ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បោះឆ្នោត
នយោបាយជាតិ
លោក សាម អ៊ីន៖ «ខ្ញុំចង់ប្រើជីវិតចុងក្រោយ ដើម្បីសាបព្រោះវប្បធម៌នយោបាយទន់ភ្លន់»
18, Jul 2018 ,
4:34 pm
រូបភាព
រូបពីហ្វេសប៊ុកលោក សាម អ៊ីន
×
ដោយ:
រំដួល ចិត្រា (Romdoul Chetra)
ភ្នំពេញ៖ រយៈពេល៣ឆ្នាំហើយ ដែលលោក សាម អ៊ីន បានប្រឡូកចូលក្នុងសកម្មភាពនយោបាយ។ វាជារឿងលំបាកមួយសម្រាប់លោក សាម អ៊ីន ដែលត្រូវយកសមត្ថភាពក្មេងខ្ចីខ្លួន ទៅប្រកួតជាមួយអ្នកនយោបាយគណបក្សដទៃ។ ការចាញ់- ឈ្នះ គឺជារឿងមួយចំពោះមុខ ប៉ុន្តែមហិច្ឆតាចង់សាបព្រោះវប្បធម៌នយោបាយទន់ភ្លន់ ទើបជាគោលដៅធំរបស់អតីតនាយកប្រតិបត្តិអង្គការក្រៅរដ្ឋាភិបាលមួយនេះ។
«សតិសម្បជញ្ញៈរបស់ខ្ញុំ បានសួរខ្ញុំថា តើខ្ញុំអាចធ្វើអ្វីឲ្យបានខ្លាំងជាង(ការងារអង្គការ)នេះ ដើម្បីផ្ដល់ប្រយោជន៍ដល់មាតុភូមិកំណើតរបស់យើង»។ នេះជាការសម្រេចចិត្តរបស់លោក សាម អ៊ីន ដែលឈានជើងចូលក្នុងវិស័យនយោបាយ បន្ទាប់ពីលោកបានស្គាល់លោក យ៉ង សាំងកុមារ លោក យ៉េង វីរៈ និងលោក កែម ឡី (ស្លាប់) នៅឆ្នាំ២០១៣ ដែលជាព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥។
តាមហាងកាហ្វេតូច ធំ បន្ទប់សិក្ខាសាលា និងទីកន្លែងសមរម្យផ្សេងៗ គឺជាទីតាំងដែលលោក សាម អ៊ីន និងក្រុមបណ្ឌិតមួយចំនួន ដែលភាគច្រើនជាប្រធានអង្គការដូចគ្នា តែងតែអង្គុយជុំគ្នា ដើម្បីពិភាក្សា និងវាយតម្លៃ លើទិដ្ឋភាពនយោបាយកម្ពុជា។ ស្ថានភាពនយោបាយក្តៅរវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ (អំឡុង២០១៣-២០១៥) ហើយដំណោះស្រាយមានតិចតួច ស្របពេលដែលមតិយោបល់ដោះស្រាយបញ្ហាជាតិរបស់ក្រុមខ្លួន ត្រូវបានអ្នកនយោបាយទាត់ចោលជាញឹកញយផងនោះ ទើបធ្វើឲ្យក្រុមបញ្ញវន្ត ដែលកាន់សញ្ញាបត្របណ្ឌិតពីបរទេសទាំងនេះ មិនពេញចិត្ត ហើយសម្រេចបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅខែសីហាឆ្នាំ២០១៥។
ការបង្កើតគណបក្សចូលរួមប្រកួតប្រជែងសំឡេងឆ្នោត ដើម្បីដឹកនាំប្រទេសឲ្យល្អ គឺជារឿងសំខាន់មួយ ប៉ុន្តែគោលបំណងចង់បង្រៀនឲ្យអ្នកនយោបាយចាស់វស្សាទាំងឡាយ ចេះប្រើគោលនយោបាយបង្រួបបង្រួមជាតិ និងស្រលាញ់ជាតិជាធំ ជាងប្រយោជន៍ខ្លួន ក៏ជាគោលដៅដ៏ធំមួយដែរ សម្រាប់លោក សាម អ៊ីន ។
