ជាតិ
បទវិភាគ
បោះឆ្នោត
ព្រះសង្ឃ អាច​ចូលរួម​ក្នុង​នយោបាយ​បាន តែមាន​ដែន​កំណត់​
21, Jul 2018 , 12:19 pm        
រូបភាព
ព្រះអង្គ ហង្ស ដារ៉ា ស្ថាបនិកគណបក្សសញ្ជាតិកម្ពុជា ជួបបរិស័ទដែលគាំទ្រគណបក្សរបស់ព្រះអង្គ នាពេលកន្លងមក។ រូបពីទំព័រហ្វេសបុកឈ្មោះ គណបក្សសញ្ជាតិកម្ពុជា Cambodian Natioality
ព្រះអង្គ ហង្ស ដារ៉ា ស្ថាបនិកគណបក្សសញ្ជាតិកម្ពុជា ជួបបរិស័ទដែលគាំទ្រគណបក្សរបស់ព្រះអង្គ នាពេលកន្លងមក។ រូបពីទំព័រហ្វេសបុកឈ្មោះ គណបក្សសញ្ជាតិកម្ពុជា Cambodian Natioality's Party
ដោយ:
​ទាំង​វិន័យ​ព្រះពុទ្ធសាសនា ទាំង​ច្បាប់​កម្ពុជា មិនបាន​ដក​ព្រះសង្ឃ ចេញពី​នយោបាយ​ឡើយ​។  ព្រះសង្ឃ ក៏​ទទួលបាន​សិទ្ធិ​នយោបាយ ហើយក៏​អាច​ចូលរួម​ធ្វើ​សកម្មភាព​សង្គម និង​នយោបាយ ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ​។ ប៉ុន្តែ សិទ្ធិ​នយោបាយ​របស់​សង្ឃ មាន​ដែន​កំណត់ ដោយ​មិនអាច​ចូលរួម ឬ​ធ្វើ​សកម្មភាព​នយោបាយ​ឲ្យ​ហួសប្រមាណ​នោះទេ​។



​មួយរយៈ​ចុងក្រោយ​នេះ ជាពិសេស​ចាប់​តាំង​គណបក្សនយោបាយ​នានា​នៅ​កម្ពុជា ចាប់​ផ្តើមធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​មក ព្រះ​ភិក្ខុ​មួយអង្គ ព្រះនាម ហង្ស ដា​រ៉ា ដែលជា​ស្ថាបនិក​នៃ​គណបក្ស​សញ្ជាតិ​កម្ពុជា បាន​រង​ការរិះគន់​យ៉ាងខ្លាំង ពី​មជ្ឈដ្ឋាន​មួយចំនួន នៅពេល​គេ ឃើញ​ព្រះអង្គ ចេញ​ឃោសនា​ឲ្យ​គណបក្ស​របស់​ព្រះអង្គ​។ ព្រះអង្គ​មិន​ត្រឹមតែ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​សញ្ជាតិ​កម្ពុជា​នោះទេ តែ​ព្រះអង្គ ថែមទាំង​វាយប្រហារ​អតីត​គណបក្សប្រឆាំង​ទៀតផង ជាពិសេស​គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា​។

​ថ្មីៗ​នេះ ព្រះអង្គ បាន​ប្រើ​ពាក្យសម្តី​ធ្ងន់ៗ ក្នុងការ​ទិតៀន​ទៅលើ​វិទ្យុ​អាស៊ីសេរី និង​សហរដ្ឋអាមេរិក ខណៈ​ព្រះអង្គ ជួប​ជាមួយ​អ្នកគាំទ្រ​គណបក្ស​សញ្ជាតិ​កម្ពុជា ក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​។ នៅ​ចំពោះមុខ​អ្នកគាំទ្រ ព្រះអង្គ បានបង្ហាញ​ព្រះទ័យ​ខ្ញាល់​យ៉ាងខ្លាំង​ចំពោះ​វិទ្យុ​អាស៊ីសេរី ដោយ​ព្រះអង្គ អះអាងថា វិទ្យុ​បរទេសមួយ​នេះ បាន​ចោទ​ព្រះអង្គ​ថា​ជា​អ្នក​ដែល​ចាំតែ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច ហ៊ុន សែន​។ ព្រះអង្គ​ថែមទាំង​ចោទ​អាមេរិក​ថា មានបំណង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម​។ 

