ពីនេះ ពីនោះ
«​ត្លុក​»,«​ភ្លុក​» និង​«​ថ្លុក​» មានន័យ​ផ្សេងគ្នា​យ៉ាងដូចម្តេច​?
22, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ត្លុក​» សំដៅលើ​អ្នកកំប្លែង អ្នក​ដែល​បង្កើត​បរិយាកាស​ឲ្យ​គេ​សប្បាយរីករាយ​។ រីឯ «​ភ្លុក​» ជា​ឆ្អឹង​ដុះ​ចេញពី​មាត់​សត្វ​។ ចំណែក «​ថ្លុក​» សំដៅ​លើដី​ដែល​ដក់​ទឹកភ្លៀង​។ នេះ​បើតាម​ការបកស្រាយ​រប​ស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​។​



​តាម​ការបកស្រាយ​បន្ថែម​របស់​សម្តេច​ព្រះសង្ឃ ពាក្យ​ថា «​ត្លុក​» ជា​នាមសព្ទ មានន័យថា អ្នកកំប្លែង អ្នក​សម្តែង​ដែល​ធ្វើ​ឲ្យ​គេ​សើច​។ រូប​ត្លុក រូប​ដែលមាន​លក្ខណៈ​កំប្លុកកំប្លែង​។

​ចំពោះ​ពាក្យ «​ភ្លុក​» មានន័យថា  អវយវៈ​ជា​ឆ្អឹង​ដុះ​ចេញពី​ក្នុង​មាត់ ដំរី​ឈ្មោល​មាន​សណ្ឋាន​មូល​ធំ​ចុង​ស្រួច​។ កាលណា​លូត​វែង​មាន​ទ្រង់ទ្រាយ​ង​ទន្ទាំ​។ តាម​ធម្មតា តែងតែ​ដុះ​មក​មួយគូ ជួនកាល​ដ៏​ដុះ​ជា​ទោល​តែមួយ​ក៏មាន ដែល​គេ​ហៅថា ភ្លុកទក​។ ដំរី​ឈ្មោល ដែល​ដុះ​ភ្លុក​ពី​កំណើត គេ​មិន​ហៅថា ឈ្មោល​ទេ តែ​គេ​ហៅថា «​ភ្លុក​»​។

​ចំណែក «​ថ្លុក​» មានន័យថា ទី​ដី​ក្រហូង ដែល​ដក់​ទឹកភ្លៀង ក្នុង​រដូវវស្សា តែ​តូច​ជាង​ត្រពាំង​។ ភាគច្រើន «​ថ្លុក​»​នេះ​ច្រើន​កើតមានឡើង នៅពេលដែល​ក្របី​ដេក និង​ដោយសារ​ទឹក​ហូរ​ច្រោះ ឬ​មាន​មនុស្ស​កាប់​ដី​ឲ្យ​ទៅជា​ក្រហូង​។ ឧទាហរណ៍​៖ ថ្លុកជង្ហុក ទី​ដែលមាន​ក្រហេងក្រហូង​, ថ្លុកឈាម  ជាដើម​។


Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com