ខ្ញុំចង់ប្រើជីវិតចុងក្រោយ ដើម្បីសាបព្រោះវប្បធម៌នយោបាយទន់ភ្លន់
ការឈានជើងចូលទីលាននយោបាយ ដែលអាចប្រឈមគ្រោះថ្នាក់ដល់ខ្លួន សុទ្ធតែជារឿងដែលលោក សាម អ៊ីន ធ្លាប់បានឃើញ បានដឹង និងបានឮ។ ប៉ុន្តែវាក៏គ្មានជម្រើសអ្វីផ្សេង សម្រាប់លោក សាម អ៊ីន ដែលឈឺឆ្អាលរឿងនយោបាយនេះពេញចិត្ត ក្រៅពីបោះជំហានចូលប្រឡូកខ្លួនឯងឡើយ។
សមរភូមិនយោបាយក្តៅ តែការប្រើនយោបាយទន់ភ្លន់ និងត្រជាក់ គឺជាគោលការណ៍មួយដែលលោក សាម អ៊ីន និងក្រុមបណ្ឌិតផ្សេងទៀត បានកំណត់រួមគ្នា មុននឹងសម្រេចចិត្តកាន់ដៃគ្នាចូលឆាកនយោបាយ។ ការប្រើប្រាស់វប្បធម៌នយោបាយទន់ភ្លន់នេះ មិនមែនមកពីលោក សាម អ៊ីន នឹងសមាជិកបក្សខ្លួន ខ្លាចរអា គណបក្សនយោបាយដទៃទេ ប៉ុន្តែដោយសារចង់ឲ្យអ្នកនយោបាយចេះសាមគ្គីគ្នា ដើម្បីកាត់បន្ថយជម្លោះ និងការបែកបាក់ផ្ទៃក្នុងជាតិ។
បុរសសម្បុរស រាងស្ដើងខ្ពស់ វ័យជាង៤០ឆ្នាំរូបនេះ បានរៀបរាប់ដូច្នេះថា៖«ក្រោយបោះឆ្នោតឆ្នាំ២០១៣ ក្រុមការងារយើងចេះតែជួបជជែកគ្នា ព្រោះយើងបារម្ភពីការវិវត្តនយោបាយស្រុកខ្មែរ ឃើញមានហានិភ័យខ្ពស់នៃភាពចលាចល វឹកវររបស់អ្នកនយោបាយចាស់គំរិល ចូលចិត្តវាយប្រហារ លាបពណ៌គ្នា ប៉ែងជើងគ្នា មើលងាយគ្នាជាដើម។ ដូច្នេះយើងក៏គិតថាគួរធ្វើអ្វីមួយ ដើម្បីកុំឲ្យរឿងអាក្រក់កើតឡើងសម្រាប់ប្រទេសកម្ពុជាយើង…។ ក្រោយមកយើងក៏គិតថា យើងគួរបង្កើតគណបក្សមួយ ដែលមានគោលការណ៍នយោបាយផ្ទៃក្នុងពិតប្រាកដ ហើយយើងត្រូវបណ្ដុះវប្បធម៌នយោបាយថ្មី វប្បធម៌នយោបាយល្អ ចេះនាំគ្នាជជែកផ្ដល់ជាដំណោះស្រាយដើម្បីប្រទេស ជាជាងខឹងគ្នា ជេរគ្នា ដូចអ្នកនយោបាយចាស់គំរិលធ្លាប់ធ្វើ»។
បើតាមលោក សាម អ៊ីន គណបក្សលោកនឹងធ្វើជាគំរូ សម្រាប់អ្នកនយោបាយដទៃ តាមរយៈការប្រើប្រាស់គោលនយោបាយបង្រួបបង្រួមជាតិ ,កសាងជាតិ ,ការពារជាតិ និងសហប្រតិប្រតិបត្តិការអន្តរជាតិ។ សម្រាប់លោក សាម អ៊ីន គោលនយោបាយទាំងនេះ នឹងជួយឲ្យអ្នកនយោបាយទាំងអស់ ឈប់ស្អប់គ្នា ឈប់វាយប្រហារគ្នា ឈប់ភ័យខ្លាច និងមិនទុកចិត្តគ្នា ហើយប្រកួតគ្នាដោយភាពយុត្តិធម៌ ដើម្បីផលប្រយោជន៍ជាតិតែមួយ។
បណ្ដុះគ្រាប់ពូជយុវជនល្អ និងលើកកម្ពស់ជីវភាពកសិករ …
