កីឡាអន្តរជាតិ
អន្តរជាតិ
Barca ប្រជែង​ឈ្នះ Roma ដើម្បី​យក Malcom ពី Bordeaux ក្នុងតម្លៃ ៤៨​លាន​ដុល្លារ​
25, Jul 2018 , 11:13 am        
រូបភាព
Barcelona បានបញ្ចប់​ការផ្ទេរ​ដោយ​ជោគជ័យ​ដើម្បី​ចុះហត្ថលេខា​នាំយក Malcom ពី Bordeaux ក្នុងតម្លៃ ៣៦,៥ លាន​ផោន (៤៨​លាន​ដុល្លារ​អាមេរិក​) នៅក្រោយ​មួយថ្ងៃ​បន្ទាប់ពី Roma បាន​និយាយថា​ពួកគេ​កំពុងស្ថិត​ក្នុងការ​ចរចា​យក​ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល​នេះ​ផងដែរ​។​



​គេហទំព័រ​ផ្លូវការ​របស់ Barcelona ចុះផ្សាយ​ថា Malcom Filipe Silva de Oliveira វ័យ​២ ១​ឆ្នាំ​បាន​យល់ព្រម​ផ្លាស់​ពី​ទឹកដី​បារាំង​ទៅ​ចូលរួម​ជាមួយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ដោយ​ចុះកិច្ចសន្យា​រយៈពេល ៥​ឆ្នាំ​។​

​ជុំវិញ​ការផ្ទេរ Malcom ក្លិប Roma ក៏បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា​ដែរ​ថា​ពួកគេ​បាន​ខិតជិត​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ Bordeaux ទៅហើយ ដោយ​យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន និង​ត្រៀម​ដល់​ការធ្វើ​ត​ស្ត៍​ពិនិត្យ​សុខភាព​ទៀតផង​។​

​តែ​យ៉ាងណា អតីត​សមាជិក Corinthians បាន​ទៅដល់​ទឹកដី Cam Nou ដើម្បី​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ពុធ ទី​២៥​នេះ និង​ត្រៀម​ចូលរួម​ជាមួយ​ក្រុម​ក្នុងការ​ប្រកួត​កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី​។​

Malcom ដែល​មិន​ធ្លាប់​លេង​ឲ្យ​ជម្រើសជាតិ​ប្រេ​ស៊ី​ល​នៅឡើយ បា​នរក​គ្រាប់​បាល់​បាន​២០​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៨៤​ប្រកួត​សម្រាប់ Bordeaux ក្នុង​ក្របខណ្ឌ Ligue 1 ក្រោយ​ផ្លាស់​ពី Corinthians ក្នុង​ឆ្នាំ​២០១៦​។​

Malcom ជា​កីឡាករ​ប្រេ​ស៊ី​ល​ទី​២ បន្ទាប់ពី​ខ្សែបម្រើ Arthur វ័យ​២១​ឆ្នាំ​ដែល​បាន​ផ្លាស់​ពី Gremio មកកាន់​ម្ចាស់​ការពារ​ជើងឯក La Liga នៅ​រដូវ​កាល​នេះ ក្នុងតម្លៃ ៣៥,៥ លាន​ផោន (៤៦​លាន​ដុល្លារ​អាមេរិក​)​។ ខ្សែបម្រើ​រូបនេះ​ក៏​ជា​កីឡាករ​ប្រេ​ស៊ី​ទី​៤០​ផងដែរ ដែល​បានមក​ចូលរួម​ជាមួយ​ក្លិប​រហស្សនាម​អ្នកមាន​បុណ្យ​នេះ​៕


Tag:
 បាល់ទាត់​
  Malcom
  Bordeaux
  Barcelona
  Roma
© រក្សាសិទ្ធិដោយ thmeythmey.com