ពីនេះ ពីនោះ
ត្រី​ត្រសក់ ចូលចិត្ត​រស់នៅ​តាម​អន្លង់​ក្នុង​ទន្លេមេគង្គ និង​សេកុង ក្នុង​ខេត្តស្ទឹងត្រែង​
25, Jul 2018 , 7:19 pm        
រូបភាព
 ត្រី​ត្រសក់​។  រូបភាព​៖ អ៊ឹម សេដ្ឋា​
ត្រី​ត្រសក់​។ រូបភាព​៖ អ៊ឹម សេដ្ឋា​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប មាន​រស់នៅក្នុង​អាង​ទន្លេ​គ​ង្គ បឹង​ធំៗ ដែលមាន​ស្រទាប់​ខ្សាច់ ឬ​គ្រួស ទឹក​ហូរ​ខ្លាំង ជា​កន្លែង​ដែល​ពួកវា​អាច​រក​ចំណី​បាន ដូចជា​ពពួក ខ្ច​ង ខ្ចៅ គ្រុំ លៀ​ល ជាដើម​រស់នៅ ព្រមទាំង​មាន​រុក្ខជាតិ​ដែល​ដុះ​ក្នុង​ទឹក​ផងដែរ ។ នៅក្នុង​ប្រទេស​កម្ពុជា ត្រី​ប្រភេទ​នេះ ឃើញ​មាន​រស់នៅក្នុង​ខេត្តស្ទឹងត្រែង​។



​ត្រី​ត្រសក់ (Probarbus jullieni) មានឈ្មោះ​ជា​ភាសា​អង់គ្លេស Isok barb មាន​ស្រកា​ធំៗ ព្រមទាំង​ឆ្នូត​ខ្មៅ​៦ តាម​បណ្តោយ​ដងខ្លួន​ចាប់ពី​ស្រកី​ដល់​កន្ទុយ​។ ត្រី​ប្រភេទ​នេះ អាចមាន​ប្រវែង​ដងខ្លួន​អតិបរមា​ដល់​ទៅ​១៥០​ស​.​ម និង​មាន​ទម្ងន់ ៧០​គីឡូក្រាម​។ នៅក្នុង​ទន្លេមេគង្គ ត្រី​ត្រសក់ ធើ្វ​ចរាចរ​ផ្លាស់​ទី​ចេញពី​ខេត្តកំពង់ចាម ចាប់ពី​ខែតុលា ដល់ ខែកុម្ភៈ ឆ្លងកាត់​ល្បាក់ខោន ឆ្ពោះទៅ​គោលដៅ​នៃ​ខេត្ត​ឆៀង​ខុង ផ្នែក​ខាងលើ​ទន្លេមេគង្គ ក្នុងប្រទេស​ថៃ​។ មាន​ព័ត៌មាន​ខ្លះ​ពី​អ្នកនេសាទ បាន​ឲ្យ​ដឹងថា ត្រី​ត្រសក់​បានធ្វើ​ចរាចរ​ផ្លាស់​ទី​បន្តទៅទៀត ឆ្ពោះទៅ​ដៃទន្លេ «​ណា​ម​តា​» ក្នុងប្រទេស​ឡាវ ដើម្បី​ពង​-​កូន ក្នុង​ខែ​មិនា​-​មេសា​។

​ត្រី​ត្រសក់ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Endangered) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​រងគ្រោះ​ខ្លាំង ដែល​នឹង​ឈានទៅ​ផុត​ពូជ​។ បច្ចុប្បន្ន ត្រី​ត្រសក់​កំពុង​ប្រឈម​នឹង​ការនេសាទ​ហួស​កម្រិត ការបំផ្លិចបំផ្លាញ​ទីជម្រក និង​ការកសាង​ទំនប់​វារិ​អគ្គិសនី​ធំៗ ព្រមទាំង​ជា​ត្រី​គោលដៅ​នេសាទ​ដើម្បី​យក​ពង​របស់​អ្នកនេសាទ​ផងដែរ ក្នុង​រដូវ​ត្រី​ពង​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី សុទ្ធតែជា​បញ្ហា​ប្រឈម​ដល់​កំណើត​ពួកវា​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​។


© រក្សាសិទ្ធិដោយ thmeythmey.com