អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌា​រៀបចំ​«​កិច្ចសន្ទនា​ដេលី​»​លើក​ទី​ដប់​ផ្តោត​សំខាន់​លើ​«​កិច្ចសហប្រតិបត្តិការ​តាម​សមុទ្រ​»​ជាមួយ​អាស៊ាន​
19, Jul 2018 , 9:24 pm        
រូបភាព
រូបភាព៖ ក្រសួងការបរទេសឥណ្ឌា
រូបភាព៖ ក្រសួងការបរទេសឥណ្ឌា
(​ញូ​ដេលី​)៖​កិច្ចសន្ទនា​ដែ​លី​លើក​ទី​ដប់​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៩ ខែកក្កដា​នេះ​នៅ​រដ្ឋធានី​ញូ​ដេលី ដោយ​វេទិកា​ឆ្នាំនេះ​ផ្តោត​សំខាន់​លើ​ការពង្រឹង​ការផ្សាភ្ជាប់​ជាពិសេស​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន និង​ឥណ្ឌា​តាមផ្លូវ​សមុទ្រ​។ 

​កិច្ចសន្ទនា​ដែ​លី​ដែលជា​ជំនួប​ថ្នាក់​តំបន់​ដែល​ពាក់កណ្តាល​ផ្លូវការ និង​ពាក់កណ្តាល​ស្រាវជ្រាវ (track 1.5) ផ្តោត​សំខាន់​លើ​ការ​កិច្ចសហប្រតិបត្តិការ​តាមផ្លូវ​សមុទ្រ (Maritime Cooperation)​ដែលជា​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ថ្មី​។ មូលបទ​នៃ​កិច្ចសន្ទនា​នេះ​គឺ​«​ពង្រឹង​ទំនាក់ទំនង​រវាង​ឥណ្ឌា និង​អាស៊ាន​លើ​កិ​ច្ចស​ប្រតិបត្តិការ​ផ្លូវ​សមុទ្រ​»​។​
 
ថ្លែងបើកកិច្ចសន្ទនាលោកស្រីរដ្ឋមន្ត្រីការបរទេស​ឥណ្ឌា Sushma Swaraj បានស្វាគមន៍អ្នកចូលរួមជាពិសេសប្រតិភូអាស៊ាន និងលើកឡើងពីការវិវត្តនៃទំនាក់​ទំនងរវាងឥណ្ឌា និងអាស៊ាន។ លោកស្រីសង្ឃឹមថា គម្រោងផ្សាភ្ជាប់ថ្មីៗទៀតជាពិសេសតាម​សមុទ្រនឹងត្រូវ​ដាក់ចេញ ហើយការពង្រឹងកិច្ចសហប្រតិបត្តិការ​រវាងឥណ្ឌាជាពិសេសរដ្ឋភាគ​ឦសានជាមួយ​អាស៊ាននឹងអភិវឌ្ឍកាន់តែរហ័សថែមទៀតនៅពេលខាងមុខ។

លោកស្រីនិយាយដូច្នេះ​៖ «យើង​ទទួលស្គាល់ថា គ្រឿងផ្សំ​សំខាន់បំផុត​សម្រាប់ធ្វើ​ឲ្យ​ការផ្លាស់ប្តូរ​នៃ​ការភ្ជាប់​ទំនាក់ទំនងរ​វាង​ឥណ្ឌា​និង​អាស៊ាន​គឺ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការផ្សាភ្ជាប់​លើ​គ្រប់​វិស័យ​។ យើង​សង្ឃឹមថា យើង​នឹង​ផ្លាស់ប្តូរ​ច្រករបៀង​នៃ​ការផ្សាភ្ជាប់​ទៅជា​ច្រង​របៀង​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​។ ឥណ្ឌា​បានសម្រេច​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ក្នុងការ​លើកកម្ពស់​ការ​ត​ភ្ជាប់​នេះ​ក្នុងនោះ​មានការ​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ​ហាយវ៉េ​ត្រីភាគី​ (Trilateral highway) និង​គម្រោង​សម្រួល​ដល់​ការដឹកជញ្ជូន​ជាដើម»​។ 

