ជាតិ
សុខភាព
ក្រសួងសុខាភិបាល នឹងដាក់​ឱ្យ​ដំណើរ​ការចុះ​បញ្ជិកា​ឱសថ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​
21, Jul 2018 , 7:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក លោក យ៉ង ដារាវុធ
រូបភាពពីហ្វេសប៊ុក លោក យ៉ង ដារាវុធ
ដោយ:
​ភ្នំពេញ​៖ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ក្រសួងសុខាភិបាល នឹងដាក់​ឱ្យ​ដំណើរ​ការចុះ​បញ្ជិកា​ឱសថ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​សម្រួល​ក្នុង​ការចុះ​ប​ញ្ជិ​ឱសថ​ឱ្យ​បាល​លឿន​ជាង​មុន ហើយក៏​ដើម្បី​និង​ទប់ស្កាត់​ឱសថ​ក្លែងក្លាយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP)​។



​ការចុះ​បញ្ជិកា​ឱសថ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នឹង​ជួយ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ឱសថ​ចំណេញ​ពេលវេលា ក៏ដូចជា​ថវិកា ដោយ​ពុំ​ចាំបាច់​ធ្វើដំណើរ​មកកាន់​ក្រសួងសុខាភិបាល​ឡើយ គ្រាន់តែ​ចូលទៅក្នុង​គេហទំព័រ​របស់​ក្រសួង និង​បំពេញ​ទៅតាម​បែបបទ​ដែល​ក្រសួង​បានកំណត់​។ នេះ​ជា​ការលើក​របស់លោក យ៉ង ដា​រា​វុ​ធ អនុប្រធាននាយកដ្ឋាន​ឱសថ​និង​ចំណីអាហារ នៃ​ក្រសួងសុខាភិបាល ដែល​AKP ស្រង់​សម្ដី​។​

AKP បាន​ស្រង់​សម្ដី​របស់ លោក យ៉ង ដា​រា​វុ​ធ ទៀតថា ការចុះ​បញ្ជិកា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក មិន​ត្រឹមតែ​ជួយ​ឱ្យ​ដំណើរ​ការចុះ​បញ្ជិកា​បាន​លឿន​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​កាត់បន្ថយ អំពើពុករលួយ​បាន​ផងដែរ​។ លោក យ៉ង ដា​រា​វុ​ធ ឱ្យដឹងថា គម្រោង​ចុះ​បញ្ជិកា​ឱសថ​តាម​ប្រព័ន្ធ​អេឡេចត្រូនិក​នេះ ក្រសួង​កំពុង​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​។ អនុប្រធាននាយកដ្ឋាន​ឱសថ​និង​ចំណីអាហារ​បាន បន្ថែមថា បច្ចុប្បន្ន ការចុះបញ្ជី​កា​ឱសថ ត្រូវការ​ពេលវេលា​ប្រមាណ​៦​ខែ តាមរយៈ​ច្រកចេញចូល​តែមួយ​។​

​គូសបញ្ជាក់ថា ការលើកឡើង​របស់ លោក យ៉ង ដារ៉ាវុធ ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន មុន​ឈានទៅ​រៀបចំ​ពិព័រណ៍​ឱសថ​កម្ពុជា​ឆ្នាំ​២០១៨ និង​សន្និសីទ​អន្តរជាតិ​លើក​ទី​៤ ស្តីពី​ឧស្សាហកម្ម​ឱសថ​វេជ្ជសាស្ត្រ​មន្ទីរពិសោធន៍ និង​សុខភាព​ធ្មេញ នៅ​កម្ពុជា នៅ​ដើមខែ​កញ្ញា​ខាងមុខនេះ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា​៕


Tag:
 ឱសថ​
  បញ្ជិកា​
 ប្រព័ន្ធ​អេឡិចត្រូនិក​
 ​យ៉ង ដា​រា​វុ​ធ
© រក្សាសិទ្ធិដោយ thmeythmey.com