ជាតិ
សង្គមជាតិ
លោក ម៉ុង ឫទ្ធី បដិសេធនឹងអង្គការអន្តរជាតិ ដែលចោទលោកថា ជួញដូរកញ្ឆា និងរកស៊ីឈើ រូបភាពពីហ្វេសប៊ុករបស់លោក ម៉ុង ឫទ្ធី
× ឧកញ៉ា ម៉ុង ឫទ្ធី បានព្យាយាមបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន បន្ទាប់ពីលោក និងឧកញ៉ាបីនាក់ផ្សេងទៀត បានរងការចោទប្រកាន់ពីអង្គការលំដាប់ពិភពលោកមួយឈ្មោះ Global Witness ថាធ្វើជំនួញមិនសុចរិត។ ឧកញ៉ាបីរូបទៀត គឺលោក លី យ៉ុងផាត់ លោក ទ្រី ភាព និងលោក ឡៅ ម៉េងឃីន។
លោក ម៉ុង ឫទ្ធី ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ការចោទប្រកាន់នេះ គឺសិទ្ធិរបស់ Global Witness ដែលមិនអាចហាមឃាត់បាន។ លោក អះអាងថា ការចោទប្រកាន់របស់ Global Witness គឺជារឿងនយោបាយ ស្របពេលការបោះឆ្នោតជិតឈានមកដល់។
លោក ម៉ុង ឫទ្ធី ដែលប្រជាពលរដ្ឋខ្មែរខ្លះ ហៅថាឧកញ៉ាចិត្តធម៌ បានរងការចោទប្រកាន់ជាច្រើនផ្នែកពី Global Witness ដូចជា បូមខ្សាច់ កាប់ឈើ និងរត់ពន្ធកញ្ឆា។
លោក មិនប្រកែកឡើយ ចំពោះការចោទថាលោក បានបូមខ្សាច់។ លោក បកស្រាយថា លោក ជាម្ចាស់ផែស្ងួត ដូច្នេះត្រូវតែបូមខ្សាច់ចេញ ដើម្បីស្តារប្រឡាយ ឲ្យកប៉ាល់ចូល តែមិនមែនបូមយកទៅលក់នោះទេ។ លោក លើកឡើងបែបសំណួរថា៖«ខ្ញុំធ្វើផែ បើមិនស្តាប្រឡាយ តើឲ្យកប៉ាល់ចូល ម៉េចទៅ?»។
ចំពោះការចោទថា លោក រកស៊ីកាប់ឈឺ គឺលោក មិនអាចទទួលយកបានជាដាច់ខាត។ ម្ចាស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប ឆ្លើយតបយ៉ាងដូច្នេះថា៖«កាប់ឈើ គឺខ្ញុំអត់មានទេ។ តែបើដាំដើមឈើ គឺមាន»។
ចំណែក រឿងរត់ពន្ធកញ្ឆា គឺលោក រឹតតែបដិសេធ។ លោកឧកញ៉ា ដែលជាសមាជិកព្រឹទ្ធសភាដែរនោះ បាននិយាយការពារខ្លួនបែបនេះថា៖«បើខ្ញុំ ជួញដូរកញ្ឆាមែន ចុះហេតុអីកន្លងមក អាមេរិកចេញលុយឲ្យខ្ញុំទៅអាមេរិក? ឲ្យតែឈ្មួញទុច្ចរិត ឬក៏ហៅថាឧក្រិដ្ឋជនជួញដូរគ្រឿងញៀន និងព្រៃឈឺអីហ្នឹង គឺអាមេរិក មិនដែលឲ្យចូលទេ។ ចុះខ្ញុំ ម៉េចអាមេរិកឲ្យចូល?»។
ក្រៅពីរឿងរកស៊ីមិនត្រឹមត្រូវ Global Witness ក៏បានចោទពួកគេទាំបួនថា ដើរតួនាទីយ៉ាងសកម្មក្នុងការសម្លាប់លទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
អង្គការនេះ ថែមទាំងអះអាងថា អ្នកជំនួញល្បីឈ្មោះទាំងបួន តែងរួចផុតសំណាញ់ច្បាប់ (និទណ្ឌភាព) ដោយសារតែពួកគេ គឺជាខ្នងបង្អែកដ៏សំខាន់របស់សម្តេច ហ៊ុន សែន ក្នុងការគាំទ្រផ្នែកនយោបាយ និងការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដល់យោធា។ អង្គការពិភពលោកមួយនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«អ្នកជំនួញទាំងនោះ ទទួលបានផលចំណេញយ៉ាងសម្បើម ពីការកាន់អំណាចរបស់លោក ហ៊ុន សែន»។
Global Witness បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទីទី២០ ខែកក្កដា ឆ្នាំ២០១៨ ជុំវិញការចោទប្រកាន់លោក ម៉ុង ឫទ្ធី និងឧកញ៉ាទាំងបីរូបទៀត។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អង្គការនេះ បានស្នើឲ្យសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើអ្នកទាំងបួន។
បច្ចុប្បន្ន តំណាងរាស្ត្រសហរដ្ឋអាមរិកមួយចំនួន កំពុងធ្វើច្បាប់ថ្មីមួយទៀត ដើម្បីដាក់ទណ្ឌកម្មបន្ថែមមលើរដ្ឋាភិបាលកម្ពុជា។ កន្លងមក ប្រទេសមហាអំណាចមួយនេះ បានធ្វើសកម្មភាពជាក់ស្តែងរួចហើយក្នុងការដាក់ទណ្ឌកម្មលើកម្ពុជា ដោយបានផ្តាច់ជំនួយលើការបោះឆ្នោត និងរឹតបន្តឹងការផ្តល់ទិដ្ឋាការដល់មន្ត្រីកម្ពុជា។
កាលពីខែមិថុនា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ លោក ហ៊ីង ប៊ុនហៀង មេអង្គរក្សរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានសហរដ្ឋអាមេរិក បង្កកទ្រពសម្បត្តិ ដោយចោទថាលោក ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ បន្ទាប់មក អង្គការឃ្លាំមើលសិទ្ធិមនស្ស (HRW) ក៏បានដាក់មេប្រដាប់អាវុធជាន់ខ្ពស់១៤រូប ចូលទៅក្នុងរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា៕
Tag:
ម៉ុង ឫទ្ធី
Global Witness
© រក្សាសិទ្ធិដោយ thmeythmey.com