សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃគ្រោងបិទការនាំចូលផ្លែដូង៣ខែ ដើម្បីជួយកសិករក្នុងស្រុករបស់ខ្លួន ដូងកំពុងត្រូវប៉ាន់យ៉ាងខ្លាំងនៅលើទីផ្សារមិនថា នៅកម្ពុជា ឬថៃនោះឡើយ។ រូបថត AFP
× ភ្នំពេញ៖ រដ្ឋាភិបាលថៃកំពុងពិចារណាហាមឃាត់ការនាំចូលផ្លែដូងពីក្រៅប្រទេស ដើម្បីជួយស្រោចស្រង់តម្លៃដូងរបស់កសិកក្នុងស្រុក។ នេះបើតាមសេចក្ដីរាយការណ៍របស់កាសែតបាងកក ប៉ុស្ដិ៍ នៅថ្ងៃទី១៧ ខែកក្កដា។
ក្រសួងពាណិជ្ជកម្មថៃ បានព្រាងវិធានការរួចរាល់ហើយ ដើម្បីបិទការនាំចូលដូង ចាប់ពីសីហា ដល់ខែតុលា ហើយវិធានការនេះនឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រី ដើម្បីសម្រេចអនុម័ត ក្នុងពេលឆាប់ៗខាងមុខ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Sontirat Sontijirawong ឲ្យដឹងដូច្នេះថា៖«តម្លៃដូងបានដាំក្បាលចុះនៅឆ្នាំនេះ ដោយសារការបង្កើនការនាំចូល ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ តែឥឡូវនេះបញ្ហាត្រូវបានដោះស្រាយ ដោយវិធានការគឺចាំបាច់ ដើម្បីរក្សាតុល្យភាពទីផ្សារ»។
តែទោះយ៉ាងណា កសិករមិនបានយល់ស្របឡើយ ដោយគិតថាវិធានការនេះនឹងជួយពួកគាត់តិចតួចប៉ុណ្ណោះ ព្រោះស្ទើរតែយឺតពេលទៅហើយ។ មិនតែប៉ុណ្ណោះ តំណាងកសិករលោក Amnat Meedang លើកឡើងថា លោកត្រៀមប្ដឹងរដ្ឋមន្ត្រីពាណិជ្ជកម្ម ចំពោះភាពធ្វេសប្រហែស ដោយមិនបានយកចិត្តទុកដាក់កង្វល់របស់កសិករ។
តំណាងកសិកររូបនេះ ថែមទាំងអះអាងថា ក្រុមខ្លួនធ្លាប់ជូនដំណឹងទៅអង្គភាពរបស់ក្រសួងពាណិជ្ជកម្មម្ដងរួចមកហើយកាលពីខែកញ្ញាឆ្នាំ២០១៧ ថាមិនមានខ្វះផ្លែដូងសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឡើយ។
ប៉ុន្តែលោករដ្ឋមន្ត្រីពាណិជ្ជកម្ម បែរជាបើកឲ្យនាំចូលដូងចំនួន ៥០០លានផ្លែទៅវិញ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានយល់ព្រមឲ្យនាំចូលដូងចចមនួន ៥ម៉ឺនតោនទៀត។
តំណាងកសិករដាំដូង បានធ្លាប់ជូនដំណឹងទៅក្រសួងថា កសិករមានផ្ទៃដីដាំដូងចំនួន ១លានរ៉ៃ ដែលហុចផល ៨០០លានផ្លែក្នុងមួយឆ្នាំ។
ដំណោះស្រាយរបស់រដ្ឋាភិបាលខាងលើនេះ មិនទទួលបានការពេញចិត្តឡើយ។ តំណាងកសិករលោក Amnat ថ្លែងដូច្នេះថា៖«ការបិទនាំចូលនាពេលបច្ចុប្បន្ននេះ គឺគ្មានប្រយោជន៍ឡើយ ព្រោះក្រុមហ៊ុនបានបំពេញកូតានាំចូលរបស់ខ្លួនរួចរាល់ហើយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com