បើផ្តោតលើកិច្ចសហប្រតិបត្តិការ​តាមសមុទ្រ​ ឥណ្ឌាមានទំនាក់ទំនងរឹងមាំរួចទៅហើយ​ជាមួយ​ប្រទេសអាស៊ានមួយចំនួនមានដូចជា​ វៀតណាម ថៃ សិង្ហបុរី​និងឥណ្ឌូណេស៊ី។ ដូចឃើញស្រាប់ ក្នុងខែឧសភា​កន្លងមក ឥណ្ឌា និងឥណ្ឌូណេស៊ីបានដាក់ចេញទស្សនវិស័យរួមលើកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ វា​ជា​លើកដំបូង​ដែល​បណ្តា​ប្រមុខ​រដ្ឋាភិបាល​នៃ​រដ្ឋ​ភាគ​ឦសាន​របស់​ឥណ្ឌា​ប្រាំពីរ​ក្នុង​ចំណោមរដ្ឋទាំងប្រាំបី​មាន Assam, Meghalaya, Sikkim, Arunachal Pradesh, Tripura, Nagaland និង Mizoram​ មានវត្តមាន និងផ្តល់សុន្ទរកថាពាក់ព័ន្ធនឹងការលូតលាស់នៃតំបន់ ក៏ដូចជាលទ្ធផលនៃការអនុវត្តគោលនយោបាយ«​ធ្វើ​សកម្មភាព​នៅ​ភាគ​ខាងកើត​» ឬ(Act East Policy) ក្នុងវេទិកាសន្ទនានេះ។  

-រដ្ឋ​ភាគ​ឦសាន​មានតួនាទី​ស្នូលក្នុងការអនុវត្តគោលនយោបាយការបរទេសភ្ជាប់ទំនាក់ទំនងជាមួយអាស៊ាន
 
ទាក់ទិន​នឹងតួនាទីរដ្ឋ​ភាគ​ឦសានរបស់ឥណ្ឌា រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស​ឥណ្ឌា​លោក V.K Sign បាន​លើកឡើងថា រដ្ឋ​ភាគ​ឦសាន​ជា​ស្នូល​នៃ​គោលនយោបាយ​ការបរទេស​ឥណ្ឌា «​ធ្វើ​សកម្មភាព​នៅ​ភាគ​ខាងកើត​»  របស់​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី ដែលមាន​គោលដៅ​សំខាន់​ធ្វើ​ឲ្យ​អាស៊ាន​និង​ឥណ្ឌា​កាន់តែ​ជិតស្និទ្ធ​គ្នា​​។ 
 
​មន្ត្រីជាន់ខ្ពស់​រូបនេះ​លើ​ឧទាហរណ៍​ពី​ភាពអំណោយ​ផល​នៃ​ទីតាំង​ភូមិសាស្ត្រ​រវាង​ភាគ​ឦសាន​ជាមួយ​អាស៊ាន​។ ការហោះហើរ​ពីរ​ដ្ឋ​ភាគ​ភាគ​ឦសាន​ទាំងនោះ​ទៅកាន់​រដ្ឋ​ភាគច្រើន​នៅ​អាស៊ាន​ដូចជា ឡាវ វៀតណាម កម្ពុជា និង​ថៃ​ជាដើម​មាន​រយៈពេល​ខ្លី​ជាង​ពី​បណ្តា​រដ្ឋ​ទាំងនោះ​មកកាន់​រដ្ឋធានី ញូ​ដេលី​ទៀត​។ ដូច្នេះ លោក V.K Sign ចង់ឃើញ​ការបង្កើន​ការហោះហើរ​ត្រង់ និង​ការផ្សាភ្ជាប់​ផ្សេងទៀត​ជាមួយ​រដ្ឋ​អាស៊ាន​ឆាប់ៗ​។​
 
​យ៉ាងណាមិញ បញ្ហា​ប្រឈម​ផ្សេងទៀត​គឺ ទិដ្ឋាការ​​ធ្វើដំណើ​រ​របស់​ប្រជាជន​ទាំងពីរ​។ លោក​ចង់ឃើញ​មាន​ស្ថាន​កុងស៊ុល​អាស៊ាន នៅក្នុង​រដ្ឋ​ភាគ​ឦសាន​ឥណ្ឌា​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ដែល​វា​នឹង​បើកទ្វារ​ឲ្យ​ប្រជាជន​ទាំងពី​អាចធ្វើ​ដំណើរ​ទៅវិញទៅមក​បាន​ស្រួល​។​
 
​ចំណែក​លោក Ram Madhav ប្រធាន​មូលនិធិ​ឥណ្ឌា​បាន​អះអាង​ដែរ​ថា រដ្ឋ​ភាគ​ឦសាន​មិនមែន​ត្រឹម​ជា​ច្រកទ្វារ​ទៅកាន់​អាស៊ាន​ទេ តែ​ជា​ចំណុច​ប្រមូលផ្តុំ​នៃ​ការផ្សាភ្ជាប់​ជាមួយ​អាស៊ាន​។ ដូច្នេះហើយ​ការបន្ត​ជំរុញ​ការផ្សាភ្ជាប់​គ្រប់រូប​ភាពជា​រឿង​ចាំបាច់​បំផុត​សម្រាប់​អនាគត​នៃ​ទំនាក់ទំនង​ភាគី​ទាំងពីរ​។ 
 
