អន្តរជាតិ
លោក ត្រាំ ទាត់ចោល​សំណើ​លោក ពូ​ទីន ដែល​ចង់​ឲ្យ​រុស្ស៊ី​សួរចម្លើយ​ជនជាតិ​អាមេរិក​
20, Jul 2018 , 8:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៩ ខែកក្កដា បាន​ទាត់ចោល​សំណើ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​ចង់​ឲ្យ​រុស្ស៊ី​មាន​សិទ្ធិ​សួរចម្លើយ​ជនជាតិ​អាមេរិក​។ លោក ពូ​ទីន លើកសំណើ​នេះ​កាលពី​ក្នុងជំនួប​នៅឯ​ហ្វាំ​ង​ឡង់ ដើម្បី​ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់​អា​មេ​រិ​កលើ​ជនជាតិ​រុស្ស៊ី​១២​នាក់​។ ការបដិសេធ​របស់លោក ត្រាំ អាច​សម្រួល​ស្ថានការណ៍​នយោបាយ​ផ្ទៃក្នុង​អាមេរិក​បាន​ខ្លះ ដ្បិត​លោក​ក៏​រង​ការរិះគន់​ខ្លាំង​រួចហើយ​ដែរ​ជុំវិញ​ជំនួប​ជាមួយ​លោក ពូ​ទីន នោះ​។​



​ជនជាតិ​រុស្ស៊ី​ចំនួន​១២​នាក់ ត្រូវបាន​រដ្ឋអាជ្ញា​អាមេរិក​ចោទប្រកាន់​ពីបទ​ជ្រៀតជ្រែក​យុទ្ធនាការ​របស់​បក្ស​ប្រជាធិបតេយ្យ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ ។ ប៉ុន្តែ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន គ្មាន​ជំហរ​ប្រគល់​ពួកគេ​ទៅ​ឲ្យ​អាមេរិក​សួរចម្លើយ ឬ​កាត់ទោស​ឡើយ តែ​លោក​បាន​បើកផ្លូវ​ឲ្យ​មន្ត្រី​អាមេរិក​ធ្វើដំណើរ​ទៅកាន់​រុស្ស៊ី​ដើម្បី​សាកសួរ​ពួកគេ​។ លោក ពូ​ទីន ក៏​ស្នើ​ឲ្យ​អាមេរិក​បើកផ្លូវ​ឲ្យ​រុស្ស៊ី​សួរចម្លើយ​ជនជាតិ​វិញ​ដែរ​។​

​កាលពី​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​ថ្ងៃទី​១៦ ខែកក្កដា នៅ​ទីក្រុង​ហែល​ស៊ីន​គី លោក ពូ​ទីន និយាយថា​៖ «​យើង​រំពឹងថា អាមេរិក​នឹងធ្វើ​ដូចគ្នា ហើយ​ពួកគេ (​អ្នក​សួរចម្លើយ​អាមេរិក​) នឹង​សួរ​មន្ត្រី​អាមេរិក​ដូចជា​អ្នកអនុវត្ត​ច្បាប់ និង​ចារកម្ម ដែល​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ខុសច្បាប់​នៅ​រុស្ស៊ី ហើយ​រុស្ស៊ី​នឹង​ស្នើ​ឲ្យ​មន្ត្រី​ខ្លួន​មាន​វត្តមាន​ក្នុងការ​សួរចម្លើយ​នោះដែរ​»​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ប្រធានាធិបតី​រុស្ស៊ី​ចង់​សំដៅ​ដល់​អតីត​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​រុស្ស៊ី Michael McFaul និង​មនុស្ស​១១​នាក់​ផ្សេងទៀត ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ក្ដីក្ដាំ​រវាង​ក្រុង​មូ​ស្គូ និង​សកម្មជន​សិទ្ធិមនុស្ស William Browder ដែល​នាំទៅដល់​ការដាក់ទណ្ឌកម្ម​មន្ត្រី​រុស្ស៊ី​។ ក្រោយ​ទទួល​សំណើ​លោក ពូ​ទីន លោក ត្រាំ ក៏​ឆ្លើយ​វិញ​ថា នេះ​ជា​សំណើ​អស្ចារ្យ​មួយ​។ សម្ដី​លោក ត្រាំ បង្កើត​ការរិះគន់​យ៉ាងខ្លាំង រហូត​មាន​គេ​ជឿថា លោក​ប្រុង​ឲ្យ​រុស្ស៊ី​សួរចម្លើយ​ជនជាតិ​ខ្លួនឯង​ផង​។​

​យ៉ាងណាមិញ អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders បាន​ចេញមក​បញ្ជាក់ថា លោក ត្រាំ បានសម្រេច​ចិត្ត​ទាត់ចោល​សំណើ​នេះហើយ​។ ដោយ​រំឭក​សម្ដី​លោក ត្រាំ ជាថ្មីទៀត មន្ត្រី​សេត​វិមាន​រូបនេះ​បន្តថា ប្រធានាធិបតី ត្រាំ មិន​យល់​ស្របតាម​សំណើ​របស់លោក ពូ​ទីន ឡើយ​។​

​ជាមួយគ្នា មន្ត្រី​អាមេរិក​ក៏បាន​ប្រាប់​ឲ្យ​លោក ពូ​ទីន បញ្ជូន​ជនជាតិ​រុស្ស៊ី​ទាំង​១២​នាក់​ទៅ​អាមេរិក​ដើម្បី​បញ្ជាក់​រក​ខុសត្រូវ​ផង​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ លើកឡើង​ដែរ​ថា សម្ដី​លោក ពូ​ទីន មិនអាច​កើតឡើង​បានទេ ឯ​លោក ត្រាំ ក៏​ច្បាស់​ដែរ​ថា អាមេរិក​មិនអាច​បញ្ជូន​ជនជាតិ​របស់ខ្លួន​ទៅ​ឲ្យ​រុស្ស៊ី​ដើម្បី​ទទួល​ការសួរចម្លើយ​ពី​សំណាក់​ជនជាតិ​រុស្ស៊ី​ឡើយ​៕


Tag:
 អាមេរិក​
  រុស្ស៊ី​
  ដូ​ណា​ល់ ត្រាំ​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com