​វីដេអូ​ឃ្លី​ប​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ នៅលើ​បណ្តាញ​សង្គម ដែល​បង្ហាញ​ពី​វត្តមាន​របស់​ព្រះអង្គ​ក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ហើយ​និង​បាន​ពោល​ពាក្យ​វាយប្រហារ​អ្នកដទៃ​ជា​សាធារណៈ​បែបនេះ ភាគច្រើន​ទទួលបាន​នូវ​ការមិន​ពេញចិត្ត​ពី​ប្រជាពលរដ្ឋ​។ ពួកគេ យល់ថា ព្រះអង្គ ក្នុងនាម​ជា​អ្នកបួស មិនគួរ​ប្រព្រឹត្ត​នូវ​ទង្វើ​បែបនេះ​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​។

​តើ​អ្នកបួស​អាច​ចូលរួម​ក្នុង​រឿង​នយោបាយ​បានដែរ​ឬទេ​? បើ​អ្នកបួស​ចូលរួម​ឈឺឆ្អាល​ក្នុង​រឿង​នយោបាយ និង​កិច្ចការ​ប្រទេសជាតិ តើ​វា​ខុស​នឹង​ព្រះ​វិន័យ និង​សីលធម៌​អ្នកបួស​ឬ​? តើ​វា ផ្ទុយ​ពី​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស ហើយ​ថា​តើ​វា​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឬ​?

​និយមន័យ​មួយ​នៃ​ពាក្យនយោបាយ ក្នុងចំណោម​និយាម​ន័យ​ជាច្រើន គឺថា នយោបាយ ជាការ​ប្រកួតប្រជែង ដើម្បី​បាន​អំណាច​ក្នុង​ការដឹកនាំ​ប្រទេស​។  ត្រង់ចំណុច​នេះ វា គឺជា​គោលដៅ និង​ជា​មហិច្ឆតា​របស់​អ្នកនយោបាយ​។

​ដូច្នេះ ការធ្វើ​នយោបាយ ដើម្បី​ដណ្តើម​អំណាច មិនមែនជា​ភារកិច្ច​របស់​អ្នកបួស​ឡើយ​។ យ៉ាងណា អ្នកបួស  អាច​ចូលរួម​គិតគូរ​រឿង​ប្រទេសជាតិ និង​នយោបាយ ជាមួយ​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​ក្នុងសង្គម​ប្រជាធិបតេយ្យ​តែម្តង​។​

​តាមពិត គោលដៅ​អ្នកបួស​ធំធេង​សម្បើម​ណាស់​។ បួស​មិនមែន​បួស​លេង​, បួស​មិនមែន​បួស​ដើម្បី​តែ​សប្បាយ​, បួស​មិនមែន​បួស​ព្រោះ​គេច​ពី​ការងារ​ផ្ទះ​, បួស​មិនមែន​បួស​ដើម្បី​សន្សំទ្រព្យ​, បួស​មិនមែន​បួស​ដើម្បី​ឋានន្តរសក្តិ​, បួស​មិនមែន​បួស​ដើម្បី​គេច​ពី​អាជ្ញា​រដ្ឋ​។ តែ​បួស​ដើម្បី​ស្វែងរក​ធម៌​រំលត់ទុក្ខ​ទាំងពួង ហើយ​ដើម្បី​ជួយសង្គ្រោះ និង​ប្រោស​សត្វលោក​ឲ្យ​រួច​ចាក​ទុក្ខ​ផងដែរ​។​