យុវជនគឺជាទំពាំស្នងឫស្សី សម្រាប់ទ្រទ្រង់ប្រទេសជាតិ! នេះជាពាក្យស្លោកមួយ ដែលលោក សាម អ៊ីន ចង់ឲ្យអ្នកនយោបាយគ្រប់រូប ផ្ដល់គំរូភាពជាមេដឹកនាំល្អ សម្រាប់យុវជនជំនាន់ក្រោយ។ គំរូភាព ដែលលោក សាម អ៊ីន ចង់ឃើញនោះ គឺការប្រកួតតាមបែបវប្បធម៌អធ្យាស្រ័យ និងយោគយល់គ្នា ហើយកុំទាញយុវជនឲ្យធ្លាក់ទៅជាកូនអុកផ្គាប់មុខ ក្នុងល្បែងនយោបាយរបស់ខ្លួន ដែលនាំឲ្យហានិភ័យដល់ប្រទេសជាតិ។ សម្រាប់លោក សាម អ៊ីន ការផ្តល់លទ្ធភាពឲ្យយុវជនអភិវឌ្ឍន៍ខ្លួន ក្នុងវិស័យនយោបាយ ហើយបង្រៀនឲ្យពួកគេក្លាយជាមេដឹកនាំល្អ គឺជាសកម្មភាពដែលលោកកំពុងអនុវត្ត ។
និយាយដោយកាយវិការមួយៗ ប្រកបដោយភាពហ្មត់ចត់ អគ្គលេខាធិការបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះ បាននិយាយដូច្នេះថា៖«យើងផ្ដល់វប្បធម៌ថ្មី បែបផ្ដល់ក្តីសង្ឃឹមដល់យុវជន កុំឲ្យយុវជនភ័យខ្លាចនៅក្នុងការចូលរួម ក្នុងឆាកនយោបាយ ដើម្បីឲ្យពួកគេក្លាយជាអ្នកដឹកនាំល្អ ដើម្បីត្រៀមខ្លួនដឹកនាំភូមិ ដឹកនាំឃុំ ដឹកនាំស្រុក ខេត្ត រាជធានីជាដើម។ ឲ្យពួកគេក្លាយជាបុគ្គលដឹកនាំល្អ ជាជាងគ្រាន់តែដើរតាមអ្នកនយោបាយ ហើយធ្វើអ្វីតាមតែអ្នកនយោបាយបញ្ជាពីលើមកលើរូបគេ។ ដូច្នេះយើងចង់ឲ្យមានអ្នកដឹកនាំល្អជាច្រើន»។
ការដាក់ទិសដៅបណ្ដុះគ្រាប់ពូជយុវជនល្អ គឺជារឿងមួយ ប៉ុន្តែការជួយដោះស្រាយបញ្ហាកសិករ ក៏ជាគោលបំណងដ៏ធំរបស់លោក សាម អ៊ីន ផងដែរ។ ដ្បិតដំណើរផ្លូវនៃជ័យជម្នះក្នុងឆាកនយោបាយ ហាក់មានភាពស្រពិចស្រពិលក្តី តែបណ្ឌិតពីអាល្លឺម៉ង់រូបនេះ បានកំណត់ក្នុងចិត្តថា ជីវភាពកសិករ នឹងត្រូវប្រសើរឡើងជាងនេះ នៅក្នុងអាណត្តិដែលគណបក្សលោក អាចមានលទ្ធភាពដឹកនាំ ឬជួយជ្រោមជ្រែងរដ្ឋាភិបាល។ បើតាមលោក សាម អ៊ីន បច្ចុប្បន្ននេះគណបក្សលោក បានជួយដោះស្រាយបញ្ហាកសិករជាបណ្ដើរៗច្រើនហើយ តាមរយៈការចុះជួយបង្រៀនបច្ចេកទេសធ្វើដំណាំ និងស្វែងរកទីផ្សារឲ្យពួកគេជាដើម។
ពីប្រធានអង្គការក្រៅរដ្ឋាភិបាល មកជាអ្នកនយោបាយ
កើតនៅឆ្នាំ ១៩៧២ កុមារ សាម អ៊ីន គឺជាកូនទី៦ ដែលមានឪពុកជាអ្នកជំនួញ និងម្ដាយជាកសិករ ក្នុងឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង។ ដោយសារប្រទេសកម្ពុជា បានធ្លាក់ចូលក្នុងរបបខ្មៅងងឹត ប៉ុល ពត នៅឆ្នាំ១៩៧៥ គ្រួសារកុមារ សាម អ៊ីន ក៏រងគ្រោះនិងរស់នៅក្នុងទុក្ខវេទនា ដូចគ្រួសារពលរដ្ឋខ្មែរដទៃទៀតដែរ។ ក្រោយរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ គ្រួសារកុមារ សាម អ៊ីន បានមករស់នៅភ្នំពេញ។ ហើយកុមារ សាម អ៊ីន បានចូលសិក្សានៅសាលាសន្ធរម៉ុក (១៩៨០ ដល់ ១៩៨៦) និងក្រោយមកផ្លាស់ទៅរៀននៅសាលាបាក់ទូក (១៩៨៧ ដល់ ១៩៨៩) ដោយបានជាប់ជាសិស្សពូកែគណិតវិទ្យាប្រចាំរដ្ឋធានីភ្នំពេញ។
