ជាតិ
បោះឆ្នោត
ទឹក​ថ្នាំ​ជ្រលក់​ដៃ លែង​ជា​បញ្ហា​ចោទ​សម្រាប់​ការបោះឆ្នោត ក្រោយពី​ស្ថាប័ន​ពាក់ព័ន្ធ​ទទួលស្គាល់​គុណភាព​
17, Jul 2018 , 5:22 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទឹក​ថ្នាំ​ជ្រលក់​ដៃ សម្រាប់​ការបោះឆ្នោត លែង​ជា​បញ្ហា​ចោទ​ទៀតហើយ បន្ទាប់ពី​ស្ថាប័ន​ពាក់ព័ន្ធ ទទួលស្គាល់​គុណភាព​។ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានរៀបចំ​ការធ្វើ​តេស្ត​គុណភាព​ទឹក​ថ្នាំ នៅ​ថ្ងៃទី​១៧ កក្កដា​នេះ ដើម្បី​បញ្ចប់​មន្ទិលសង្ស័យ​សាធារណជន​។​



​អគ្គលេខាធិការ គ​.​ជ​.​ប លោក ទេព នីថា បាន​ពន្យល់ថា ទឹកខ្មៅ​ប្រើ​ក្នុងពេល​បោះឆ្នោត​នេះ បាន​ផ្សំ​ពី​សារធាតុ​សូលុយស្យុង​ប្រាក់​នីត្រាត ដែលមាន​ធាតុ​ប្រាក់​២៥​ភាគរយ ហើយ​មានគុណ​ភាពល្អ និង​មិន​ប៉ះពាល់​ដល់​សុខភាព​ឡើយ​។ លោក ទេព នីថា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​បាន​បញ្ជា​ទិញ​តាម​រូបមន្ត​ដដែល ក្រុមហ៊ុន​ដដែល នៅពេលដែល​ជ្រលក់​ហើយ​ដើរ​ត្រូវ​ថ្ងៃនោះ នឹង​ឡើង​ខ្មៅ​ខ្លាំង​មិន​ខាន​។ ការសាកល្បង​ក៏បាន​បង្ហាញ​ដែរ ថា​គុណភាព​គឺ​ល្អ​ដូច​មុន​»​។​



​បើតាម​លោក ទេព នីថា ប្រភេទ​ទឹក​ថ្នាំ​សម្រាប់​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦​នេះ គឺជា​ប្រភេទ​ទឹក​ថ្នាំ​តែមួយ ដែល​យកមកប្រើ​ប្រាស់​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​កន្លងមក​ដែរ​។

​ការធ្វើ​តេស្ត​លើ​គុណភាព​ទឹក​ថ្នាំ​នេះ ក៏មាន​ការចូលរួម​ពី​ខាង​គណបក្សនយោបាយ សង្គម​ស៊ីវិល និង​បណ្ដា​អង្គទូត​ប្រចាំ​កម្ពុជា​ផងដែរ​។​

​លោក សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​អង្គការ​និក​ហ្វិ​ក ដែល​បាន​ជ្រលក់​ដៃ​សាកល្បង​ទឹក​ថ្នាំ​នេះ ទទួលស្គាល់ថា ទឹក​ថ្នាំ​ជ្រលក់​ដៃ​សម្រាប់​ការបោះឆ្នោត ពិត​ជាមាន​គុណភាព ដែល​អាច​ទុកចិត្តបាន​។ ថ្លែង​ក្រោយ​សន្និសីទកាសែត ដែល​រៀបចំ​នៅ​គជប លោក សំ គ​ន្ធា​មី បញ្ជាក់បន្ថែម​ដូច្នេះ​ថា​៖ «​ទឹកខ្មៅ​នេះ ទោះ​ព័ណ៌​រៀង​ស្រាល​បន្តិច​មែន នៅពេលដែល​យើង​នៅ​កន្លែង​ត្រជាក់​ដូច្នេះ​។ តែ​វា​មិនអាច​លុប​បានទេ ព្រោះ​ខ្ញុំ​បាន​លុប​ហើយ​។ សរុបទៅ​ទឹក​ថ្នាំ​នេះ​អាច​ជឿជាក់​បាន​»​។​

​ចំណែក​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សួង សារ៉ាត់ ក៏​មិន​ព្រួយបារម្ភ​លើ​បញ្ហា​គុណភាព​ទឹក​ថ្នាំ​ជ្រលក់​ដៃ​នេះដែរ​។ «​អាច​ចាត់ទុកថា​ជា​ទឹក​ថ្នាំ​មួយ​ល្អ អាច​ទទួលយកបាន​។ តាម​សង្កេត​ទៅលើ​ទឹក​ថ្នាំ​មិនមាន​អ្វីដែល​មិន​ប្រក្រតី​ទេ ឬ​អាច​លាង​ជ្រះ​ភ្លាមៗ ឬ​ក្នុង​រយៈពេល​មួយថ្ងៃ​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សួង សារ៉ាត់ ។​

​តែ​យ៉ាង​ណាគ​.​ជ​.​ប នឹង​រៀបចំ​ឲ្យ​មានការ​ពិនិត្យ និង​ធ្វើតេស្ត​លើ​គុណភាព​ទឹក​ថ្នាំ​នេះ ជា​លើក​ទី​២ ដោយមាន​ការចូលរួម​ពី​ភាគី​ក្រុមហ៊ុន និង​អ្នក​ផលិត​ពី​ប្រទេស​ឥណ្ឌា ដើម្បី​បង្ហាញ​ភាពត្រឹមត្រូវ​របស់​គ​.​ជ​.​ប និង​បញ្ចប់​មន្ទិលសង្ស័យ​រប​ស់​សាធារណជន​។ នេះ​បើតាម​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប ដែល​ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក​។​

​ទឹក​ថ្នាំ​ជ្រលក់​ដៃ​នេះ ត្រូវបាន គ​.​ជ​.​ប បញ្ជា​ទិញ​ចំនួន ៥១,០០០​ដប ស្មើនឹង ៥,១០០​ប្រអប់ និង​ចំណាយ​ប្រាក់​អស់ ៨០០​ពាន់​ដុល្លារ​អាមេរិក​។​ទឹកខ្មៅ​ជ្រលក់​ដៃ​នេះ ត្រូវបាន​ក​ម្ម៉​ង់​ទិញ​ពី​ក្រុមហ៊ុន MYSORE PAINTS&VARNISH LTD. នៅ​ប្រទេស​ឥណ្ឌា​។ ជាមួយគ្នានេះ​ទឹក​ថ្នាំ ត្រា និង​សន្លឹកឆ្នោត នឹង​បញ្ជូន​ទៅកាន់​ការិយាល័យ​បោះឆ្នោត​យ៉ាងយូរ​មួយ​យប់​មុន​ថ្ងៃ​បោះឆ្នោត​។​

​ការបោះឆ្នោត​នៅក្នុង​អាណត្តិ​ទី​៦​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ដោយមាន​គណបក្ស​ចំនួន​២០​ចូលរួម ខណៈ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​សរុប​ចំនួន ៨,៣៨០,២១៧​នាក់ និង​មាន​ការិយាល័យ​សរុប​ចំនួន ២២,៩៦៧ ការិយាល័យ​៕


Tag:
 គ​.​ជ​.​ប​
 ​បោះឆ្នោត​
  ទឹក​ថ្នាំ​ជ្រលក់​ដៃ
© រក្សាសិទ្ធិដោយ thmeythmey.com