​អ្នកបួស ដែល​ក្លាយខ្លួនជា​ឧ​ត្ត​ម​ភេទ ក្រៅពី​ស្វែងរក​មាគ៌ា ដើម្បី​ចេញ​ចាក​ទុក្ខ ក៏មាន​កាតព្វកិច្ច​ដ៏​ចាំបាច់​ផងដែរ ក្នុងការ​ជួយសង្គ្រោះ​បងប្អូន គ្រួសារ សាច់ញាតិ និង​សង្គម​ទាំងមូល​។ ការជួយ​សង្គ្រោះ​នេះ គឺមាន​រូបភាព​ផ្សេងៗ​គ្នា ដូចជា អប់រំ ទេសនា​ប្រៀនប្រដៅ​, ជួយ​តម្រង់​ទិដ្ឋិ​តាម​ព្រះ​ពុទ្ធោវាទ និង​អាច​ចូលរួម​ក្នុង​រឿង​នយោបាយ ពេលណា​ដែល​ប្រទេសជាតិ​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ហើយ​ប្រជាជន រង​ភាពអយុត្តិធម៌​។​

​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធសាសនា គេ​មិន​ឃើញថា ព្រះសម្មាសម្ពុទ្ធ ទ្រង់​ហាមប្រាម​អ្នកបួស​មិន​ឲ្យ​ចូលរួម​ឈឺឆ្អាល​ក្នុង​កិច្ចការ​នយោបាយ និង​បញ្ហា​សង្គម​ឡើយ​។ ព្រះអង្គ មានតែ​ជំរុញ​ឲ្យ​សង្គ្រោះ​មនុស្ស​ថែមទៀត ទោះ​តាម​ការ​ទេសនា​ក្តី ឬ​តាម​ការចូលរួម​ក្នុង​កិច្ចការ​សង្គម​ក្តី​។ ការ​ដោះខ្លួន​ចេញ​ចាក​កាមតណ្ហា និង​ការសង្គ្រោះ​មនុស្ស​ឲ្យ​ផុតពី​សេចក្តី​ទុក្ខ គឺជា​កាតព្វកិច្ច និង​ទឹកចិត្ត​របស់​អ្នកបួស​។​

​បើ​រម្លឹក​ទៅដល់​សម័យ​អាណានិគម​បារាំង យើង​ឃើញ​មាន​បុព្វ​វីរ​សមណ​សង្ឃ​ជាច្រើន​អង្គ ដូចជា​ព្រះគ្រូ​អាចារ្យ ហែម ចៀវ ព្រះគ្រូ​ខៀវ ជុំ ព្រះគ្រូ​ប៉ាង ខាត់ ជាដើម សុទ្ធតែ​លះបង់​ជីវិត​ក្នុង​រឿង​នយោបាយ ដើម្បី​ស្រោចស្រង់​ប្រទេសជាតិ​ដោយ​ឥត​ចង់បាន​អ្វី​។

​ក្រៅពី​ទ្រឹស្តី​ក្នុង​ព្រះពុទ្ធសាសនា ច្បាប់​អន្តរជាតិ និង​ច្បាប់​កម្ពុជា ក៏បានផ្តល់​សិទ្ធិ​ឲ្យ​ព្រះសង្ឃ ចូលរួម​ក្នុង​នយោបាយ​ដែរ​។ 

​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស ត្រង់​មាត្រា​២​បាន​ចែងថា​៖«​មនុស្ស​គ្រប់រូប​មាន​សិទ្ធិ និង​សេរីភាព​គ្រប់បែបយ៉ាង​ទាំងអស់ ដោយ​គ្មាន​ការបែងចែក ជាតិ​សាសន៍ ពណ៌​សម្បុរ ភេទ ភាសា សាសនា មតិ​នយោបាយ ឬ​មតិ​ផ្សេងៗ​ទៀត ប្រភព​ជាតិ ឬ​សង្គម ទ្រព្យសម្បត្តិ កំណើត ឬ​ឋានៈ​ដទៃៗ​ទៀតឡើយ​»​។

