ជាតិ
អាជ្ញាធរ​នឹងដាក់​ដំណើរការ​ច្រកចេញចូល​តែមួយ​នៅ​រដ្ឋបាលខេត្ត​មួយទៀត​នៅ​ថ្ងៃទី​២៣ កក្កដា​
23, Jul 2018 , 7:59 am        
រូបភាព
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប នឹង​ដាក់ឱ្យ​ដំណើរការ​នូវ​អង្គភាព​ច្រកចេញចូល​តែមួយ ដែលមាន​ការិយាល័យ នៅក្នុង​រដ្ឋបាល​ខេត្តសៀមរាប​ផ្ទាល់​។ ការបើក​ច្រកចេញចូល​តែមួយ បន្ថែមទៀត គឺ​ដើម្បី​បំពេញតម្រូវការ​ជាក់ស្ដែង​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ​។​



​ច្រកចេញចូល​តែមួយ ដែលមាន​ការិយាល័យ​ក្នុង​រដ្ឋបាល​ខេត្តសៀមរាប គ្រោង​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​។ ការបើក​នេះ គឺ​ស្រប​ពេលដែល​ខេត្តសៀមរាប​កំពុងដំណើរការ​ច្រកចេញចូល​តែមួយ​ចំនួន​៣​ទីតាំង​រួចមកហើយ ដែល​មាននៅ​ក្រុង​សៀមរាប ស្រុក​ពួក និង​ស្រុក​ជីក្រែង​។​

​ដើម្បី​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​អាជ្ញាធរខេត្ត​សៀមរាប​នឹង​បើក​ឱ្យ​ដំណើរការ​អង្គភាព​ច្រក ចេញចូល​តែមួយ​របស់​សាលាខេត្ត​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ក្នុង​គោលបំណង​លើក កម្ពស់​គុណភាព ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​នៃ​ការផ្តល់សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​នៃ​ការប្រមូលផ្តុំ ការផ្តល់សេវា​រដ្ឋបាល​លើ​វិស័យ​នានា នៅ​កន្លែង​តែមួយ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល និង​ឆ្លើយតប​ទាន់ពេលវេលា​ទៅ នឹង​តម្រូវការ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ទីរជំនាញ​កាល​ពីថ្ងៃ​ទី​១៨ កក្កដា អភិបាលរង​ខេត្តសៀមរាប លោក លី សំរិទ្ធ បានឱ្យដឹងថា ការដាក់ចេញ​ឱ្យ​អនុវត្តន៍​នូវ​អនុក្រឹត្យ និង​លិខិតបទដ្ឋាន​ស្តីពី ការបង្កើត យន្តការ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ ប្រជាពលរដ្ឋ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត​ក្នុងការ​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​។ ជាមួយគ្នា​នោះ ការអនុវត្តន៍​នូវ​យន្តការ​នេះ​នឹង​រួមចំណែក​សម្រេចបាន នូវ​ចក្ខុវិស័យ នៃ​គោលនយោបាយ​ផ្តល់​សេវាសាធារណៈ​របស់ រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​គុណ​ភាព ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព នៃ​ការផ្តល់សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការប្រមូលផ្តុំ ការផ្តល់ សេវា​រដ្ឋបាល​លើ​វិស័យ​នានា​នៅ​កន្លែង​តែមួយ ដើម្បី​បង្កលក្ខណៈ ងាយស្រួល និង​ឆ្លើយតប​ទាន់ពេលវេលា​ទៅនឹង​តម្រូវការ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។​

​លោក​អភិបាលរង​បាន​បន្ត​ឱ្យដឹងទៀតថា បន្ទាប់ពី​ការអនុវត្ត​សាកល្បង ការិយាល័យ ច្រកចេញចូល​តែមួយ​ក្នុង​ឆ្នាំ​២០១៥ ក្រោម​ការសម្របសម្រួល​របស់ គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) និង​មានការ​ចូលរួម​ពី​ដៃគូ អភិវឌ្ឍន៍​នានា ក្រសួងមហាផ្ទៃ​បាន​សហការ​ជាមួយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា បង្កើតបានជា​បន្តបន្ទាប់ នូវ​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​ថ្នាក់រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គោលដៅ ដើម្បី​ប្រមូលផ្តុំ​ការផ្តល់សេវា​រដ្ឋបាល​នៅ​កន្លែង​តែមួយ តាមរយៈ​ការធ្វើប្រតិភូកម្ម​មុខងារ ក្នុង​ការផ្តល់សេវា​រដ្ឋ​បាល ចំនួន​ប្រមាណ​ជាង​២០០​ប្រភេទ ពី​ក្រសួង​ស្ថាប័ន​ចំនួន​១០៕


Tag:
 ​ច្រកចេញចូល​តែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com