កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ឲ្យ​ធីប​ជាង​២​ម៉ឺន​ដុល្លារ​ទៅ​បុគ្គលិក​សណ្ឋាគារ​មួយ​នៅ​ក្រិ​ក​
20, Jul 2018 , 7:19 pm        
រូបភាព
Cristiano Ronaldo បានធ្វើ​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយទៀត​ក្រោយ​ចាក​ចេញពី Real Madrid ទៅ Juventus ដោយបាន​ចំណាយ​ប្រាក់ ២៣,២០០​ដុល្លារ​អាមេរិក​ទៅ​ឲ្យ​បុគ្គលិក​សណ្ឋាគារ​ប្រណីត​មួយ​នៅ​ក្រិ​ក​អំឡុងពេល​សម្រាកលំហែ​កាយ​នៅ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​ជាមួយ​ក្រុមគ្រួសារ​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ជុំវិញ​ពិភពលោក​។​



​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​សេះបង្កង់ បាន​បង្ហោះ​រូប​ទទួលទាន​អាហារ​ជាមួយ​ក្រុមគ្រួសារ​នៅលើ Instagram នៅ​ថ្ងៃទី​១៣ ខែកក្កដា បន្ទាប់ពី​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ធ្លាក់​ចេញពី World Cup នៅ​រុស្ស៊ី​។​

Ronaldo បានធ្វើ​ដំណើរ​ជុំ​គ្រួសារ​ទៅកាន់​រមណីយដ្ឋាន Costa Navarino ក្នុង​តំបន់ Peloponnese នៃ​ប្រទេស​ក្រិ​ក​ក្រោយ​បញ្ចប់​ការផ្ទេរ​ទៅកាន់​ទឹកដី​អ៊ីតាលី​ក្នុងតម្លៃ​ជាង​១០០​លាន​ដុល្លារ​អាមេរិក​។ បើតាម​ការផ្សាយ​របស់ DailyMail អតីត​សមាជិក Manchester United រូបនេះ បាន​ចំណាយ​ថ្លៃ​សេវា​យ៉ាងច្រើន​រហូតដល់​ជាង​២​ម៉ឺន​ដុល្លារ​ដើម្បី​ផ្តល់​ធីប​ទៅ​ឲ្យ​បុគ្គលិក ដោយ​អះអាងថា​ខ្លួន​មិនអាច​ចាកចេញ​ដោយ​គ្មាន​ការផ្តល់​រង្វាន់​ដល់​ពួកគេ​ឡើយ​។​

​នៅពេល​ចាក​ចេញពី​ទីនោះ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ទឹកដី​អ៊ី​លី បុរស​វ័យ​៣៣​ឆ្នាំ​រូបនេះ​ក៏បាន​ផ្តែផ្តាំ​មេការ​ថា​លុយ​ទាំងអស់នោះ​ត្រូវ​ចែក​អ្នកបម្រើ​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅក្នុង​សណ្ឋាគារ​នេះ​។​

​យោងតាម​ទស្សនា​វ​ដ្តី Forbes ខ្សែប្រយុទ្ធ​រហស្សនាម CR7 រក​ចំណូល​សរុប​បាន​ប្រហែល ១០៨​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧ (​គិត​ទាំង​ប្រាក់ចំណូល​ពី​បាល់ទាត់ និង​ចំណូល​ដ៏ទៃទៀត​)​។​

​ថ្លៃ​ពលកម្ម​របស់ Ronaldo ពី​ក្លិប​ចាស់ Real Madrid ទទួលបាន​ប្រហែល ៦៥០០០០ ដុល្លារ​ក្នុង​មួយ​សប្តាហ៍​មានន័យថា​ប្រាក់​ដែល​រូបគេ​ឲ្យ​ធីប​សម្រាប់​បុគ្គលិក​សណ្ឋាគារ​មាន​ចំនួន​តិចជាង​១​ភាគរយ នៃ​ប្រាក់ចំណូល​ប្រចាំខែ​ប៉ុណ្ណោះ​។ ដោយឡែក​ប្រាក់ចំណូល​ពី​ក្លិប​ថ្មី Juventus រូបគេ​នឹង​ទទួលបាន ៨៨០០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​សប្តាហ៍​៕


Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Juventus
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com