កីឡាអន្តរជាតិ
អន្តរជាតិ
គ្រាប់​បាល់​វ៉ូ​ឡេ​ពី​ចំងាយ​របស់ Pavard ឈ្នះ​គ្រាប់​បាល់​ល្អ​បំផុត​នៅ World Cup
26, Jul 2018 , 10:53 am        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA បាន​បោះឆ្នោត​ឲ្យ Benjamin Pavard ខ្សែការពារ​ស្លាប​ស្តាំ​ក្រុម​ជម្រើសជាតិ​បារាំង ក្លាយជា​អ្នក​ស៊ុត​បាល់​ល្អ​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍ FIFA World Cup 2018 នៅ​រុស្ស៊ី​។​



​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​ចំងាយ​ដ៏​អ​ស្ថា​រ្យរ​បស់ Pavard ដែល​ជួយ​ឲ្យ​បារាំង​តាម​ស្មើ​អា​ហ្ស​ង់​ទីន​មុន​ការ​វាយបក​យកឈ្នះ ៣-៤ ក្នុងការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នោះ បានសម្រេច​ថា​ជា​គ្រាប់​បាល់​ល្អ​បំផុត (World Cup 2018 best goal) ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ដែល​បាន​បញ្ចប់ទៅ​កាលពី​ថ្ងៃទី​១៥ ខែ​ក្កដា​នេះ ក្រោយ​ទទួលបាន​សន្លឹកឆ្នោត​ពី​អ្នកគាំទ្រ​ច្រើនជាង​៣​លាន​សំឡេង​លើ​គេហទំព័រ​របស់ FIFA​។​

​ខ្សែការពារ​វ័យ​២២​ឆ្នាំ ដែល​បច្ចុប្បន្ន​ប្រកប​អាជីព​ក្នុង​ក្លិប VfB Stuttgart នៅ​អាល្លឺម៉ង់ បានបង្ហាញ​បច្ចេកទេស​លេង​បាន​យ៉ាង​ល្អ ដែល​ជាប់​ក្នុង​ជម្រើស​១១​នាក់​របស់​គ្រូបង្វឹក​លោក Didier Deschamps នៅ​គ្រប់​ការប្រកួត និង​នាំ​ឲ្យ​ក្រុម​រហ្សនាម​មាន់គក​លើក​ពាន​លំដាប់​ពិភពលោក​នេះ​ជា​លើក​ទី​២​ផងដែរ​។​

​ដោយឡែក គ្រាប់​បាល់​ល្អ​បំផុត​ទី​២ បាន​ទៅ Juan Quintero ខ្សែបម្រើ​របស់​ជម្រើសជាតិ​កូ​ឡុំ​ប៊ី ដែលជា​គ្រាប់​ស៊ុត​បាល់​ពិន័យ (free-kick) ទល់នឹង​ជប៉ុន​។ រីឯ​ប្រធាន​ក្រុម​ក្រូ​អាស៊ី Luka Modric ទទួលបាន​លេខ​៣ លើ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​អា​ហ្ស​ង់​ទីន​៕

 





 

Tag:
 បាល់ទាត់​
  Benjamin Pavard
  FIFA World Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com