ជាតិ
ស្រុក​តា​វែង ខេត្តរតនគិរី ប្រឈម​លិចលង់​កាន់តែខ្លាំង​
23, Jul 2018 , 10:11 pm        
រូបភាព
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
ដោយ:
អាជ្ញាធរ​ស្រុក​តា​វែង ខេត្តរតនគិរី នា​ថ្ងៃទី​២៣ ខែកក្កដា បាន​ជម្លៀស​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ មកកាន់​ទីទួល​សុវត្ថិភាព ដោយសារ​មូលដ្ឋាន​នេះ កំពុង​លិចលង់​ដោយសារ​ទឹកជំនន់​។ បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ទឹក​ទន្លេសេសាន បាន​បន្ត​កើនឡើង​លើស​កម្រិត​ប្រកាសអាសន្ន​។ ក្រៅ​ស្រុក​តា​វែង ទឹកបាន​បន្ត​ជន់​លិច​ចូល​តំបន់​ទំនាប​មួយចំនួន​នៅ​ស្រុក​អណ្តូង មាស វើ​ន​សៃ និង​អូរ​យ៉ា​ដាវ ផងដែរ​។​



​ប្រសិនបើ​ខេត្តរតនគិរី ឬ​ខេត្ត​របស់​វៀតណាម បន្ត​ធ្លាក់ភ្លៀង បណ្តា​ឃុំ​នៅ​ស្រុក​តា​វែង នឹង​កាន់តែ​លិចលង់​។ នេះ​បើតាម​ការអះអាង​លោក ចាន់ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តរតនគិរី​។​

​ប្រធាន​មន្ទីរ​ធនធានទឹក​រូប​នេះ បាន​បន្ថែមថា បច្ចុប្បន្ន​ភូមិ​មួយចំនួន​នៅ​តា​វែង មានទឹក​លិច​ពី​កន្លះ​ម៉ែត្រ ទៅ​១​ម៉ែត្រ​កន្លះ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​។ បច្ចុប្បន្ន​តាម​ការវាស់ស្ទង់​ពី​កម្រិត​ទឹក​មានការ​កើនឡើង​ក្នុង​កម្រិត​ទាប ដែល​អាច​ងាយ​ស្រក​ទៅវិញ​ឆាប់រហ័ស ប្រសិនបើ​ភ្លៀង​មិន​បន្ត​ធ្លាក់​ទេនោះ​។​

​ជំនន់​ទឹកភ្លៀង​ដែល​បង្ក​ឲ្យ​កម្ពស់​ទឹក​នៅតាម​ដង​ទន្លេសេសាន មានការ​កើនឡើង និង​បណ្ដាល​ឲ្យ​ស្រុក​ចំនួន​៤​កំពុង លិចលង់​ជា​អន្លើៗ​នោះ គឺ​កើតឡើង​ដោយសារតែ​ជំនន់​ទឹកភ្លៀង​ហូរ​ធ្លាក់​ពី​ប្រទេស​វៀតណាម ដែលមាន​ព្រំប្រទល់​ជាប់​ខេត្តរតនគិរី​នេះ​តែម្ដង​៕


Tag:
 អាកាសធាតុ​
 ​ស្ទឹងត្រែង​
 ​ទឹកជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com