កីឡាជាតិ
ជាតិ
លីគ៖ វិសាខា, ស្វាយរៀង ប៉ះក្រុមដែលយកឈ្នះខ្លួនក្នុងជើងទី១ រីឯបឹងកេតតតាំងជាមួយសូលទីឡូអង្គរ
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌលីគកំពូល បានឈានដល់ការប្រកួតសប្តាហ៍ទី១៥ ដោយនៅថ្ងៃសៅរ៍ ទី២១ ខែកក្កដានេះ មានការប្រកួតចំនួន៣គូ។ ក្នុងនោះក្រុមវិសាខា តទល់ជាមួយអាស៊ីអឺរ៉ុប រីឯព្រះខ័នរាជស្វាយរៀងប្រជែងជាមួយអង្គរថាយហ្គឺរ មុនបឹងកេត ប៉ះក្រុមចំណូលថ្មីសូលទីឡូអង្គរ។
វិសាខា ប៉ះ អាស៊ីអឺរ៉ុបម៉ោង៣រសៀលនៅកីឡដ្ឋានអាស៊ីអឺរ៉ុប
វិសាខាជាក្រុមចំណូលថ្មីកំពុងឡើងជើងស្ថិតនៅលេខរៀងទី២ក្នុងតារាងមាន៣២ពិន្ទុក្នុងដៃ។ ក្រុមនេះពុំទាន់ស្គាល់បរាជ័យនោះទេ សម្រាប់៤ប្រកួតកន្លងមកនេះ។ នាជំនួបសប្តាហ៍មុន វិសាខាបានយកឈ្នះភ្នំពេញក្រោនក្នុងលទ្ធផល ៣-១។ ចំណែកអាស៊ីអឺរ៉ុប ស្ថិតនៅលេខរៀងទី៨ក្នុងតារាង មាន១៨ពិន្ទុ។ ៤ប្រកួតកន្លងមក អាស៊ីអឺរ៉ុបឈ្នះ១លើក និងចាញ់៣លើកជាប់គ្នាចុងក្រោយ។ កាលពីសប្តាហ៍មុនក្រុមនេះ ចាញ់ក្រុមក្រសួងការពារជាតិក្នុងលទ្ធផល ៣-១។ ការវិលមកគ្នារវាងក្រុមទាំងពីរលើកនេះ វាជាឱកាសសងសឹកសម្រាប់វិសាខា ដែលបានចាញ់អាស៊ីអឺរ៉ុបក្នុងជើងទី១។ សម្រាប់ការប្រកួតជើងទី១ ក្រុមអាស៊ីអឺរ៉ុបបានយកឈ្នះវិសាខា ក្នុងលទ្ធផល ២-០។
ព្រះខ័នរាជស្វាយរៀងជួបអង្គរថាយហ្គឺរម៉ោង៣:៣០នាទីនៅកីឡដ្ឋានខេត្តសៀមរាប
ព្រះខ័នរាជស្វាយរៀងស្ថិតនៅលេខរៀងទី៦ក្នុងតារាងមាន២០ពិន្ទុក្នុងដៃ។ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ហាក់ទទួលលទ្ធផលល្អសម្រាប់៤ប្រកួតកន្លងមកនេះ ដោយឈ្នះ៣និងចាញ់១។ នាជំនួបសប្តាហ៍មុន ក្រុមនេះ យកឈ្នះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៤-២។ ចំណែកក្រុមអង្គរថាយហ្គឺរ ស្ថិតនៅលេខ១០ក្នុងតារាង ក្រោយ១៤ប្រកួតឈ្នះ៣ ស្មើ៣ និងចាញ់៨។ ក្រុមប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាបជាមូលដ្ឋានមួយនេះ មាន១២ពិន្ទុក្នុងដៃ។ មួយរយៈចុងក្រោយ ក្រុមនេះ ទទួលលទ្ធផលមិនសូវល្អនោះឡើយ ដោយ៥ប្រកួតចាញ់៤និងស្មើ១។ ប៉ុន្តែកាលពីសប្តាហ៍មុន អង្គរថាយហ្គឺរបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយក្រុមណាហ្គាវើល។ នាជំនួបជើងទី១ក្រុមអង្គរថាយហ្គឺរបានយកឈ្នះព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ៣-១។
បឹងកេត តទល់ជាមួយ សូលទីឡូអង្គរ ម៉ោង៦ល្ងាចនៅពហុកីឡដ្ឋានជាតិ
បឹងកេតជាក្រុមមិនដែលស្គាល់ចាញ់ស្ថិតនៅកំពូលតារាងមាន៣៦ពិន្ទុ។ បន្ទាប់ពីស្មើ ១-១ ជាមួយវិសាខា នាជំនួបសប្តាហ៍ទី១០ បឹងកេតមិនដែលស្គាល់ចាញ់នោះឡើយ ពោលគឺឈ្នះទាំង៤ប្រកួត ខណៈកាលពីសប្តាហ៍មុន ក្រុមនេះយកឈ្នះអគ្គស្នងការនគរបាលជាតិ ១-០។ បឹងកេតត្រូវការឈ្នះក្នុងជំនួបនេះ ដើម្បីបន្តគ្រងកំពូលតារាង ជាមួយកំណត់ត្រាមិនស្គាល់មិនចាញ់។ ចំណែកសូលទីឡូអង្គរ ក៏ត្រូវការឈ្នះផងដែរក្នុងការរក្សាគន្លាតឲ្យកាន់តែឆ្ងាយពីតំបន់គ្រោះថ្នាក់។ បច្ចុប្បន្នក្រុមប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាបជាមូលដ្ឋានមួយនេះ ស្ថិតនៅលេខរៀងទី៩មាន១៤ពិន្ទុ។ កាលពីជើងទី១ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១៕
Tag:
បាល់ទាត់
Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com