ជាតិ
សេដ្ឋកិច្ច
ភាគហ៊ុន​របស់​ធនាគា​រ​អេស៊ីលីដា​មួយផ្នែក នឹងត្រូវ​លក់​ឲ្យ​សាធារណជន​
19, Jul 2018 , 11:39 pm        
រូបភាព
រូបពីហ្វេសប៊ុក
រូបពីហ្វេសប៊ុក
ដោយ:
​ភ្នំពេញ​៖ ភាគហ៊ុន​របស់​ធនាគា​រ​អេស៊ីលីដា ចំនួន ២៥​ភាគរយ គ្រោង​នឹង​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ ដើម្បី​បោះ​លក់​ជា​សាធារណៈ នាពេល​ខាងមុខនេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រុមហ៊ុន ACLEDA Securities Plc នៅ​ថ្ងៃទី​១៨​ខែកក្កដា​។​


​បច្ចុប្បន្ន ភាគហ៊ុន ២៥​ភាគរយ​របស់​ធនាគា​រ​អេស៊ីលីដា​នេះ កំពុងកាន់​កាប់​ដោយ​ក្រុមហ៊ុន ASA Plc ។ ASA Plc ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០០ ដើម្បី​កាន់កាប់​ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ចំនួន ២៥​ភាគរយ​។ សព្វថ្ងៃនេះ ASA មាន​ភាគ​ទុ​និក​ជាង ១​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​បុគ្គលិក​របស់​ធនាគារ​មួយ​នេះ​។​
 
​សេចក្ដីជូនដំណឹង​ខាងលើនេះ ឲ្យ​ដឹងថា ក្រុមហ៊ុន ASA Plc កំពុង​រៀបចំ​នីតិវិធី ដើម្បី​ស្នើសុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ និង​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​របស់​កម្ពុជា​។​
 
​ក្រុមហ៊ុន​នេះ អះអាងថា តាមរយៈ​ការទិញ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​ខ្លួន សាធារណជន​នឹង​មានឱកាស​ទទួលបាន​អត្ថប្រយោជន៍​ពី​ការរីកចម្រើន​របស់​ធ​នាគារ​អេស៊ីលីដា ដែល​កំពុង​រីកចម្រើន​យ៉ាងរឹងមាំ​។​
 
​បើតាម​របាយការណ៍រ​បស់​ធនាគារ​អេស៊ីលីដា​ប្រចាំឆ្នាំ​២០១៧ ធនាគារ​នេះ​ទទួលបាន​ប្រាក់ចំណេញ​សុទ្ធ ៩២​លាន​ដុល្លារ ដែល​ធ្លាក់ចុះ ២៧​ភាគរយ ធៀប​នឹង ១២៦ លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦​។ ទ្រព្យសកម្ម​មាន​ចំនួន ៥២៤៤​លាន​ដុល្លារ និង​មាន​សមតុល្យ​ឥណទាន ៣០៨៥​លាន​ដុល្លារ ព្រមទាំង​បញ្ញើ​-​សន្សំ​ចំនួន ៣៣២៩​លាន​ដុល្លារ​។ 
 
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន Pestech Cambodia ដែល​គ្រោង​ចូល​ផ្សារភាគហ៊ុន​ដែរនោះ កាលពី​ខែមិថុនា បានទទួល​ការអនុញ្ញាត​បោះផ្សាយ​ពី​គណៈកម្មាការ​មូល​ប​ត្រ​កម្ពុជា (SECC) ដែល​រំពឹងថា​នឹង​អាច​លក់​មូល​ប​ត្រ​នៅ​ចុងឆ្នាំ​នេះ​។​
 
​ក្រុមហ៊ុន​ថ្មី​ទាំងនេះ អាច​នឹង​ជា​ក្រុមហ៊ុន​ពីរ​បន្ថែមទៀត ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា ដែលមាន​ក្រុមហ៊ុន​ចំណុះ​រដ្ឋ​ចំនួន​៣ និង​ក្រុមហ៊ុន​ឯកជន​ចំនួន​២ កំពុងដំណើរការ​ក្នុង​ផ្សារ​នេះ​៕ 

Tag:
 ភាគហ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com