ពីនេះ ពីនោះ
ខ្មែរ​ប្រើ «​វ៉ែនតា​» ដែល​មិនមែនជា​ពាក្យ​ខ្មែរ​
26, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ទោះបី​ពាក្យ​«​វ៉ែនតា​»​មាននៅ​ក្នុង​វចនានុក្រម​ខ្មែរ​ពិតមែន​ក្តី តែ​ក៏​មិនមែនជា​ពាក្យ​ខ្មែរ​ដែរ​។ ហើយ​ពលរដ្ឋ​ខ្មែរ​ស្ទើរតែ​ប្រើពាក្យ «​វ៉ែនតា​» នេះ​ជា​ពាក្យ​ខ្មែរ​ទៅហើយ​។ តាម​ការពិត​ពាក្យ​នេះ ជា​កម្ចី​ពី​សៀម​។ មែនទែនទៅ​ពាក្យ​«​វ៉ែនតា​» ខ្មែរ​ពី​បុរាណ ហៅថា «​កែវ​ស្នងភ្នែក​» ជា​កែវ​សម្រាប់​ពាក់​ជា​ជំនួយ​ភ្នែក ដែល​ស្រវាំង​ឲ្យ​ឃើញច្បាស់​។



​បើ​ហៅ​តាម បាលី ថា «​ចក្ខុបត្ថម្ភក​»(​ច័ក ខុ ប៉ាត់ ថ័​ម ភក់​) កែវជា​ជំនួយ​ភ្នែក​។ ខ្មែរ​យើង​ឥឡូវ មិនបាន​ប្រើពាក្យ​នេះ​ឲ្យ​ត្រឹមត្រូវ​ទៅតាម​ពាក្យ​ខ្មែរ​ពី​បុរាណ​ឡើយ ភាគច្រើន​គេ​ចូលចិត្ត​ប្រើ​ជា​ពាក្យ​កម្ចី​ពី​បរទេស​ជាង ពីព្រោះ​វា​ជា​សម័យកាល​ពេញនិយម​ភាសាបរទេស​។

​ភាគតិច​ណាស់ ដែល​ពួកគេ​ប្រើ​ជា​ភាសា​ខ្មែរ​ពី​បុរាណ ខណៈដែល​ភាសាបរទេស​កំពុង​រីក​ខ្ចរខ្ចាយ​ទូទាំងប្រទេស​។ ឧទាហរណ៍​៖ «​ហេង​» ជា​ពាក្យ​កម្ចី​ពី​ចិន ចំណែក​ពាក្យ​ខ្មែរ «​លាភ​», «​ស៊យ​» ជា​ពាក្យ​កម្ចី​ពី​ចិន ចំណែក​ពាក្យ​ខ្មែរ «​ឧបទ្រព​»,«​ក​ម្ម៉​ង់​»​ជា​កម្ចី​ពី​បារាំង​,«​អ​ឌ័​រ​»​ជា​ពាក្យ​អង់គ្លេស ពាក្យ​ខ្មែរ «​បញ្ជា​», «​ផ្លាក​» ជា​ពាក្យ​កម្ចី​ពី​បារាំង ពាក្យ​ខ្មែរ «​ស្លាក​», «​ព្រី​យ៉ុង​»​ជា​ពាក្យ​កម្ចី​ពី​បរទេស ពាក្យ​ខ្មែរ «​សំណៅ​ឯកសារ​»​។​ល​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com