សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ការរីកចម្រើន​សេដ្ឋកិច្ច​របស់​ចិន​មាន​ភាពយឺតយ៉ាវ​នៅ​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ ២០១៨ នេះ​
17, Jul 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​រដ្ឋាភិបាល​ចិន​បានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សេដ្ឋកិច្ច​របស់ខ្លួន​មានការ​រីកចម្រើន​យឺតយ៉ាវ​បន្តិចបន្តួច​នៅ​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ ២០១៨ នេះ ស្រប​ពេលដែល​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក​កាន់តែ​កើនឡើង​។ រដ្ឋាភិបាល​ចិន​ក៏បាន​ព្រមាន​ផងដែរ​ថា ប្រសិនបើ​ជម្លោះ​ពាណិជ្ជកម្ម​នេះ​នៅតែ​បន្ត នោះ​វា​នឹង​ប៉ះពាល់​ដល់​ពិភពលោក​ទាំងមូល​។



​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែលជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នៅលើ​ពិភពលោក​បាន​កើនឡើង​ចំនួន ៦,៧ ភាគរយ នៅ​ចន្លោះ​ខែមេសា និង​ខែមិថុនា ដែលមាន​ការថយចុះ​ពី​ចំនួន ៦,៨ ភាគរយ​កាលពី​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ ២០១៨ នេះ​។​

​រដ្ឋាភិបាល​ចិន​បាន​ផ្សព្វផ្សាយ​ទិន្នន័យ​នេះ​នៅ​ចំ​ពេលដែល​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk បាន​និយាយ​នៅឯ​កិច្ចប្រជុំ​របស់​សហភាព​អឺរ៉ុប​ជាមួយនឹង​ប្រទេស​ចិន​នៅក្នុង​ទីក្រុង​ប៉េកាំង​ថា ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​អាចឈាន​ទៅដល់ «​ជម្លោះ​ដ៏​ក្ដៅគគុក​» មួយ ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក ចិន និង​រុស្ស៊ី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​។​

​ទោះបីជា​មានការ​ប្រកាស​ដូចនេះ​ក៏ដោយ ក៏​គេ​ឃើញថា ការរីកចម្រើន​សេដ្ឋកិច្ច​របស់​ចិន​គឺ​នៅតែ​ខ្ពស់ជាង​គោលដៅ​ប្រចាំឆ្នាំ​របស់​រដ្ឋាភិបាល​ចិន​ដែល​ចង់​ឲ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​ក្នុង​កម្រិត​ប្រហែល ៦,៥ ភាគរយ​ដដែល​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រឈម​នឹង​សមរភូមិ​ជួរមុខ​ជាច្រើន​ដើម្បី​ការពារ​សេដ្ឋកិច្ច​របស់ខ្លួន ដោយ​ត្រូវ​ប្រឹងប្រែង​កាត់បន្ថយ​គំនរ​បំណុល​របស់ខ្លួន​ស្រប​ពេលដែល​រូបិយវត្ថុ​យ័ន​របស់ខ្លួន និង​ទីផ្សារ​ភាគហ៊ុន​របស់ខ្លួន​មានការ​ធ្លាក់ចុះ​។​

​លោក Mao Shengyong អ្នកនាំពាក្យ​ការិយាល័យ​ស្ថិតិ​ជាតិ​នៃ​ប្រទេស​ចិន​បាន​និយាយថា​៖ «​ទស្សនៈ​គាំពារ​និយម​តែ​ផលិតផល​ក្នុងប្រទេស​នៃ​ពាណិជ្ជកម្ម​ពិភពលោក​នៅតែ​បន្ត​កើនឡើង ដែល​បង្ក​ជា​បញ្ហា​ប្រឈម​ដ៏​ចម្បង​មួយ​សម្រាប់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចពិភពលោក និង​ជាការ​បន្ថែម​នូវ​ការ​ប្រឈម និង​ភាពស្រពិចស្រពិល​សម្រាប់​ប្រទេស​ចិន​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com