កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករម្នាក់របស់ Parma ជាប់បម្រាម២ឆ្នាំពាក់ព័ន្ធការកំណត់លទ្ធផល
× ខ្សែប្រយុទ្ធ Emmauele Calaio របស់ Parma ត្រូវហាមឃាត់ចូលរួមក្នុងសកម្មភាពកីឡារយៈពេលពីរឆ្នាំ ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធករណីកំណត់លទ្ធផល។
បើតាមការផ្សាយរបស់ BBC ជុំវិញករណីនេះ ក្លិប Parma ក៏ត្រូវបានកាត់ចំនួន ៥ ពិន្ទុផងដែរសម្រាប់ការប្រជែងពានរង្វាន់អ៊ីតាលី Serie A រដូវកាល ២០១៨-១៩ ដែលនឹងឈានចូលក្នុងពេលឆាប់ៗខាងមុខនេះ។
ចំណែកខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី វ័យ៣៦ឆ្នាំ ដែលជាប់បម្រាមរយៈពេល២ឆ្នាំ នឹងត្រូវពិន័យជាប្រាក់ ១៧៨០០ផោន (២៣០០០ដុល្លារអាមេរិក) បន្ថែមទៀត។
តុលាការសហព័ន្ធជាតិអ៊ីតាលី (TFN) បានដាក់ទណ្ឌកម្ម Calaio បែបនេះបន្ទាប់ពីរកឃើញថារូបគេបានផ្ញើរសារដែលគួរឲ្យសង្ស័យទៅកាន់អតីតមិត្តរួមក្រុមរបស់ខ្លួនមុនការប្រកួតរវាងក្រុម Spezia ទល់នឹង Parma នៅថ្ងៃទី១៨ ខែឧសភា កន្លងទៅក្នុងក្របខណ្ឌ Serie B។ កាលណោះ Parma បានយកឈ្នះ ២-០ ដើម្បីបានកៅអីឡើងមកលេងពានលំដាប់កំពូលរបស់អ៊ីលីវិញសម្រាប់រដូវកាលថ្មីខាងមុខនេះ។
Calaio ដែលចាកចេញពី Spezia ទៅចូលរួមជាមួយ Parma នៅឆ្នាំ២០១៦ បានទាក់ទងកីឡា Filippo de Col និង Claudio Terzi របស់ Spezia តាមរយៈបណ្តាញទំនាក់ទំនងសង្គម WhatsApp នៅមុនពេលការប្រកួត។ សារនោះត្រូវបានគេរកឃើញថាមានជាប់ពាក់ព័ន្ធការកំណត់លទ្ធផលទុកជាមុន។
ព្រះរាជអាជ្ញាបានចាប់ផ្តើមស៊ើបអង្កេតករណីនេះកាលពីខែមិថុនា ឆ្នាំ២០១៨ ប៉ុន្តែ Parma បានបដិសេធលើការពិនិត្យសារនោះថា«មិនមានភាពប្រក្រតីអ្វីនោះឡើយ» ហើយ TFN ក៏មិនគួរកាត់ពិន្ទុខ្លួនចំនួន៥ពិន្ទុដែរ។
យ៉ាងណាក៏ដោយ អតីតកីឡាករ Torino, Genoa, Catania និង Napoli រូបេនះ នៅតែត្រូវចោទប្រកាន់ពីបទកំណត់លទ្ធផលប្រកួតកាលពីខែកក្កដា នៅពេលសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីបានបញ្ជូនករណីនេះទៅឲ្យ TFN សម្រេច ហើយសារនៅលើ WhatsApp ត្រូវចាត់ទុកថាមានឥទ្ធិពលលើការកំណត់ការប្រកួត៕
Tag:
បាល់ទាត់
Parma
Emmauele Calaio
Serie A
© រក្សាសិទ្ធិដោយ thmeythmey.com