ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម សន្យា​ដោះស្រាយ​បញ្ហា​ស្រូវ​អ៊ី​អ៊ែរ ដែល​កំពុង​ធ្លាក់​ថ្លៃ​
19, Jul 2018 , 11:20 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ឆ្លើយតប​នឹង​ការធ្លាក់​ចុះថ្លៃ​ស្រូវ​អ៊ី​អ៊ែរ​(IR)​ក្នុងពេល​ថ្មីៗ​នេះ ក្រសួងពាណិជ្ជកម្ម​ប្រកាសថា​នឹង​ដោះស្រាយ​បញ្ហា​នេះ ​ជូន​កសិករ​​ឲ្យទាន់ពេលវេលា។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង ចុះ​ថ្ងៃទី​១៨ ​ខែកក្កដា​​។​

 
​បើតាម​ក្រសួងពាណិជ្ជកម្ម តម្លៃ​ស្រូវ​អ៊ី​អ៊ែរ នៅ​ពាក់កណ្ដាល​ខែកក្កដា​នេះ បាន​ធ្លាក់ចុះ​ប្រមាណ ១៥​ភាគរយ ធៀប​នឹង​ខែ​មុន ។​
 
​ក្រសួង​បាន​កោះប្រជុំ​ជាមួយ​អ្នកពាក់ព័ន្ធ និង​បានកំណត់​មូល​ហេតុថា មកពី​ការធ្លាក់​ភ្លៀង​ធ្វើ​ឲ្យ​ស្រូវ​មាន​សំណើម​ខ្លាំង រោង​ម៉ាស៊ីន​ស្រូវ​ខ្វះខាត​ទុន​បង្វិល គួបផ្សំ​នឹង​តម្លៃ​ស្រូវ​អ៊ី​អ៊ែរ​ក្នុង​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ថ្លៃ ៥០​ដុល្លារ​ក្នុង​មួយ​តោន​។ 
 
​ក្រសួង​បាន​ពិភាក្សា​ជាមួយ​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) ដើម្បី​ពិនិត្យ​លទ្ធភាព ផ្ដល់​កម្ចី​ដល់​បណ្ដា​រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នក​នាំចេញ យកទៅ​ប្រមូល​ទិញស្រូវ​អ៊ី​អ៊ែរ​ពី​កសិករ​។ 
 
​សេចក្ដីប្រកាស​ព័ត៌មាន ឲ្យ​ដឹងថា ក្រសួងពាណិជ្ជកម្ម​នឹង​បន្ត​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អង្កេត​មើល​តម្លៃ​ស្រូវ​បន្ថែមទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ឲ្យ​ទាន់ពេលវេលា​ជូន​កសិករ​៕

Tag:
 អង្ករ​
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com