ជាតិ
​​​ន​យោ​បាយ​ជាតិ​
LDP គ្រោងចំណាយ​ប្រាក់​ដល់​ទៅ​១​លាន​ដុល្លារ លើ​ការឃោសនា​ថ្ងៃ​ចុងក្រោយ​
19, Jul 2018 , 4:51 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ដែលមាន​រូប​ជួង​ជា​សញ្ញា​សម្គាល់ គ្រោង​ចំណាយ​ប្រាក់​ដល់​ទៅ​១​លាន​ដុល្លារ​ឯណោះ ក្នុងការ​ឃោសនា នៅ​ថ្ងៃទី​២៧ ខែកក្កដា ដែលជា​ថ្ងៃ​ចុងក្រោយ​។ នេះ​បើតាម​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​បាន​និយាយ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​លោកស្រី Katrin Travouillon សាស្ត្រាចារ្យ​នៃ​សកលវិទ្យា​ល័យ​មួយ​របស់​អូស្ត្រាលី (Australian National University) កាលពី​ថ្ងៃទី​១៨ ខែកក្កដា​។​


​លោក ចិន ថុ​ន អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ អះអាងថា ការចំណាយ​ថវិកា​ដ៏​ច្រើន​បែបនេះ ដោយសារ​មាន​អ្នកគាំទ្រ​ចូលរួម​ច្រើន ព្រមទាំង​អាច​កើនឡើង​លើសពី​ការរំពឹងទុក​។ លោក បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា តាម​ការគ្រោងទុក ការឃោសនា​ទ្រង់ទ្រាយ​ធំ​នេះ គឺធ្វើឡើង​នៅក្នុង​រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​ជាង​៥​ម៉ឺន​នាក់​។​
 
​អគ្គលេខាធិការ​គណបក្ស​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការចំណាយ​ទាំងអស់នេះ គឺជា​ការចំណាយ​របស់​អ្នកចូលរួម​ផ្ទាល់ ដែល​មានន័យ​ស្មើនឹង​ប្រាក់​របស់​បក្ស​ដែរ​។ បើ​ម្នាក់​ចំណាយ​តែ​២០​ដុល្លារ អ៊ីចឹង ៥​ម៉ឺន​នាក់​គឺ​ស្មើ​និង ១​លាន​ដុល្លារ​ហើយ នេះ​នៅ​មិនទាន់​រាប់បញ្ចូល​ថ្លៃ​អាវ និង​មួក​ផង​»​។​
 
​យ៉ាងណាក៏ដោយ ការចំណាយ​នេះ មិនមែនជា​ការកំណត់​របស់​បក្ស​ឡើយ​។ តែ​ជាការ​ចំណាយ​របស់​អ្នកគាំទ្រ នៅក្នុង​ការឃោសនា​។ ការចំណាយ​បែបនេះ គឺជា​របៀប​នៃ​ការដឹកនាំ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ ទាំងនេះ គឺជា​ការបន្ថែម​របស់​លោក ចិន ថុ​ន ដដែល​។​
 
​គួរ​បញ្ជាក់ថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ឃោសនា​ទ្រង់ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​បណ្តា​ខេត្ត​៤​ទៀត រួចមកហើយ ដែល​រួមមាន ព្រៃវែង សៀមរាប កណ្ដាល និង​បាត់ដំបង​៕

Tag:
 ​បោះឆ្នោត​
  ឃោសនា​
  LDP
© រក្សាសិទ្ធិដោយ thmeythmey.com