​លោក​បាន​ពន្យល់ថា កសិកម្ម ចំណីអាហារ ទេសចរណ៍ បច្ចេកវិទ្យា និង​អប់រំ​ជាដើម​នោះ​ជា​វិស័យ​ដែលមាន​សក្តានុពល​ដែលរដ្ឋ​ភាគ​ឦសាន និង​អាស៊ាន​គួរវិនិយោគរួមគ្នា។ ចំណែក​ចម្រុះ​ភាព​នៃ​ប្រជាជន និយាយ​ភាសា​អង់គ្លេស អភិបាលកិច្ច និង​ប្រជាធិបតេយ្យ​របស់​ឥណ្ឌា​ក៏ជួយធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ឥណ្ឌា​និង​អាស៊ានកាន់តែងាយស្រួលផងដែរ។
 
​លោក​ក៏​សង្ឃឹម​ផងដែរ​ថា គម្រោង​ផ្លូវ​ហាយវ៉េត្រីភាគីដែលភ្ជាប់​ពី​ឥណ្ឌា​ទៅកាន់​មី​យ៉ាន់​ម៉ា និង​ប្រទេស​ថៃ​នឹងចេញរូប​រាងឡើងពីរឬបីឆ្នាំខាងមុខ ហើយការផ្សាភ្ជាប់​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​នឹងមាន​លទ្ធភាព​រីក​ធំធាត់​ពេល​ផ្លូវគោក​ដ៏​សំខាន់​ភ្ជាប់​ឧបទ្វីប​ឥណ្ឌា​មកកាន់​អាស៊ីអាគ្នេយ៍​នោះ​ចេញ​ជា​រូបរាង​ឡើង។
 
​យ៉ាងណាក៏ដោយ គម្រោង​ផ្លូវ​ហាយវ៉េ​ត្រីភាគី​នេះ​ត្រូវ​បានលើកឡើង​យូរ​មកហើយ ប៉ុន្តែ​គម្រោង​នេះ​ត្រូវបាន​ពន្យារពេល​ជា​បន្តបន្ទាប់​។ ភាគី​ពាក់ព័ន្ធ​សន្យាថា គម្រោង​នេះ​នឹងត្រូវ​បើក​ដំណើរការ​ជា​ផ្លូវការ​ឆ្នាំ ២០២០ ដោយ​គ្មាន​ការពន្យារពេល​ជាថ្មី​ទៀតឡើយ​។​
 
​សូមបញ្ជាក់ថា កិច្ចសន្ទនា​ដេលី ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៩​ក្នុង​គោលបំណង​ស្វែងរក​យន្តការ​ជំរុញ​ការផ្សាភ្ជាប់​រវាង​ឥណ្ឌា និង អាស៊ាន​ដែលមាន​ទំនាក់​ទំនាក់​យូរអង្វែង​មកហើយ​នោះ​។ ផ្តោត​សំខាន់​លើ​ការផ្សាភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន រវាង​ស្ថាប័ន និង​ការផ្សាភ្ជាប់​តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ទាំង​ផ្លូវទឹក គោក និង​អាកាស បូក​រួមទាំង​ប្រព័ន្ធ​ឌីជីថល និង​ថាមពល​ផងដែរ​។​
 
​ក្នុង​ខួប​ដប់​ឆ្នាំនេះ វេទិកា​សន្ទនា​ដេលី​ឆ្នាំនេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​តំណាង​រដ្ឋ​អាស៊ាន​ជាច្រើន​នាក់​ផងដែរ​ក្នុងនោះ​មាន​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក​បណ្ឌិត វី​វៀន បា​ឡា​គ្រី​ស្នាន់​, រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ព្រុយ​ណេ​លោក Abdul Mutalib Yusof, អនុរដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី A.M. Fachir, អនុរដ្ឋមន្ត្រី​ការបរទេស​ឡាវ Thongphane Savanphet, រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​មី​យ៉ាន់​ម៉ា Kyaw Tin ក៏ដូចជា​តំណាង​អគ្គលេខាធិការ​អាស៊ាន លោក​អគ្គលេខាធិការ​ង​អាស៊ាន Hoang Ahn Tuan ដែល ទទួលបន្ទុក​កិច្ចការងារ​នយោបាយ​៕
 
 
 

Tag:
 ឥណ្ឌា
  Delhi Dialogue
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com