ជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែង ប្រាប់ឲ្យពលរដ្ឋរស់នៅតាមដងទន្លេសេកុង, សេសាន, ស្រែពក និងទន្លេមេគង្គ ត្រៀមបង្ការទឹកជំនន់ពីឡាវ ពលរដ្ឋរងគ្រោះនៅប្រទេសឡាវឈរលើដំបូងផ្ទះរង់ចាំការសង្គ្រោះ(រូបភាព៖ Metro)
× ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេកុង ទន្លេសេសាន ស្រែពក និងទន្លេមេគង្គប្រុងប្រយ័ត្ន និងត្រៀមបង្ការគ្រោះទឹកជំនន់ ដែលបណ្ដាលមកពីការបាក់ទំនប់វារីអគ្គិសនី នៅក្នុងប្រទេសឡាវ។
រដ្ឋបាលខេត្តស្ទឹងត្រែង គូសបញ្ជាក់ថា ទឹកប្រមាណ៥.០០០លានម៉ែត្រគូបពីទំនប់វារីអគ្គិសនី សេពានសេណាមណយ ក្នុងប្រទេសឡាវ នឹងហូរក្នុងល្បឿនលឿនបំផុត ចូលទន្លេសេកុង ក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ហើយបន្តហូរចុះទៅផ្នែកខាងក្រោមចូលទៅទន្លេសេសាន ស្រែពក និងទន្លេមេគង្គ។ អាជ្ញាធរខេត្តដដែល អំពាវនាវឲ្យរដ្ឋក្នុងខេត្តស្តឹងត្រែង ពិសេសពលរដ្ឋដេលរស់នៅក្បែរទន្លេ និងតាមដងទន្លេសេកុង រួមទាំងស្រុកសៀមប៉ាង ស្រុកសេសាន ក្រុងស្ទឹងត្រែង ស្រុកថាឡាបរីវ៉ាត់ និងស្រុកសៀមបូក សូមប្រុងប្រយ័ត្ន និងត្រៀមបង្ការខ្ពស់ ពីករណីទឹកជំនន់នេះ។ នេះបើតាមការជូនដំណឹងដដែល។
សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់លម្អិតពីលោកអភិបាលខេត្តស្ទឹងត្រែងបានទេ ទាក់ទងនឹងស្ថានភាពនៅក្នុងខេត្តនៅពេលនេះ។ លោកបញ្ជាក់បានត្រឹមថា កំពុងជាប់រវល់ដោះស្រាយបញ្ហាគ្រោះមហន្តរាយ។
ទំនប់វារីអគ្គិសនី សេពានសេណាមណយ ដែលស្ថិតនៅខេត្តអត្តពី ភាគខាងត្បូងប្រទេសឡាវ បានបាក់កាលពីយប់ថ្ងៃទី ២៣ កក្កដា។ មនុស្សរាប់រយនាក់ ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន និងមួយចំនួនបានស្លាប់ ខណៈផ្ទះសម្បែងជាច្រើនខ្នងបានលិច៕
Tag:
ទឹកជំនន់
បាក់ទំនប់
ស្ទឹងត្រែង
សេកុង
សេសាន
មេគង្គ
ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com