ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​សុខាភិបាល ប្រកាស​មិន​លើកលែង​ឲ្យ​គ្លីនិក​ឯកជន​ណា ដែល​នៅតែ​ផ្គើន​នឹ​ងច្បាប់​
17, Jul 2018 , 1:02 pm        
រូបភាព
​គ្រប់​គ្លីនិក​ឯកជន​នៅ​កម្ពុជា នឹងត្រូវ​ទទួលទោស បើ​មិន​គោរព​ច្បាប់ និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ នេះ​ជាការ​ព្រមាន​របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។​


 
​សារ​ព្រមាន​ធ្ងន់ៗ​របស់លោក ម៉ម ប៊ុនហេង នាពេលនេះ គឺធ្វើឡើង បន្ទាប់ពី​សង្កេតឃើញ​ម្ចាស់​គ្លីនិក​មួយចំនួន មិន​ព្រម​អនុវត្តតាម​ការណែនាំរ​ប​ស់លោក ដែល​បាន​ដាក់ចេញ​កាលពី​លើក​មុនៗ​។ កន្លងមក លោក ធ្លាប់​ហាម​ម្ចាស់​គ្លីនិក មិន​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​សេវាកម្ម​បង្ក​កំណើត​សិប្ប​និមិត្ត ដែល​ក្រសួង មិនទាន់បាន​អនុញ្ញាត​។ 
 
​យ៉ាងណាក៏ដោយ បច្ចុប្បន្ន នៅតែមាន​ម្ចាស់​គ្លីនិក​ខ្លះ បន្ត​ផ្សព្វផ្សាយ​ដដែល​។ រដ្ឋមន្ត្រី​រូបនេះ ប្រាប់​ម្ចាស់​គ្លីនិក​ទាំងនោះ ឲ្យ​រង់ចាំ​ការកើតឡើង​នូវ​ច្បាប់​ស្តីពី​ការ​ពរ​ពោះ​ជំនួស និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​សេវា​សុខាភិបាល ជាមុនសិន ហើយ​បន្ទាប់មកទើប​ក្រសួង សម្រេច​ថា​អនុញ្ញាតឲ្យផ្សព្វផ្សាយ ឬ​យ៉ាងណា​។​
 
​តាមរយៈ​សេចក្តីជូនដំណឹង ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ លោក ម៉ម ប៊ុនហេង បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​នេះ​ជាការ​រម្លឹក​លើកចុងក្រោយ ដល់​ម្ចាស់​គ្លីនិក​ឯកជន ដែល​មិន​គោរព​ច្បាប់ និង​ប្រកាស​របស់​ក្រសួង​។ ប្រសិនបើ ម្ចាស់​គ្លីនិក នៅតែ​បន្តសកម្មភាព នឹងត្រូវ​ទទួលទោស​តាមច្បាប់​»៕
 

Tag:
 ក្រសួងសុខាភិបាល​
  គ្លីនិក​
© រក្សាសិទ្ធិដោយ thmeythmey.com