​មាត្រា​ផ្សេងទៀត ដូចជា​មាត្រា មាត្រា​២១ ក៏បាន​ចែង​ដែលថា​៖ «​មនុស្ស​គ្រប់រូប មាន​សិទ្ធិ​ចូលរួម​ក្នុង​រដ្ឋាភិបាល​នៃ​ប្រទេស​របស់ខ្លួន ដោយផ្ទាល់ ឬ​តាមរយៈ​តំណាង​ទាំងឡាយ ដែល​គេ​បានជ្រើសរើស​ដោយ​សេរី​។ ឆន្ទៈ​នេះ​នឹង​ត្រូវបាន​សម្ដែង​ចេញ​តាមរយៈ​ការបោះឆ្នោត​យ៉ាង​ទៀងទាត់ តាម​ពេល​កំណត់ និង​ពិតប្រាកដ ដែល​នឹងត្រូវ​ធ្វើជា​សកល និង​មាន​សិទ្ធិ​បោះឆ្នោត​ស្មើៗ​គ្នា​។​

​រីឯ រដ្ឋធម្មនុញ្ញ​កម្ពុជា​វិញ ត្រង់​មាត្រា​៣១ បានចែង​យ៉ាងនេះ​ថា​៖«​ព្រះរាជាណាចក្រ​កម្ពុជា ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅនឹង​សិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិ​កុមារ​»​។​

​លើសពីនេះ មាត្រា​៣៥​នៃ​រដ្ឋ​ធម្ម​នុ​ញ្ញាដ​ដែល ក៏បាន​ចែង​ដែរ​ថា​៖ «​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌​របស់​ប្រទេសជាតិ​»​។

​នៅ​មាត្រា​ផ្សេងទៀត​ដូច មាត្រា​៤២ វាក្យខណ្ឌ​ទី​២ នៃ​រដ្ឋធម្មនុញ្ញ បាន​ចែងថា​៖ «​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងឡាយ អាច​ចូលរួម​ក្នុង​អង្គការ​មហាជន ជួយ​គ្នា​ទៅវិញទៅមក ការពារ​សមិទ្ធផល​ជាតិ និង សណ្ដាប់ធ្នាប់​សង្គម​»​។​

​កម្ពុជា មិន​ត្រឹមតែ​គោរព និង​ទទួលស្គាល់​សិទ្ធិមនុស្ស​ប្រកាស​ជា​សាកល ដែល​ពាក់ព័ន្ធ និង​សិទ្ធិ​យោ​បាយ សិទ្ធិ​ពលរដ្ឋ ដោយ​ឥត​បែង​ចែង​ភេទ​នោះទេ ថែមទាំង​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ផង ដើម្បី​ផ្តល់​សិទ្ធិ ផ្តល់ឱកាស​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុងការ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ ជួយ​អភិវឌ្ឍ​ប្រទេសជាតិ​។​

​នៅមាន​ច្បាប់​ស្តីពី​គណបក្សនយោបាយ​មួយទៀត ដែល​បានចែង​អំពី​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ​។ មាត្រា​១២ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​ចែងថា​៖ «​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ​យ៉ាងតិច​១៨​ឆ្នាំ និង​មាន​សិទ្ធិ​ពលរដ្ឋ អាច​ចូល​ជា​សមាជិក​គណបក្សនយោបាយ​បាន​»​។​

​ទឡ្ហីករណ៍​ខាងលើ ដែល​រួមមាន​ទស្សនៈ​ព្រះពុទ្ធសាសនា គោលការណ៍​នៃ​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​បង្ហាញថា វា មិនមែនជា​រឿង​ខុសឆ្គង​នោះទេ ដែល​ព្រះសង្ឃ ចូលរួម​ក្នុង​នយោបាយ​។

