ជាតិ
#PrayforJapan! ពលរដ្ឋ​ខ្មែរ​នៅ​ជាមួយ​ជប៉ុន​ក្នុង​គ្រា​ដ៏​លំបាក​
20, Jul 2018 , 8:39 pm        
រូបភាព
ដោយ:
#PrayforJapan! នេះ​ជា​ទឹកចិត្ត​របស់​ពលរដ្ឋ​កម្ពុជា ជូន​ចំពោះ​ពលរដ្ឋ​ជប៉ុន​ក្នុង​គ្រា​ដ៏​លំបាក​របស់ខ្លួន ដោយ​រយៈពេល​ចុងក្រោយ​នេះ ជីវិត​មនុស្ស​ជាង​២០០​នាក់ ត្រូវបាន​លេប​ត្របាក់​ដោយ​គ្រោះមហន្តរាយធម្មជាតិ ហើយ​ជាច្រើន​នាក់​បាត់បង់​ទីជម្រក​។ ព្រះមហាក្សត្រ សម្តេចនាយក​រដ្ឋមន្ត្រី អ្នកនយោបាយ ស្ថាប័នរដ្ឋ សហគ្រាស​ឯកជន សាលារៀន ក្រុម​សិល្បៈ ក្លិប​កីឡា ក៏​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ សុទ្ធតែ​បាន​ចូលរួម​រំលែក​ទុក្ខលំបាក​របស់​ជប៉ុន ដែលជា​ម្ចាស់ជំនួយ​ដ៏​ធំ​របស់​កម្ពុជា​។ អ្នកខ្លះ បាន​ប្តូរ​រូបភាព​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដើម្បី​ឧទ្ទិស​ដល់​ជប៉ុន​ថែមទៀត​ផងដែរ​។​



អត្ថបទទាក់ទង


​នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ ជប៉ុន ជាពិសេស​តំបន់​ភាគ​កណ្តាល និង​ភាគ​ខាងលិច បាន​រងគ្រោះ​ដោយសារតែ​ជំនន់​ទឹកភ្លៀង និង​ការបាក់​ដី ដែល​បណ្តាល​ឲ្យ មនុ ស្ស​ជាង​២០០​នាក់​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​បន្ត​បាត់​ខ្លួន​។ វា​ជា​គ្រោះមហន្តរាយ​ដ៏​ធំ​បំផុត​នា​រយៈពេល​៣​ទសវត្សរ៍​ចុងក្រោយ​។​

​ជុំវិញ​សោកនាដកម្ម​នេះ ព្រះមហាក្សត្រ ព្រះ​កុរ​ណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ក៏​ថ្វាយ​ព្រះរាជសារ​ទៅ​ព្រះ​ចៅ​អធិរាជ​ជប៉ុន អា​គិ​ហិ​តូ ដើម្បី​សម្តែង​សមានចិត្ត និង​ចូលរួម​រំលែក​ទុក្ខ រីឯ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ផ្ញើលិខិត​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe ក្នុង​ខ្លឹមសារ​ដូចគ្នា​ផងដែរ​។​

​ក្រៅពី​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ស្ថាប័ន​ជាតិ សហគ្រាស​ឯកជន សាលារៀន ក្រុមកីឡា សុទ្ធ​បានបង្ហាញ​ពី​មនោសញ្ចេតនា​ស្រណោះ​អាណិត​ចំពោះ​ពលរដ្ឋ និង​រដ្ឋាភិបាល​ជប៉ុន​ផងដែរ​។

​ពលរដ្ឋ​ខ្មែរ​មួយចំនួន បាននាំគ្នា​ប្តូរ​ផ្ទាំង​រូបថត​របស់ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​ថា «We are Cambodian, We Pray for Japan ឬ #PrayforJapan»​។ ទោះបី​ពលរដ្ឋ​ខ្មែរ​មិនអាច​ជួយ​ដល់​ជនជាតិ​ជប៉ុន​ក៏ដោយ  ក៏​ពួកគេ​បានសរសេរថា ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ សូម​ឲ្យ ជប៉ុន​រួច​ផុតពី​គ្រោះថ្នាក់​ដោយ​គ្រោះធម្មជាតិ​ដ៏​សាហាវ​នេះ​។

​មូលហេតុ​ដែល​នាំ​ឲ្យ​ប្រជាជន​ខ្មែរ​ធ្វើបែបនេះ ដោយសារ​លើកឡើងថា ជប៉ុន​ជា​ម្ចាស់ជំនួយ​ធំជាងគេ​សម្រាប់​កម្ពុជា​។ អ្នកខ្លះ​ពន្យល់ថា ជប៉ុន និង​កម្ពុជា ជា​ប្រទេស​ដែលមាន​សម្ព័ន្ធមិត្ត​យ៉ាង​ជិតស្និទ្ធ​នឹង​គ្នា និង​ជា​ប្រទេស​ដែល​ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា​ពេល​មាន​អាសន្ន ហើយ​ជប៉ុន​ជា​ប្រទេស​ដែល​មិន​គិតពី​ផលប្រយោជន៍​អ្វីមួយ​របស់​កម្ពុជា​។

​នៅមុន​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ក្រុម​កីឡាករ​បាននាំគ្នា​ស្មឹង​ស្មាធិ៍​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅ​ជប៉ុន​។ ក្លិប​មួយចំនួន​រួមមាន ព្រះខ័ន​រាជ​ស្វាយរៀង ណាហ្គា​វើ​ល ក្រសួងការពារជាតិ អង្គ​រថា​យ​ហ្គឺ​រ អាស៊ី​អឺរ៉ុប សុទ្ធតែ​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដ៏​លំបាក​របស់​ជប៉ុន ហើយ​ក្លិប​ភ្នំពេញ​ក្រោ​ន​ថែមទាំង​ផលិត​វីដេអូ​ខ្លះ​មួយ​ថែម​ទៀតផង​។​



​ឆ្លើយតប​ទៅនឹង​ទឹកចិត្ត​របស់​ថ្នាក់ដឹកនាំ និង​ពលរដ្ឋ​កម្ពុជា លោក Hidehisa Horinouchi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានចេញ​ឃ្លី​ប​វីដេអូ​មួយ​ដើម្បី​ថ្លែងអំណរគុណ​។​



​បន្ថែម​ពីលើ​នេះ ជប៉ុន​ក៏​ជួប​បញ្ហា​មួយទៀត គឺ​អាកាសធាតុ​ក្ដៅ​ខ្លាំង​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​ឲ្យ​ដឹង ថា រលក​កម្ដៅ​មាន​សីតុណ្ហភាព​ខ្ពស់ បានសម្លាប់​មនុស្ស​យ៉ាងតិចណាស់​១៤​នាក់​នៅ​ចុង​សប្ដាហ៍​កន្លងទៅ ហើយ​វា​ក៏បាន​បង្កបញ្ហា​ដល់​ការ​ស្រោចស្រង់​ឡើងវិញ​នៃ​តំបន់​ដែល​ទើប​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​ការបាក់​ដី​ទៅទៀត​៕


Tag:
 កម្ពុជា​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com