ជាតិ
បោះឆ្នោត
លោកស្រី រ៉ូណា ស្មីត៖ ការអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត គួរតែត្រូវបានអនុញ្ញាត
× លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ចង់ឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមានការអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ លោកស្រី យល់ថា គ្រាន់តែអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺមិនមែនជាទោសកំហុសនោះទេ។
សារខាងលើរបស់លោកស្រី ដែលនិយាយមកកាន់រដ្ឋាភិបាលកម្ពុជា ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ លោកស្រី សង្កត់ធ្ងន់ថា ការបោះឆ្នោតនៅកម្ពុជា មិនមែនជាកាតព្វកិច្ច ដែលត្រូវតែចូលរួមឡើយ។
អ្នករាយការណ៍របស់អង្គការសហប្រជាជាតិរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖«ខ្ញុំ សូមឲ្យរដ្ឋាភិបាលកម្ពុជា បញ្ជាក់ឲ្យច្បាស់ថា ការអំពាវនាវឲ្យធ្វើពហិការមិនទៅបោះឆ្នោត គួរតែអនុញ្ញាតឲ្យធ្វើបាន»។
ការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត ដូចមិនទាន់ឃើញមានមន្ត្រីរដ្ឋាភិបាលឬគណបក្សកាន់អំណាច ចេញមកឆ្លើយតបនោះទេ។ ក៏ប៉ុន្តែ មន្ត្រីរដ្ឋាភិបាល និងមន្ត្រីគណបក្សកាន់អំណាច ជាពិសេសលោក សុខ ឥសាន ដែលជាអ្នកនាំពាក្យ បានបកស្រាយយ៉ាងច្រើនក្នុងន័យវិជ្ជមាន អំពីការបោះឆ្នោត នៅឆ្នាំ២០១៨នេះ។
លោក សុខ ឥសាន ធ្លាប់បានអះអាងថា រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើការបោះឆ្នោត និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឲ្យស្របតាមសិទ្ធិរបស់ពួកគេ។ លោក និយាយទៀតថា រដ្ឋាភិបាលកម្ពុជា មិនបានគំរាមកំហែងប្រជាជននោះទេ ទាក់ទងនឹងការបោះឆ្នោត។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សកាន់អំណច នៅតែអះអាងថា ការអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជារឿងខុសឆ្គង។ តាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាម លោក បានសរសេរសារទៅកាន់អ្នកកាសែតយ៉ាងដូច្នេះថា៖«ក្រុម ដែលប្រើឧបាយកល មិនឲ្យប្រជាជនទៅបោះឆ្នោត គឺជាការរំលោភសិទ្ធិពលរដ្ឋ»។
កន្លងមកសម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច ក៏ចាត់ទុកការអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ថាជាការរំលោភសិទ្ធិពលរដ្ឋ និងច្បាប់កម្ពុជាដែរ។ ចំណែក ក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការចំពោះការអំពាវនាវបែបនេះ ដោយមានការសាទរពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ទោះជារងការព្រមានក្តី តែលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងបក្សពួកនៅក្រៅប្រទេស នៅតែបន្តអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតដដែល។ ពួកគេ បានបង្កើតយុទ្ធនាការមួយនៅតាមបណ្តាញសង្គម ដែលហៅថា «យុទ្ធនាការម្រាមដៃស្អាត»។
នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតនឹងមកដល់។ ពេលនេះ គណបក្សនានា កំពុងតែឃោសនារកសំឡេងឆ្នោតរៀងៗខ្លួន៕
Tag:
បោះឆ្នោត
រ៉ូណា ស្មីត
© រក្សាសិទ្ធិដោយ thmeythmey.com