ដោយសារជាសិស្សពូកែផ្នែកគណិតវិទ្យានេះ យុវជន សាម អ៊ីន បានជាប់អាហារូបករណ៍ទៅរៀននៅប្រទេសអាល្លឺម៉ង់ ដោយជ្រើសរើសផ្នែករុក្ខកម្ម ដែលជាជំនាញផ្នែកវិទ្យាសាស្ត្រព្រៃឈើ នៅឆ្នាំ ១៩៩០ ហើយក៏បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាដ្រេសដិន [University of Technology Dresden] នៅឆ្នាំ១៩៩៧ ។ ក្រោយបញ្ចប់ការសិក្សា លោកបានត្រលប់មកស្រុកខ្មែរ និងធ្វើការជាមួយអង្គការអភិវឌ្ឍន៍អាល្លឺម៉ង់ GTZ បានរយៈពេល ១៨ខែ ហើយក៏ត្រលប់ទៅបន្តការសិក្សាចប់ថ្នាក់បណ្ឌិតផ្នែកនយោបាយព្រៃឈើនៅអាល្លឺម៉ង់វិញរហូតដល់ឆ្នាំ ២០០២ មុននឹងលោក យកចំណេះវិជ្ជាខ្លួនមកបម្រើការងារ នៅអង្គការលូថេរ៉ានបម្រើពិភពលោក (Lutheran World Federation, LWF) ប្រចាំនៅកម្ពុជា ក្នុងឆ្នាំ២០០៣។ ការងារមនុស្សធម៌ និងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋក្រីក្រនៅជនបទ ព្រមទាំងលើកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស គឺសុទ្ធតែជាភារកិច្ច ដែលលោក សាម អ៊ីន បានអនុវត្តយ៉ាងល្អ រហូតថ្នាក់ដឹកនាំ បានផ្ដល់តួនាទីឲ្យលោក សាម អ៊ីន ធ្វើជាអនុប្រធានអង្គការប្រចាំប្រទេសរហូតដល់ឆ្នាំ ២០១០។
នៅឆ្នាំ២០១១ អង្គការលូថេរ៉ាន (Lutheran World Federation) បានប្ដូរទៅជាអង្គការក្នុងស្រុកមានឈ្មោះថា ជីវិតថ្លៃថ្នូរ (Life With Dignity, LWD) ប៉ុន្តែលោក សាម អ៊ីន នៅតែត្រូវបានគេជ្រើសរើសជានាយកប្រតិបត្តិអង្គការនេះ ដែលត្រូវបន្តបេសកកម្មជួយប្រជាពលរដ្ឋងាយរងគ្រោះនៅក្នុងខេត្តចំនួនបួន គឺ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងពោធិ៍សាត់ ដែលមានថវិកាចំណាយប្រចាំឆ្នាំ ៥ លានដុល្លារអាមេរិក។ តាមរយៈស្នាដៃជួយដោះស្រាយបញ្ហាជីវភាពពលរដ្ឋក្រីក្រនៅជនបទនេះ លោក សាម អ៊ីន បានទទួលពានរង្វាន់ភាពជាអ្នកដឹកនាំអាស៊ានលើវិស័យអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ ដែលផ្តល់ជូនដោយអគ្គលេខាធិការដ្ឋានអាស៊ាន ខែកក្កដា ឆ្នាំ២០១៣ មុនពេលដែលលោក ងាកមកចូលរួមប្រឡូកក្នុងវិស័យនយោបាយនៅឆ្នាំ២០១៤។
