កីឡាអន្តរជាតិ
អន្តរជាតិ
Everton ជិត​ទិញ​បាន Richarlison ពី Watford ក្នុងតម្លៃ​កំណត់ត្រា ៥៨​លាន​ដុល្លារ​
23, Jul 2018 , 4:48 pm        
រូបភាព
Richarlison ជិត​បញ្ចប់​ការផ្ទេរ​ដោយ​ជោគជ័យ​ពី Watford ទៅកាន់ Everton ហើយ​ក្នុងតម្លៃ​បំបែក​កំណត់ត្រា​ក្លិប ៤៤​លាន​ផោន (៥៨​លាន​ដុល្លារ​អាមេរិក​)​។​



​បើតាម​ការផ្សាយ​របស់ DailyMail ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ នឹង​ឈានដល់​ការធ្វើ​តេស្ត​ពិនិត្យ​សុខភាព​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​មានការ​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​រវាង​ក្លិប Watford និង Everton​។ លោក Marco Silva ដែលជា​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​រហស្សនាម​ស្ករ​គ្រាប់​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ទាក់​ទាញយក​អតីត​កូនក្រុម​ខ្លួន Richarlison មកកាន់​ទឹកដី Goodison Park នៅ​រដូវ​កាល​ថ្មី​នេះ​។​

​តម្លៃ​លើ​ការផ្ទេរ​របស់​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ជឿជាក់ថា​ទទួលបាន​ប្រាក់ចំណេញ​រហូតដល់ ៣២,៥​លាន​ផោន (៤២​លាន​ដុល្លារ​) បន្ទាប់ពី Watford បាន​ចំណាយ​ប្រាក់​ត្រឹម ១៥​លាន​ដុល្លារ​ប៉ុណ្ណោះ​ពី​ក្លិប​នៅ​ប្រេ​ស៊ី​ល Fluminense កាលពីដើម​រដូវ​កាល ២០១៧-២០១៨​។​


Richarlison និងMarco Silva កាលជាគ្រូនិងសិស្សនៅ Watford

​ប្រសិនបើ​ការផ្ទេរ​របស់ Richarlison បញ្ចប់ទៅ​ក្នុងតម្លៃ ៥៨​លាន​ដុល្លារ​មែន​នោះ មានន័យថា​រូបគេ​នឹង​បំបែក​កំណត់ត្រា​កីឡាករ​ថ្លៃ​ជាងគេ​នៅ Merseyside របស់ Gylfi Sigurdsson ដែល​ទិញ​ពី Swansea City ក្នុងតម្លៃ ៥២​លាន​ដុល្លារ​កាលពី​ដើមរដូវ​កាល​មុន​។​

​ក្រៅពី​ខ្សែបម្រើ​វ័យក្មេង​សញ្ញា​តិ​ប្រេ​ស៊ី​ល​រូបនេះ Everton ក៏​សង្ឃឹមថានឹង​យកបាន​ខ្សែការពារ​របស់ Barcelona ពីររូប​ទៀត រួមមាន​ខ្សែការពារ​ស្លាប​ឆ្វេង​របស់​បារាំង Lucas Digne និង​ខ្សែការពារ​លេចធ្លោ​នៅ World Cup របស់​កូ​ឡុំ​ប៊ី Yerry Mina នៅ​សប្តាហ៍​នេះ​ផងដែរ​៕



Tag:
 បាល់ទាត់​
  Richarlison
  Everton
  Watford
© រក្សាសិទ្ធិដោយ thmeythmey.com