​ក៏ប៉ុន្តែ ថ្វី​ដ្បិត​ព្រះសង្ឃ​មាន​សិទ្ធិ​អាច​ចូលរួម​គិតគូរ​ក្នុង​រឿង​នយោបាយ​ក៏ពិតមែន តែ​ក៏​គួរ​យល់​ពី​កម្រិត​ដែល​ខ្លួន​អាចធ្វើ​បានដែរ ដោយ​ផ្អែកទៅលើ​វិន័យ​ព្រះពុទ្ធសាសនា និង​តាមច្បាប់​កម្ពុជា​។

​មាន​ចំណុច​សំខាន់ៗ​មួយចំនួន ដែល​ព្រះសង្ឃ មិនអាច​ធ្វើបាន​នៅក្នុង​សកម្មភាព​នយោបាយ មានដូចជា បង្ហាញ​ការគាំទ្រ​ឬ​ការប្រឆាំង​លើ​គណបក្ស​ណាមួយ​, ចេញ​ឃោសនា​រក​សំឡេងឆ្នោត​, បង្កើត​គណបក្ស​ផ្ទាល់ខ្លួន និង​ធ្វើជា​តំណាង​របស់​ប្រជាពលរដ្ឋ ជាដើម​។

​តាមច្បាប់​ស្តីពី​គណបក្សនយោបាយ ព្រះសង្ឃ​អាច​ចូល​ជា​សមាជិក និង​គាំទ្រ​គោលនយោបាយ នៃ​គណបក្ស​ណាមួយ​បាន តែ​មិនត្រូវ​បញ្ចេញ​សកម្មភាព​ជាក់ស្តែង​ដើម្បី​បង្ហាញ​ជា​សាធារណ​ថា ខ្លូន​គាំទ្រ​បក្ស​ណាមួយ ហើយ​ស្អប់​គណបក្ស​ផ្សេង​នោះទេ​។ ក្នុងនាម​ជា​អ្នកបួស ត្រូវ​ដើរ​តាម​មាគ៌ា​នៃ​ឧបេក្ខា​ធម៌​។

​មាត្រា​១៥ វាក្យខណ្ឌ​ទី​២ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​ចែងថា​៖ «​បុព្វ​ជិត មន្ត្រី​តុលាការ កងយោធពល​ខេមរភូមិន្ទ និង​កងកម្លាំង​នគរបាលជាតិ អាច​ចូល​ជា​សមាជិក​គណបក្សនយោបាយ​នានា​បាន តែ​មិន​ត្រូវធ្វើ​សកម្មភាព​គាំទ្រ​ឬ​ប្រឆាំង​គណបក្សនយោបាយ​ណាមួយ​ឡើយ​។ គណបក្សនយោបាយ​មិនត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​ចាត់តាំង​ក្នុង​ស្ថាប័ន​សាសនា តុលាការ កង​យោពល​ខេមរភូមិន្ទ​និង​កងកម្លាំង​នគរបាលជាតិ​ទេ​»​។​

​បើ​ព្រះសង្ឃ មិនអាច​បង្ហាញ​ការគាំទ្រ​ចំពោះ​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត ឬ​មិនអាច​បង្ហាញ​ការប្រឆាំង​ចំពោះ​គណបក្ស​ខ្លួន​ស្អប់​នៅ​ទីសាធារណៈ អ៊ីចឹង​ការចេញ​ទៅធ្វើ​យុទ្ធនា​ការឃោសនា​រកស​ន្លឹ​ក​ឆ្នោត ក៏​មិន​បានដែរ ពី​ពោះ​ថា ការដើរ​ឃោសនា ក៏​ជាការ​បង្ហាញ​សកម្ម​ភាពជា​សាធារណៈ​ដូចគ្នា​។ ម្យ៉ាងទៀត បើ​ព្រះសង្ឃ ដើរ​ឃោសនា​ជាមួយ​គ្រហស្ថ ហើយ​កាន់​ឧ​គ្ឃោ​សន​សព្ទ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​នេះ ឬ​គណបក្ស​នោះ គឺ​រឹតតែ​មើលទៅ​មិន​គាប់​ភ្នែក​។       
    
