ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ថា ប្រជាជនកម្ពុជានឹងមានចំណូលដល់ ១៥៦៣ ដុល្លារនៅឆ្នាំនេះ រូបថត AFP
× ភ្នំពេញ៖ ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជាម្នាក់ៗ (GDP per Capita) ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១៥៦៣ ដុល្លារអាមេរិកនៅឆ្នាំ២០១៨នេះ។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១របស់ NBC ដែលចេញផ្សាយនៅកាលពីថ្ងៃទី១៤ខែកក្កដា។
ប្រាក់ចំណូលប្រជាជនកម្ពុជាឆ្នាំ២០១៨នេះ ច្រើនជាងឆ្នាំ២០១៧ ប្រមាណជាង ១០០០ដុល្លារ បើធៀប ១៤៣៤ដុល្លារនៅឆ្នាំមុន ដែលជាតួលេខសូចនាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងរបាយការណ៍ខាងលើនេះ ធនាគារជាតិ បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៧ភាគរយនៅឆ្នាំនេះ។ នៅឆមាសទី១ឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជាបានបន្តរីកចម្រើនប្រកបដោយភាពជឿជាក់ ដោយរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ។ របាយការណ៍បន្តថា ស្ថិរភាពនេះនឹងពង្រីកសកម្មភាពវិនិយោគ ការដោះដូរពាណិជ្ជកម្ម ស្របតាមកំណើនប្រាក់ចំណូលរបស់ប្រជាជន។
ចំពោះអតិផរណានៅឆ្នាំ២០១៨ ដែលជះឥទ្ធិពលដល់ការចាយវាយរបស់ពលរដ្ឋ ត្រូវបានព្យាករថាមានកម្រិត ៣ភាគរយ ប្រហាក់ប្រហែលនឹងឆ្នាំ២០១៧ដែរ។ តម្លៃម្ហូបអាហារឡើងថ្លៃ ៣,២ភាគរយ ទាបជាង ៣,៤ភាគរយនៅឆ្នាំ២០១៧ ដោយសារការថមថយកំណើនថ្លៃម្ហូបអាហារពីប្រទេសថៃ និងវៀតណាម និងកំណើនផលិតកម្មក្នុងវិស័យកសិកម្មក្នុងស្រុក។
ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈកើនឡើង ៣,៧ភាគរយ ខ្ពស់ជាង ២,១ភាគរយនៅឆ្នាំ២០១៧ ដោយសារការថយចុះការផ្គត់ផ្គង់ប្រេងនៅលើពិភពលោក។
នៅឆមាសទី១ឆ្នាំនេះ អតិផរណាជាមធ្យមមានកម្រិត ២,៦ភាគរយ ធៀបនឹង ៣,៥ភាគរយនៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៧ ដោយសារការថយថមនៃកំណើនថ្លៃម្ហូបអាហារ៕
© រក្សាសិទ្ធិដោយ thmeythmey.com