឃោសនាបោះឆ្នោត គណបក្ស​ខ្មែរ​សាធារណរដ្ឋ មិនមាន​ការឃោសនា​ទ្រង់ទ្រាយ​ធំ​ឡើយ​។ ការមិន​ឃោសនា​ទ្រង់ទ្រាយ​ធំ ព្រោះ​គណបក្ស​ដែលមាន​លេខ​រៀង​ទី​១១​នេះ ចង់​ចុះ​ជួប​ពលរដ្ឋ​ផ្ទាល់​នៅតាម​មូលដ្ឋាន ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ស្គាល់ និង​បានដឹងថា បេក្ខជន​តំណាងរាស្ត្រ​របស់ខ្លួន​ជា​នរណា​។



​ការចុះ​មូលដ្ឋាន គឺជា​រឿង​សំខាន់ ដែល​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ត្រូវ​យកចិត្តទុកដាក់​។ បើតាម​លោក ហូ​ន ធៀ​ម​ទៀង អនុប្រធាន​ទី​១​នៃ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ការចុះ​មូលដ្ឋាន​ដោយផ្ទាល់​ពី​បេក្ខជន​តំណាងរាស្ត្រ ធ្វើ​ឲ្យ​ពលរដ្ឋ​បាន​ស្គាល់​បេក្ខជន​តំណាង​របស់ខ្លួន​ច្បាស់ ហើយ​បេក្ខជន​តំណាងរាស្ត្រ នៅពេល​ជាប់ឆ្នោត ក៏បាន​ស្គា​ល់ពី​ទុក្ខលំបាក ក៏ដូចជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

​លោក ហូ​ន ធៀ​ម​ទៀង បញ្ជាក់ប្រាប់​សារព័ត៌​ថ្មីៗ យ៉ាង​ដូច្នេះ​ថា​៖ «​ការឃោសនា​ដាក់​មេក្រូ តាមផ្លូវ មិនបាន​ធ្វើ​ឲ្យ​បេក្ខជន​តំណាងរាស្ត្រ​ដឹង​ពី​ទិដ្ឋភាព​ជាក់់ស្ដែង​របស់​ប្រជាពលរដ្ឋ​នោះទេ​។ យើង​ប្រើ​គ្នា​មួយក្រុម មាន​គ្នា ២​ទៅ​៣​នាក់ [​ឲ្យ​ចុះទៅ​មូលដ្ឋាន​] គឺអាច​ជ្រួតជ្រាប​ដល់​មនុស្ស​រាប់រ​យ​នាក់​»​។​



​អនុប្រធាន​គណបក្ស បាន​អះអាងថា គណបក្ស​សាធារណរដ្ឋ មិនមែនជា​កូនអុក របស់​គណបក្សកាន់អំណាច​ឡើយ​។ បច្ចុប្បន្ន គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដែលមាន​កូនប្រុស​រប​ស់លោក លន់ នល់ គឺ​លោក លន់ រិ​ទ្ធ ជា​ប្រធាន បាន​ឃោសនា​ស្វែងរក​សំឡេងឆ្នោត​ដោយ​ប្រើ គោលនយោបាយ​ចំនួន ៨​ចំណុច​។ ទី​១ កែទម្រង់​រដ្ឋធម្មនុញ្ញ​ឲុ្យ​បាន​ស៊ីជម្រៅ​។ ទី​២ កំណត់​អាណត្តិ​របស់​នាយករដ្ឋមន្ត្រី ដោយ​ឲ្យ​ដឹកនាំ​យ៉ាងយូរ​២​អាណត្តិ ហើយ​មួយ​អាណត្តិ​មាន​រយៈពេល​៥​ឆ្នាំ​។ ទី​៣ កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង និង​លុបបំបាត់​គ្រឿងញៀន​។ ទី​៤​លុបបំបាត់​ការកាប់បំផ្លាញ​ព្រៃឈើ​។ ទី​៥ ជំរុញ​ទេសចរណ៍ធម្មជាតិ វប្បធម៌ ហើយ​ធានា​សុវត្ថិភាព​ស្បៀងអាហារ​។ ទី​៦ លើក​តម្លៃ​ការសិក្សា​ស្រាវជ្រាវ ការពិសោធ និង​ការកែច្នៃ​គ្រប់​ប្រភេទ​។ ទី​៧ ធ្វើ​ឲ្យ​មាន​សីលធម៌ វប្បធម៌ និង​ស្មារតី​ជាតិនិយម​ឡើងវិញ​។ ទី​៨ សើរើ​ឡើងវិញ​នូវ​ភាពមិនប្រក្រតី​ក្នុង​ការផ្ដល់​កម្មសិទ្ធិ ដល់​ជនអន្តោប្រវេសន៍​ខុសច្បាប់ និង​ពិនិត្យមើល​ឡើងវិញ​ការបោះបង្គោល​ព្រំដែន​គោក និង​ព្រំ​ដែនទឹក​ជាមួយ​ប្រទេសជិតខាង​។​

​ក្នុងការ​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​អាណត្តិ​ទី​៦​នេះ គណបក្ស​ខ្មែរ​សាធារណរដ្ឋ មាន​បេក្ខជន​ឈរឈ្មោះ​ចំនួន ១០​មណ្ឌល ស្មើ​និង​៦១​អាសនៈ​។ មណ្ឌល​ទាំង​១០ នោះ​មាននៅ ខេត្តកំពង់ចាម​, កំពង់ធំ​, ព្រះវិហារ​, សៀមរាប​, ឧ​ត្ត​រ​មានជ័យ​, បន្ទាយមានជ័យ​, បាត់ដំបង​, តាកែវ​, ក្រចេះ និង​ភ្នំពេញ​៕




Tag:
 គណបក្ស​
 ​បោះឆ្នោត​
 ​ឃោសនា
© រក្សាសិទ្ធិដោយ thmeythmey.com