​សូម្បីតែ បង្ហាញ​ការគាំទ្រ និង​ឃោសនា​រក​សំឡេងឆ្នោត​ឲ្យ​គណបក្ស​ណាមួយ ក៏​ព្រះសង្ឃ មិនត្រូវ​បានអនុញ្ញាត​ផង ចុះ​ឲ្យ​ទៅ​បង្កើត​គណបក្ស ហើយ​ដឹកនាំ​ដោយ​ខ្លួនឯង​ផ្ទាល់ យ៉ាងដូចម្តេច​កើត​?  ប្រាកដជា​ទៅ​មិន​រួច​ជា​ឡើយ​។

​តាមពិតទៅ ច្បាប់​កម្ពុជា មិនបាន​និយាយ​អ្វី​សោះ អំពី​ការហាមឃាត់​ព្រះសង្ឃ​ក្នុងការ​បង្កើត​គណបក្ស​នយោបាយ​។ ប៉ុន្តែ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា រហូតមកដល់​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ មិន​គាំទ្រ​ឲ្យ​មាន​គណបក្សនយោបាយ ដែល​ត្រូវបាន​បង្កើត និង​ដឹកនាំ​ដោយ​ព្រះសង្ឃ​នោះទេ​។

​វា​ជា​រឿង​ចម្លែក​បំផុត បើ​ព្រះសង្ឃ​នៅ​កម្ពុជា អាចបង្កើត​គណបក្សនយោបាយ និង​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត ដើម្បី​កាន់អំណាច ដូច​គ្រហស្ថ​។ 

​ចំណែក ការធ្វើជា​តំណាង​របស់​ប្រជាពលរដ្ឋ ក៏​ព្រះសង្ឃ មិនមាន​សិទ្ធិ​ដែរ​។ នៅ​ប្រទេស​កម្ពុជា ព្រះសង្ឃ មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ​បាន​។ ប៉ុន្តែ​ច្បាប់​កម្ពុជា​មិន​ចែងថា ព្រះសង្ឃ អាច​ឈរឈ្មោះ​ជា​បេក្ខជន ឲ្យ​គេ​បោះឆ្នោត​ឲ្យ​នោះទេ​។

​ទោះជា រដ្ឋធម្មនុញ្ញ​កម្ពុជា ចែងថា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ក៏ដោយ តែ​ការចែង​នោះ គឺសំដៅ​តែ​ទៅលើ​ប្រជាពលរដ្ឋ​ទូទៅ​ប៉ុណ្ណោះ​។

បើ​ព្រះសង្ឃ​អង្គណា ចង់បង្កើតគណបក្សផ្ទាល់ខ្លួន, ចង់​ធ្វើ​នយោបាយ, ចង់បានអំណាច, ឬក៏ចង់ធ្វើជាតំណាងរាស្ត្រ ព្រះសង្ឃ​អង្គ​នោះ ត្រូវតែ​លាចាក​សិក្ខាបទ​ជាមុនសិន​។ 

​ជារួម ព្រះសង្ឃ អាច​ចូលរួម​ក្នុង​នយោបាយ​បាន​។ ប៉ុន្តែ ព្រះសង្ឃ ក៏​គួរ​យល់​ពី​ដែន​នៃ​សិទ្ធិ​របស់ខ្លួន​ដែរ​។ បើ​ព្រះសង្ឃ ចេះតែ​ចូលរួម ឬ​ធ្វើ​សកម្មភាព​ន​យោ​យ​បាយ​ប៉ាតណាប៉ាតណី ដោយ​ភ្លេច​ពី​ព្រះ​វិន័យ​និង​ច្បាប់​រដ្ឋ នោះ​នឹងធ្វើ​ឲ្យ​តម្លៃ​នៃ​ព្រះពុទ្ធសាសនា ធ្លាក់ចុះ​ជាមិនខាន​៕


Tag:
 បោះឆ្នោត​
  ឃោសនា​
  ហង្ស ដា​រ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com