ដើមឡើយលោក សាម អ៊ីន គ្រាន់តែជាអ្នកតាមដានបញ្ហានយោបាយម្នាក់ប៉ុណ្ណោះ។ ប៉ុន្តែនៅពេលលោក បានផ្ដើមទំនាក់ទំនងជាមួយលោក យ៉េង វីរៈ ដែលកាលណោះជានាយកអង្គការអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) លោកបណ្ឌិត យ៉ង សាំងកុមារ ដែលជាប្រធានអង្គការសេដាក និងលោកបណ្ឌិត កែម ឡី(ស្លាប់) នៅក្នុងកិច្ចប្រជុំអង្គការដែលធ្វើការលើរឿងបោះឆ្នោត និងឃ្លាំមើលសិទ្ធិមនុស្សនោះ លោក សាម អ៊ីន ក៏កាន់តែជាប់ចិត្តខ្លាំងទៅលើកិច្ចការនយោបាយ។ ពេលវេលាសម្រេចចិត្តបោះបង់ចោលការងារជានាយកប្រតិបត្តិអង្គការជីវិតថ្លៃថ្នូរ ដែលមានប្រាក់ខែជាង៣ពាន់ដុល្លារបានមកដល់ សម្រាប់លោក សាម អ៊ីន ដែលត្រូវចូលរួមជាមួយក្រុមបណ្ដាញខ្មែរដើម្បីខ្មែរ និងបន្តបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដោយមានការចូលរួមពីក្រុមបណ្ឌិតពីក្រៅប្រទេសដូចគ្នា។
« ខ្ញុំដឹងថា នៅពេលដែលខ្ញុំបំពេញការងារនៅអង្គការសង្គមស៊ីវិល ខ្ញុំអាចជួយមនុស្សបានតែកម្រិតតូចមួយ ។ ជាពិសេសគឺតំបន់ណាដែលអង្គការឈរជើងនៅទីនោះ គឺប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ត្រឹមតែកម្រិតហ្នឹង ហើយវាមិនជួយដល់ការផ្លាស់ប្ដូរប្រព័ន្ធនយោបាយ អភិបាលកិច្ចល្អបានទេ។ អ៊ីចឹងហើយ ទើបខ្ញុំគិតថា ដល់ពេលវេលាមួយ ដែលយើងចង់ប្រើប្រាស់ជីវិតចុងក្រោយរបស់ខ្ញុំនេះ ឲ្យមានប្រយោជន៍ជាងហ្នឹង ដោយខ្ញុំគិតថា ផលប្រយោជន៍ធំសម្រាប់ជាតិ គឺទីលាននយោបាយនេះឯង»។ នេះជាការបញ្ជាក់របស់លោក សាម អ៊ីន ដែលមានក្តីរំពឹងថា លោក នឹងអាចបង្កើតឥទ្ធិពលនយោបាយវិជ្ជមាននៅកម្ពុជា ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍបែបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
បើទោះជាជីវិតចុងក្រោយនៅក្នុងឆាកនយោបាយ ជោគជ័យ ឬបរាជ័យក្តី ក៏លោក សាម អ៊ីន មិនបោះបង់ចោលក្តីសង្ឃឹម ដែលចង់សាបព្រោះវប្បធម៌នយោបាយទន់ភ្លន់ឡើយ ដោយលោកនឹងចំណាយពេលចងក្រងគំនិតទាក់ទងនឹងភាពជាមេដឹកនាំល្អ ដើម្បីបង្រៀនយុវជន និងកម្មករឲ្យចេះអភិវឌ្ឍខ្លួន ក្លាយទៅជាអ្នកដឹកនាំល្អនៅសង្គម ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សាម អ៊ីន
នយោបាយ
GDP
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម