ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រាប់មន្ត្រីពាក់ព័ន្ធឲ្យត្រៀមសង្គ្រោះពលរដ្ឋករណីមានទឹកជំនន់ រូបភាព៖ពីហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ស្ពឺ
×
ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ដើម្បីត្រៀមបង្ការ និងសង្គ្រោះប្រជាពលរដ្ឋក្នុងពេលមានទឹកជំនន់។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញផ្សាយនៅថ្ងៃទី ១៧ កក្កដា បានបញ្ជាក់ដូច្នេះ៖«រដ្ឋបាលក្រុង-ស្រុក ត្រូវត្រៀម និងយកចិត្តទុកជួយសង្គ្រោះ កុមារតូចៗ ចាស់ជរា និងជនពិការជាដើម»។
ក្រៅពីត្រៀមអន្តរាគមន៍ពេលមានគ្រោះទឹកជំនន់ អាជ្ញាធរខេត្តកំពង់ស្ពឺ ក៏ណែនាំឲ្យមន្ទីរកសិកម្មខេត្ត និងជំនាញពាក់ព័ន្ធ តាមដាន និងបង្ការជំងឺសត្វពាហនៈគ្រប់ប្រភេទ ជាពិសេសជួយសង្គ្រោះសន្ទូង សំណាបរបស់ពលរដ្ឋ ខណៈដែលមន្ទីរសុខាភិបាលខេត្ត ត្រូវត្រៀមថ្នាំសង្កូវសម្រាប់បង្ការ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ នេះបើតាមសេចក្ដីជូនដំណឹងដដែល។
ភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យតំបន់មួយចំនួន ក្នុងប្រទេសកម្ពុជា មានជំនន់ទឹកភ្លៀង។ នៅថ្ងៃទី ១៧ កក្កដា អាជ្ញាធរបានផ្អាកចរាចរណ៍បណ្ដោះអាសន្ន នៅកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានអូរគគី ព្រំប្រទល់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាប់ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយសារជំនន់ទឹកភ្លៀងនេះ ខណៈភូមិចំនួន៦ នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក៏បានរងគ្រោះព្រោះជំនន់ទឹកភ្លៀងដែរ៕
Tag:
កំពង់ស្ពឺ
ទឹកជំនន់
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com